ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ កំពុងមានដំណើរការទៅមុខល្អប្រសើរ បើទោះជួបបញ្ហាប្រឈមមួយចំនួនក្តី

    BY Khmernote Media June 8, 2022
    គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ កំពុងមានដំណើរការទៅមុខល្អប្រសើរ បើទោះជួបបញ្ហាប្រឈមមួយចំនួនក្តី

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ កំពុងមានដំណើរការទៅ មុខល្អប្រសើរ បើទោះជួបបញ្ហាប្រឈមមួយចំនួនក្តី ដើម្បីធ្វើយ៉ាងណាឱ្យអាកាស យានដ្ឋានមួយនេះរួចរាល់ទៅតាមផែនការដែលបានគ្រោងទុក ដែលជំរុញការលើកកម្ពស់វិស័យដឹកជញ្ជូនផ្លូវអាកាសឱ្យកាន់តែល្អប្រសើរ។

    ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការនិងជាអ្នក នាំពាក្យអាកាសចរស៊ីវិល បានមានប្រសាសន៍ថា ការអភិវឌ្ឍអាកាសយានដ្ឋានសៀមរាបថ្មីនេះកំពុងតែមាន ដំណើរការទៅមុខប្រសើរ ដែលមកដល់បច្ចុប្បន្ននេះក្រុមហ៊ុនសម្រេចបានការងារជិត៣០ភាគរយហើយ ខណៈដែលគម្រោងនេះ ត្រូវបានរំពឹងថា នឹងបញ្ចប់ទាំងស្រុងក្នុងខែមីនា ឆ្នាំ២០២៣ ហើយដាក់ឱ្យប្រើប្រាស់នៅក្នុងខែតុលា ឬខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខ បន្ទាប់ពីប្រើរយៈ ពេល៦ខែសម្រាប់ការស្នើសុំវិញ្ញាបនបត្រសុវត្ថិភាព និងការសាកល្បងប្រព័ន្ធអាកាសយានដ្ឋានទាំងមូល។

    ឯកឧត្តមបានបន្តថា ចំពោះបញ្ហាប្រឈមគឺមានផលប៉ះពាល់តិចតួច ដោយសារតែវិបត្តិនៃជំងឺរាតត្បាតកូវីដ១៩ គឺទំនិញមួយចំនួនត្រូវបានឡើងថ្លៃ តម្លៃការដឹកជញ្ជូនមានការកើនឡើង អ្នកជំនាញឬវិស្វករសំណង់ជំនាញផ្សេងៗពាក់ព័ន្ធជាមួយនៅអាកាសយានដ្ឋាននេះ មានការលំបាកក្នុងការធ្វើដំណើរជាដើម ប៉ុន្តែទោះជាមានបញ្ហាប្រឈមក្តី ក៏ក្រុមហ៊ុនខិតខំស្វែងរកដំណោះស្រាយ ដើម្បីឱ្យការសាងសង់ដំណើរការទៅដោយរលូន។

    សំឡេង៖ « ទោះជាយ៉ាងណាក៏ដោយ ក៏ក្រុមហ៊ុននៅតែជម្នះលើបញ្ហាប្រឈមនេះ ដោយធ្វើការរៀបចំនូវបច្ចុប្បន្ន កម្មវិធីការងាររបស់ខ្លួនឡើងវិញ ហើយក៏បានឃើញថា ក្រុមហ៊ុនបានបង្កើនល្បឿននូវបញ្ហាខ្វះខាតចន្លោះប្រហោងនោះ ធ្វើម៉េចឱ្យគម្រោងការនោះចប់ទៅ តាមកម្មវិធីការងារដែលបានគ្រោងទុក » ។

    ឯកឧត្តមបានបន្ថែមថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីនេះ នឹងដើរតួយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចនិងទេសចរណ៍របស់កម្ពុជា នៅពេលដាក់ដំណើរ ការនៅចុងឆ្នាំ២០២៣ ខាងមុខ។

    សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលជានិមិត្តរូបនៃចំណងមិត្តភាពកម្ពុជានិងចិន ស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលមានចម្ងាយប្រមាណជាង ៥០ គីឡូម៉ែត្រពីក្រុងសៀមរាប និងប្រហែល៤០គីឡូម៉ែត្រពីប្រាសាទអង្គវត្ត ដែលសាងសង់ដោយក្រុមហ៊ុនអង្គរ អ៊ិនធើណេសិនណល អ៊ែរផត អ៊ិនវេសម៉ិន (ខេមបូឌា) ឯ.ក (AIAI) ដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងអំឡុងខែមីនា ឆ្នាំ២០២៣ គឺមានរយៈពេលសាងសង់សរុប ៣៦ខែ បើគិតចាប់ពីថ្ងៃបើកការដ្ឋានកាលពីពាក់កណ្តាលខែមីនា ឆ្នាំ២០២០ ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: