កម្ពុជានឹងប្រមូលផលផ្លែមៀននាំចេញទៅប្រទេសចិនដោយផ្ទាល់នៅចន្លោះពីខែកញ្ញា ដល់ ខែតុលាខាងមុខនេះ
រាជធានីភ្នំពេញ៖ យោងតាមការចុះរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា ផ្លែមៀនប៉ៃលិន ឬ តាង៉ែនរបស់កម្ពុជា នឹងចាប់ផ្តើមនាំចូលទៅប្រទេសចិន ដោយផ្ទាល់ នៅរដូវប្រមូលផលខាងមុខនេះ ពោលគឺនៅចន្លោះពីខែកញ្ញា ឬ ខែតុលា ឆ្នាំ២០២២ នេះបើតាមមន្ត្រីជំនាញ នៃក្រសួងកសិកម្ម។

លោក កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំអនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានប្រាប់អ្នកសារព័ត៌មាន នាព្រឹកថ្ងៃទី០៩ មិថុនាឆ្នាំ២០២២នេះ ថា បច្ចុប្បន្ននេះ មានកសិដ្ឋានដាំផ្លែមៀនប្រមាណជាង៦០កសិដ្ឋានហើយ ដែលបានចុះបញ្ជីនៅក្រសួងកសិកម្ម សម្រាប់ត្រៀមនាំចេញទៅប្រទេសចិន ដោយអនុលោមតាមបទដ្ឋានបច្ចេកទេសដែលបាន ឯកភាពគ្នា ជាមួយអគ្គរដ្ឋបាលគយចិន កាលពីខែមីនា ២០២២នោះ។
លោកបញ្ជាក់ថា ផ្លែមៀនរបស់កម្ពុជានឹងចាប់ផ្តើមនាំចូលទៅប្រទេសចិនដោយផ្ទាល់ នៅរដូវប្រមូលផល ខាងមុខនេះ ពោលគឺនៅចន្លោះពីខែកញ្ញា ឬ ខែតុលា ២០២២។
លោកបញ្ជាក់ថា នេះគឺជាសញ្ញាល្អ សម្រាប់កសិដ្ឋានដាំ និងកែច្នៃផ្លែមៀន ដោះស្រាយបញ្ហាទីផ្សារកាន់តែទូលាយ ជាមួយនឹងស្ថិរភាព និង មានតម្លៃកាន់តែល្អប្រសើរ។ យ៉ាងណាក៏ដោយ ក្រសួងកសិកម្មតែងតែផ្តល់ប្រឹក្សាយោបល់ សេវាបច្ចេកទេសជាប្រចាំ ជូនដល់កសិដ្ឋាន ជាពិសេសការគ្រប់គ្រងសមាសភាពចង្រៃឲ្យបានជាប់លាប់ មានសុវត្ថិភាព ពេលនាំចេញទៅប្រទេសចិន ពោលគឺគ្រប់កសិដ្ឋានចូលរួមការនាំចេញ ត្រូវការអនុវត្តន៍ តាមអនុលោមភាព តាមគោលការណ៍គន្លឹះ មុននឹងក្រសួងកសិកម្មចេញវិញ្ញាបនប័ត្រជូន។
លោក កែ មុន្ធីវុធ បញ្ជាក់ថា មិនសំដៅលើតែមៀនប៉ៃលិនទេ គឺមានមៀននៅក្នុងខេត្តផ្សេងៗទៀតដែរ ដូចជា បាត់ដំបង ពោធិ៍សាត់ បន្ទាយមានជ័យ ជាដើម។ បើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្មបច្ចុប្បន្ននេះ ខេត្តដែលមានកសិករដាំដុះដំណាំ ប្រភេទនេះច្រើនជាងគេ គឺមាននៅក្នុងខេត្តប៉ៃលិន បាត់ដំបង រតនគិរី និងបន្ទាយមានជ័យ ៕


ប្រភព៖ ក្រសួងព័ត៌មាន