ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញអំពាវនាវដល់ប្រជាពលរដ្ឋឱ្យសន្សំសំចៃនិងប្រើប្រាស់ទឹកឱ្យចំគោលដៅ

    BY Khmernote Media June 10, 2022
    រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញអំពាវនាវដល់ប្រជាពលរដ្ឋឱ្យសន្សំសំចៃនិងប្រើប្រាស់ទឹកឱ្យចំគោលដៅ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា រដ្ឋាករទឹកស្វយ័តក្រុង ភ្នំពេញអំពាវនាវដល់ប្រជាពលរដ្ឋប្រើប្រាស់ទឹកដោយសន្សំសំចៃនិងចំគោលដៅដើម្បីធានាការប្រើប្រាស់បានយូរអង្វែង និងមិនខ្វះខាតទឹកប្រើប្រាស់។

    ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពីបច្ចុប្បន្នភាពការផ្គត់ផ្គង់ទឹកស្អាតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ឯកឧត្តម ឡុង ណារ៉ូ អគ្គនាយកនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានឱ្យដឹងថា បច្ចុប្បន្នរដ្ឋាករទឹកមានរោង ចក្រផលិតទឹកស្អាតសរុបចំនួន៤ ផលិតទឹកស្អាតបានជាមធ្យម៦០ម៉ឺនម៉ែត្រគូបក្នុង១ថ្ងៃ ក៏ប៉ុន្តែជាក់ស្តែង ជាមួយនឹងការលូតលាស់នៃរាជធានីភ្នំពេញ និងកំណើនប្រជាជន ធ្វើឱ្យតម្រូវការទឹកស្អាត បានកើនឡើងខ្ពស់ដល់ ៧០ម៉ឺនម៉ែត្រគូបក្នុង១ថ្ងៃ ដែលធ្វើឱ្យមានការខ្វះខាតទឹកស្អាត សម្រាប់ចែកចាយ ជាពិសេសតំបន់ជាយក្រុងមានតម្រូវការទឹកច្រើន។

    ឯកឧត្តមបន្តថា ដើម្បីចែករំលែកដល់ប្រជាពលរដ្ឋផ្សេងទៀត បានប្រើប្រាស់ពិសេសតំបន់ជាយក្រុង រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ប្រើប្រាស់ទឹកដោយសន្សំសំចៃនិងចំគោលដៅមេត្តាកាត់បន្ថយការលាងរថយន្តនិងការស្រោចសួនជាដើម។

    «រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញគ្រាន់តែទទូចឱ្យអតិថិជនអ្នកប្រើប្រាស់ទឹកទាំងអស់គ្នានៅក្នុងរាជធានីភ្នំពេញអ្នកដែលមានសម្ពាធទឹកប្រើប្រាស់គ្រប់គ្រាន់ជាពិសេសអ្នកដែលនៅដើមបំពង់មិនមែនអ្នកចុងបំពង់គឺអ្នកដើមបំពង់គឺចន្លោះ៥គីឡូ ម៉ែត្រពីរោងចក្ររបស់ខ្ញុំសូមសន្សំសំចៃការប្រើប្រាស់ទឹកនេះជារឿងសំខាន់»។

    ឯកឧត្តម បញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងកំណើនតម្រូវការទឹកស្អាតនេះ រដ្ឋាករទឹកក្រុងភ្នំពេញកំពុងបន្តសាងសង់បន្ថែមនូវរោងចក្រផលិតទឹកស្អាតថ្មីមួយទៀតនៅបាក់ខែង ដែលនឹងអាចផលិតទឹកស្អាតបាន៣៩ម៉ឺនម៉ែត្រគូបក្នុង១ថ្ងៃ ក្នុងឆ្នាំ២០២៣៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: