«រសជាតិអ្នកមាន វគ្គ៣» ខ្សែភាពយន្តភាគខ្មែរថ្មីភីអិនអិន នឹងមកដល់ពាក់កណ្តាលឆ្នាំ២០២២នេះ ប្រជុំដោយតារាល្បីៗ និងអត្ថន័យជីវិតដ៏ជ្រាលជ្រៅ
- BY
- Liny Chan
- June 3, 2022
ស្វាគមន៍ការមកដល់នៃខ្សែភាពយន្តភាគខ្មែររបស់ស្ថានីយទូរទស្សន៍ភីអិនអិន ដែលនឹងត្រៀមខ្លួនចូលមកបម្រើអារម្មណ៍ទស្សនិកជន តាមរយៈសាច់រឿងថ្មី ឈុតឆាកបង្ហាញពីជីវិតរបស់តួអង្គនីមួយៗ។ ទស្សនិកជន អ្នកគាំទ្រ ខ្សែភាពយន្តភាគខ្មែរ ក៏នឹងទន្ទឹងរង់ចាំមើលថា តើសម្រាប់សាច់រឿងថ្មីនេះ នឹងពោរពេញទៅដោយអត្ថន័យ និងការសម្តែងបែបណាខ្លះ?

«រសជាតិអ្នកមាន វគ្គ៣» ដែលឬ វគ្គ ហេឡូអ្នកម៉ាក់ គឺជាចំណងដៃថ្មីមួយទៀត ក្រោមការសហការផលិតពីស្ថានីយទូរទស្សន៍ភីអិនអិន និងផលិតកម្ម MCNV Picture ។ ជាសាច់រឿង ដែលត្រូវបានផលិតឡើងក្រោមស្នាដៃចងក្រងនិពន្ធដោយអ្នកស្រីពាន់ ភួងបុប្ផា ដែលខ្សែភាពយន្តភាគខ្មែរនេះដែរ ក៏បានរៀបចំការសម្ពោធជាផ្លូវការនៅស្ថានីយទូរទស្សន៍ភីអិនអិន កាលពីថ្ងៃទី ០២ ខែ មិថុនា ឆ្នាំ ២០២២ ក្រោមការចូលរួមពីក្រុមការងារផលិតករ អ្នកដឹកនាំផលិត តារាសម្តែង បណ្តាញពត៌មានល្បីៗ និងហ្វេនៗជាច្រើនរូប។

ទស្សនិកជនភីអិនអិន ក៏បានធ្លាប់បានទស្សនារឿង «រសជាតិអ្នកមាន» កាលពីវគ្គមុនៗ ម្តងរួចទៅហើយ ដោយឡែក សម្រាប់សាច់រឿងនៅក្នុងវគ្គ ទី៣នេះ គឺមានលក្ខណៈខុសគ្នា ទាំងតួសម្តែង និងអត្ថន័យនៃសាច់រឿងទាំងមូល។ នៅវគ្គ «ហេឡូអ្នកម៉ាក់» នេះដែរ ក៏មានការបង្ហាញពីទុក្ខលំបាក និងការអប់រំប្រដៅកូនៗ របស់ស្ត្រីមេម៉ាយ ទាំងក្នុងកម្រិតជីវិតខ្ពង់ខ្ពស់ និងកម្រិតទាប។ មួយវិញទៀត អ្នកទស្សនានឹងបានជ្រាបពីអត្ថន័យនៃការតស៊ូជីវិតរបស់មនុស្សស្រី និងបញ្ហាជីវិតជាច្រើនដែលបានឆ្លងកាត់។ សាច់រឿងនេះដែរ ត្រូវបានបែងចែកជារឿងរ៉ាវ ៤ គ្រួសារ ដែលបង្ហាញពីការរស់នៅក្នុងជិវិតអភិជន មធម្យម និងក្រីក្រ។ បញ្ហាជាច្រើន នឹងត្រូវលាតត្រដាង តាមរយៈតួអង្គនីមួយៗនៅក្នុង៤គ្រួសារខាងលើនេះ ហើយបានអូសបន្លាយក្លាយជាចំណងបញ្ហាជាបន្តបន្ទាប់ រហូតរកឃើញនូវដំណោះស្រាយមួយនៃចុងបញ្ចប់សាច់រឿង។

ជាមួយនឹងការមកដល់នៃវត្តមានរបស់ខ្សែភាពយន្តភាពខ្មែរ រឿង «រសជាតិអ្នកមាន វគ្គ៣»នេះដែរ ក៏មានការចូលរួមពីសំណាក់តារាៗវ័យក្មេង ពន្លកក្រោយជាច្រើនដួង លាយឡំនឹងតារារៀមច្បង ដែលបានប្រមូលផ្តុំនៃការសម្តែងក្លាយជាសាច់រឿងតែមួយយ៉ាងល្អមើលជក់ចិត្ត។ ក្នុងនោះ វត្តមានកញ្ញា ឌុច លីដា, កញ្ញា អឹុង និមល និងលោក ប៉ែន ចំរុង ដែលជាតួអង្គធំ និងជាតួអង្គ ដែលផ្តល់នូវចំណោទបញ្ហាជាច្រើនដល់តួអង្គផ្សេងៗទៀត ។ ក្នុងនោះ ក៏មានតារាសម្តែងពន្លកក្រោយ ដែលកំពុងតែមានទេពកោសល្យ សម្តែង មិនចាញ់សិល្បៈករជំនាន់មុនប៉ុន្មាន។ ពួកគាត់ រួមមានដូចជា៖ លោក ចន ( សម្តែងជាតួអង្គ ផៃ រ៉ាត់) , កញ្ញា មុន្នី ម៉ូនីតា ( សម្តែងជាតួអង្គ វីស្សនី) , លោក ឈួយ នរៈ វិទូ, តាន់ វិបុលភក្តី, វ៉ាន់ ថាយនីវ៉ាត់, គីម ផាន់ណាវីត, ផល ពៅវីរ័ត្ន, សួង សោភា, ឆៃ រ៉ាវុទ្ធ, ខាត់ ស្រីច័ន្ទ, ជូលី, ជី ជីងលីន, សពេជ្ញ ម៉ានីកា, អឿន រ៉ូហ្សា, ទូច ណារ៉ាឌី, ម៉ានុ, បេឡា ដានី, សូ សុីតា, ឃុន ធូរ៉ាក់ផុង, ដួង ច័ន្ទសុភក្ត្រា , មាស ដាលីន, ជីមី, ប្រុសហួរ, ពេជ្រ ឆដា, លីលី, ស្រេង វ៉ាន់, សួយ សួយ, លឹម តិចម៉ុង, អឿ សីហា, ដានី អារីយ៉ា, ម៉ា នីកា, ហេង កូសុីន និងវត្តមានតារាសម្តែងជាច្រើននាក់ទៀតផ្សេងទៀត។

សម្រាប់ការបកស្រាយថាតើ សាច់រឿងនៃជីវិតគ្រួសារទាំងបួន នឹងជួបបញ្ហាបែបណា? ហើយសាច់រឿងនឹង បង្ហាញពីតម្លៃនៃការតស៊ូរបស់ស្ត្រីនៅក្នុងសង្គមក្នុងរូបភាពឈុតឆាកណាខ្លះ? សូមរង់ចាំទស្សនាការផ្សាយជូននៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន នៅក្នុងរឿង «រសជាតិអ្នកមាន វគ្គ ហេឡូអ្នកម៉ាក់» ចាប់ពីថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ ២០២២ ។ ម៉ោងផ្សាយពីថ្ងៃចន្ទ ដល់ ថ្ងៃព្រហស្បតិ៍ វេលាម៉ោង ០៨ ដល់ ០៩ យប់៕












- Share This Post:






