ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មកដឹងពីអត្ថន័យ និងតម្លៃ អាវជម្រើសជាតិថ្មី២០២២ ដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជាទើបដាក់បង្ហាញ

    BY Khmernote Media May 31, 2022
    មកដឹងពីអត្ថន័យ និងតម្លៃ អាវជម្រើសជាតិថ្មី២០២២ ដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជាទើបដាក់បង្ហាញ

    កាលពីពេលថ្មីៗនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានដាក់បង្ហាញអាវម៉ូដែលថ្មី សម្រាប់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ក្នុង​ឆ្នាំ​២០២២ ដោយការច្នៃប្រឌិត​ផ្អែក​លើ​គោល​គំនិត ​Concept Design អត្ថន័យនិងរូបភាព​នៃទង់ជាតិខ្មែរ។ ជាពិសេសក្រាហ្វិក អាវក្នុងទឹកដី ត្រូវបានរចនាដោយ​ដកស្រង់អត្ថន័យរបស់ពាក្យ “ប្រាសាទសីលាកំបាំងកណ្តាលព្រៃ”​ នៃបទនគររាជក្នុងការបង្កប់រូបភាពតូចៗនៃប្រាសាទអង្គរវត្ត (ទាំង៣ពណ៌ក្នុងសាច់ក្រណាត់:ពណ៌ខៀវ​ ទឹកប៊ិចខៀវ និងខៀវផ្ទៃមេឃ) ក្នុងលំនាំនៃការរចនាប៉ារ៉ាឌីជីថល Digital Camouflage ក្នុងអត្ថន័យថា ប្រាសាទសីលាដែលជាប្រាសាទអង្គរវត្តយើងនេះកំពុងកំបាំងកណ្តាលព្រៃនៅលើក្រាហ្វិកអាវក្នុងទឹកដីយើងថ្មីនេះហើយ​ចំណែកផ្នែកនីមួយៗនៃអាវទាំងមូល​គឺដកស្រង់អត្ថន័យពីឃ្លាទីពីរនៃភ្លេងជាតិរបស់យើងនេះឯង។

    សម្រាប់ អាវប្រកួតក្រៅទឹកដី ត្រូវបានរចនាដោយ​ដកស្រង់ផ្នែកមួយនៃបន្ទាត់ក្រាហ្វិក Vector Lines របស់ប្រាសាទអង្គរវត្តពីទង់ជាតិខ្មែរយើងមករចនាជាលំនាំក្រាហ្វិកនៅលើអាវដែល​មានការប្រើប្រាស់ពណ៌ក្រហមព្រាលៗនៅ​ក​ណ្តា​លនិងពណ៌ខៀវព្រាលៗនៅសងខាងដើម្បីតំណាងឱ្យប្លង់ពណ៌នៃទង់ជាតិរបស់យើង។ការ​យក​ផ្នែក​មួយ​នៃ​បន្ទាត់​ក្រាហ្វិក Vector Lines របស់ប្រាសាទអង្គរវត្តពីទង់ជាតិមកលាតសន្ធឹងឱ្យធំមាន​ន័យ​ថា​យើងចង់បង្ហាញអត្តសញ្ញាណក៏ដូចជាវប្បធម៌ និងអរិយធម៌ខ្មែរឱ្យទូលំទូលាយដើម្បីផ្សព្វផ្សាយឱ្យបរទេសបានស្គាល់នៅពេលយើងនៅឆ្ងាយក្រៅ​ពីទឹកដីរបស់យើង។ឯកសណ្ឋានក្រុមជម្រើសជាតិមិនមែនគ្រាន់តែជាអាវសម្រាប់ពាក់នោះទេ ប៉ុន្តែវាគឺជាឱកាសមួយដើម្បីបង្ហាញអត្តសញ្ញាណរបស់យើងនៅលើឆាកអន្តរជាតិដែល​ក្រុម​ជម្រើស​ជាតិ​យើង​ចូល​រួម​ប្រកួត។ដូច្នេះ វាមានប្រយោជន៍ដែលយើងរចនាអាវរបស់យើងក្នុងវិធីផ្សព្វផ្សាយតម្លៃវប្បធម៌របស់យើងទៅកាន់ពិភពលោកតាមសកម្មភាពរបស់ក្រុមជម្រើសជាតិយើង។

    រីឯ អាវអ្នកចាំទីក្នុងទឹកដី ត្រូវបានរចនាដោយ​ដកស្រង់ផ្នែកមួយនៃបន្ទាត់ក្រាហ្វិក Vector Lines របស់ប្រាសាទអង្គរវត្តពីទង់ជាតិខ្មែរយើងមករចនាជាលំនាំក្រាហ្វិកឱ្យអាវអ្នកចាំទីឃើញដូចជាអាវក្រោះដើម្បីការពារទីរបស់យើងព្រោះអ្នកចាំទីគឺជាខ្សែការពារចុងក្រោយរបស់យើង។ពណ៌ក្រហមពីទង់ជាតិ​របស់យើងតំណាងឱ្យភាពក្លាហានដែលអ្នកចាំទីរបស់យើងត្រូវតែមានដើម្បីលះបង់ខ្លួនក្នុងការពារទីរបស់យើងពីគូប្រកួត។

    ចំណែកឯ អាវអ្នកចាំទីក្រៅទឹកដី ត្រូវបានរចនាដោយ​ដកស្រង់ផ្នែកមួយនៃបន្ទាត់ក្រាហ្វិក Vector Lines របស់ប្រាសាទអង្គរវត្តពីទង់ជាតិខ្មែរយើងមករចនាជាលំនាំក្រាហ្វិកឱ្យអាវអ្នកចាំទីឃើញដូចជាអាវក្រោះដើម្បីការពារទីរបស់យើងព្រោះអ្នកចាំទីគឺជាខ្សែការពារចុងក្រោយរបស់យើង។ពណ៌ខ្មៅនៃសាច់អាវគឺដកស្រង់ចេញពីពណ៌ខ្មៅនៃក្រាហ្វិក Vector Lines អង្គរវត្តនៅលើទង់ជាតិ​របស់យើងនិងពណ៌ខៀវដែលជាក្រាហ្វិកនៅលើអាវគឺជាពណ៌ខៀវពីទង់ជាតិរបស់យើងដែលតំណាងឱ្យសាមគ្គីភាពដែលក្រុមរបស់យើងត្រូវការដើម្បីលេងជាក្រុមតែមួយទាំងអ្នកចាំទីខ្សែការពារខ្សែបម្រើនិងខ្សែប្រយុទ្ធសហការគ្នាជាធ្លុងតែមួយក្នុងការការពារទីរបស់យើង

    ចំពោះតម្លៃ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបែកចែកជា២គឺ៖

    + FAN Grade: មានតម្លៃ ៨០,០០០រៀល

    + PLAYER Grade: មានតម្លៃ ១៥០,០០០រៀល

    អាវប្រកួតប្រភេទ PLAYER Grade នឹងមានលក់ចាប់ពីខែ៦ តទៅ ចំណែកឯអាវប្រកួត FAN Grade នឹងមានលក់ចាប់ពីខែ៩ តទៅ៕

    Share This Post: