ក្រសួងសុខាភិបាល ហាមឃាត់ការចែកចាយ លក់ឱសថ ៤មុខនេះជាបន្ទាន់ ដែលគ្មានការទទួលស្គាល់ពីក្រសួង
រាជធានីភ្នំពេញើ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ បានសេចក្ដីជូនព័ត៌មាន ស្ដីពីការហាមឃាត់ការចែកចាយ និងលក់ឱសថឈ្មោះ Clorpheniramin 4mg, DEXAMETHASON, Prednison, Asmacort គ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល។

ក្រសួងសុខាភិបាល សូមជម្រាបជូនដល់សាធារណជនទាំងអស់ឲ្យបានជ្រាប៖ ក្រសួងសុខាភិបាលពិនិត្យឃើញមាន ការចែកចាយ និងលក់ឱសថចំនួន ៤មុខគ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាលដែលមានឈ្មោះ ១.Clorpheniramin 4mg Bottle 500 Tabs ២.DEXAMETHASON Bottle 500 Tabs, ៣.Prednison Bottle 500 Tabs, ៤.Asmacort Bottle 100 Tabs គិតត្រឹមថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២។
ដូច្នេះ សូមប្រជាពលរដ្ឋមុននឹងទិញឱសថគ្រប់ប្រភេទ សូមពិនិត្យមើលតាបត្របញ្ជិកាដែលមានបិទលើសំបកវេចខ្ចប់ ហើយលតាបត្រដែលត្រឹមត្រូវ គឺមានពីរ ១.ផ្នែកខាងលើមានឈ្មោះ គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ ២.ផ្នែកខាងក្រោមមានលេខបញ្ជិកា ដូចមានគំរូភ្ជាប់ជាមួយ។
ក្រសួងសុខាភិបាល សូមជូនព័ត៌មាន ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឈប់ទិញ និងប្រើប្រាស់ឱសថ Clorpheniramin 4mg, DEXAMETHASON, Prednison, Asmacort ដែលគ្មានលេខបញ្ជិកាខាងលើ ជាបន្តទៀត ព្រោះឱសថទាំងនេះ មិនអាចធានាបាននូវប្រសិទ្ធ គុណភាពនិងសុវត្ថិភាពបានឡើយ ហើយអាចជាឱសថក្លែងក្លាយបណ្ដាលឲ្យប៉ះពាល់សុខាភាព ឬមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នកប្រើប្រាស់ទៀតផង។
ក្រសួងសុខាភិបាលតម្រូវឲ្យបុគ្គលដែលចែកចាយ និងលក់ឱសថគ្មានលេខបញ្ជិកាខាងលើ រួមទាំងជនពាក់ព័ន្ធដទៃទៀត ត្រូវបញ្ឈប់ការនាំចូល ចែកចាយ និងលក់ឱសថខាងលើនេះជាបន្ទាន់។ ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះជនណាចែកចាយ និងលក់ឱសថគ្មានលេខបញ្ជិកា និងជនពាក់ព័ន្ធដទៃទៀតទៅតាមច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីការគ្រប់គ្រងឱសថជាធរមាន ៕

