គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ប្រកាសអំពីការដង្ហែពានរង្វាន់បាល់ទាត់ពិភពលោក “FIFA World Cup Trophy Tour” នឹងមកកាន់ប្រទេសកម្ពុជា នាថ្ងៃទី១៥ ខែមិថុនាខាងមុខ
- May 27, 2022
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានប្រកាសអំពីការដង្ហែពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup Trophy Tour មកកាន់ប្រទេសកម្ពុជាជាផ្លូវការហើយ ក្រោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានៅព្រឹកថ្ងៃទី២៧ ខែឧសភានេះបានបញ្ជាក់ថា ពានរង្វាន់បាល់ទាត់ពិភពលោក “FIFA World Cup Trophy Tour” នឹងមកដល់រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជាតាមជើងហោះហើរឯកជនពិសេស “Private jet” នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ។
តាមរយៈនេះ ក្នុងនាមប្រជាពលរដ្ឋកម្ពុជាទាំងអស់ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានចាត់ទុកនេះ គឺជាមោទនភាពជាតិដ៏វិសេសវិសាល ដែលកម្ពុជាបានទទួលព្រឹត្តិការណ៍នៃដំណើរគោចរពានរង្វាន់បាល់ទាត់ពិភពលោកលើកទី១ មកដល់កម្ពុជា ដើម្បីអបអរសាទរការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ពិភពលោកនាខែធ្នូ ឆ្នាំ២០២២ ខាងមុខនៅទីក្រុងដូហា ប្រទេសកាតា។
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានបញ្ជាក់ថា កម្មវិធីសំខាន់ៗអំឡុងពេលពានរង្វាន់បាល់ទាត់ពិភពលោកមកដល់ព្រះរាជាណាចក្រកម្ពុជារួមមាន៖
១- ក្បួនដង្ហែពានរង្វាន់ពីព្រលានយន្ដហោះអន្ដរជាតិភ្នំពេញមកកាន់វិមានសន្ដិភាព
២- ពិធីទទួលស្វាគមន៍ និងលើកពានរង្វាន់ពិភពលោកនេះ នឹងធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព។
៣- ពិធីស្វាគមន៍ភ្ញៀវចូលទស្សនា និងថតរូបជាមួយពានរង្វាន់បាល់ទាត់ពិភពលោក នៅពហុកីឡានដ្ឋានជាតិមរតកតេជោចាប់ពីម៉ោង ១រសៀលរហូតដល់ម៉ោង ១០យប់អមជាមួយតន្ដ្រីសម័យកំដរទៀតផង។
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានអំពាវនាវឲ្យប្រជាពលរដ្ឋក៏ដូចជាយុវជន-យុវនារី និងអ្នកស្នេហាវិស័យកីឡាបាល់ទាត់ ចូលរួមព្រឹត្តិការណ៍នេះឲ្យបានច្រើនកុះករដើម្បីអបអរសាទរ និងបង្ហាញនូវមោទនភាពជាតិចំពោះព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រថ្មីមួយទៀត សម្រាប់ប្រទេសកម្ពុជានេះ៕
- Share This Post: