ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ត្រីជំនាញក្រសួងសុខាភិបាលក្រើនរំលឹកជាថ្មី ឱ្យប្រជាពលរដ្ឋបង្កើនការរក្សាអនាម័យដើម្បីបង្ការជំងឺអុតស្វា

    BY Khmernote Media June 11, 2022
    មន្ត្រីជំនាញក្រសួងសុខាភិបាលក្រើនរំលឹកជាថ្មី ឱ្យប្រជាពលរដ្ឋបង្កើនការរក្សាអនាម័យដើម្បីបង្ការជំងឺអុតស្វា

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា មន្ត្រីជំនាញក្រសួងសុខាភិបាលក្រើនរំលឹកជាថ្មី ឱ្យប្រជាពលរដ្ឋបង្កើនការរក្សាអនាម័យ ដើម្បីបង្ការជំងឺអុតស្វា ចូលមកក្រុមគ្រួសារនិងក្នុងសហគមន៍ ដែលអាចកើតមានឡើងជាយថាហេតុ។

    លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យនៃក្រសួងសុខាភិបាល បានមានប្រសាសន៍ឱ្យដឹងថា រហូតមកដល់ពេលនេះ កម្ពុជាមិនទាន់មានករណីក្នុងការឆ្លងជំងឺអុតស្វានៅឡើយទេ ដូចនេះសូមប្រជាពលរដ្ឋនៅទូទាំងប្រទេសត្រូវតែបង្កើននូវការរក្សាអនាម័យ នៅក្នុងការរស់នៅ ដើម្បីបង្ការជំងឺអុតស្វានេះ។ លោកជំទាវបានបន្តថា ដើម្បីការពារកុំឱ្យមានការឆ្លងជំងឺនេះឡើង សូមប្រជាពលរដ្ឋទាំងអស់កុំប៉ះពាល់ជាមួយ ប្រភេទសត្វកកេរដូចជា សត្វកណ្ដុរនិងសត្វផ្សេងៗមួយ ចំនួនទៀត ជាពិសេសសត្វស្វាតែម្ដងហើយត្រូវរស់នៅប្រកបដោយអនាម័យខ្ពស់បំផុត ដោយត្រូវអនុវត្តអនាម័យខ្លួនប្រាណ និងរស់នៅស្អាត ដោយធ្វើអនាម័យដៃស្អាតជាមួយសាប៊ូ ឬជែលអាល់កុល និងអនុវត្តការការពារការចម្លងតាមផ្លូវដង្ហើម។

    ខ្ញុំសូមជម្រាបជូនថា ជំងឺអុតស្វានេះ វាឆ្លងទៅ តាមការប៉ះពាល់ផ្ទាល់ វាមិនដូចករណីជំងឺកូវីដ-១៩នោះទេ ដូច្នេះការការពារកុំឱ្យមានការចម្លងនូវជំងឺអុតស្វានេះ គឺសំខាន់ទីមួយយើងកុំទៅលេងជាមួយ នឹងពពួកសត្វព្រៃ សត្វពាហនៈ ឬក៏ពួកសត្វកកេរ ដូចជាសត្វកណ្តុរជាដើម គឺយើងជៀសវាង ហើយជាពិសេស គឺសត្វស្វាយើងកុំទៅប៉ះពាល់វា នេះនៅយើងត្រូវចងចាំ ទី២ការបរិភោគរបស់យើងនេះ គឺត្រូវពិសារម្ហូបអាហារណាដែលឆ្អិនល្អហើយអាហារនិង ក៏ត្រូវមានអនាម័យត្រឹមត្រូវលាងសម្អាត ហើយជាពិសេសការទុកដាក់ចានក្បាន ស្លាបព្រា ជ្រញ់ កែវទឹក ឱ្យមានអនាម័យស្អាត ហើយបន្លែដែលយើងយកមកបរិភោគនេះ រួមទាំងផ្លែឈើ ក៏ត្រូវតែលាងសម្អាតឱ្យបានស្អាត ដើម្បីជៀសវាងនូវការប៉ះពាល់ណាមួយ។ ជំងឺអុកស្វា ដែលមានការផ្ទុះឡើងជាបន្តបន្ទាប់ និងត្រូវបានបញ្ជាក់កាលពីពេលកន្លងទៅ មាននៅចក្រភពអង់គ្លេស ខណៈនៅពាក់កណ្តាលខែឧសភា អ្នកជំនាញតាមដាន បានសង្កេតឃើញថា មានការឆ្លងនៅក្នុងសហគមន៍ចក្រភពអង់គ្លេសដោយមិនដឹងប្រភពច្បាស់លាស់ នៃករណីខ្លះនៃជំងឺអុតស្វានេះ។

    ក្រសួងសុខាភិបាលបានបញ្ជាក់ថា ចំពោះ ប្រជាពលរដ្ឋដែលមានករណីសង្ស័យ មានរោគសញ្ញា ចេញកន្ទួលរមាស់បែបពងទឹកនៅលើដងខ្លួនបាតដៃ បាតជើង និងផ្ទៃមុខ អមដោយរោគសញ្ញាក្ដៅខ្លួនលើសពី ៣៨,៥ អង្សាសេ និងមានឈឺក្បាលហើមកូនកណ្ដុរ ឈឺសាច់ដុំនិងខ្លួនប្រាណ ឈឺចង្កេះ អស់កម្លាំងខ្លាំង រួមជាមួយនឹងប្រវត្តិធ្វើដំណើរទៅកន្លែងដែលមានកើតជំងឺអុតស្វា ត្រូវដាក់បុគ្គលនោះឱ្យនៅដាច់ដោយឡែក ដើម្បីធ្វើការពិនិត្យសុខភាពដោយក្រុមគ្រូពេទ្យជាចាំបាច់ភ្លាមៗ ឬអាចបញ្ជូនទៅកាន់មន្ទីរពេទ្យដែលនៅជិត៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: