រដ្ឋាករផ្គត់ផ្គង់ទឹកស្អាតខេត្តស្ទឹងត្រែង សុំឱ្យប្រជាពលរដ្ឋជាអតិថិជនចាស់ មកដាក់ពាក្យស្នើសុំតបណ្តាញ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា អង្គភាពរដ្ឋាករទឹកទីប្រជុំជនខេត្តស្ទឹងត្រែង បានអំពាវនាវឲ្យប្រជាពលរដ្ឋជាអតិថិជនប្រើប្រាស់ទឹកបណ្តាញចាស់ ប្រមាណជាង៤០០គ្រួសារទៀត សូមរួសរាន់មកដាក់ពាក្យស្មើសុំនៅអង្គភាពរដ្ឋាករទឹកដើម្បីក្រុមការងារតភ្ជាប់បណ្តាញទឹកថ្មីនេះប្រើប្រាស់បានឆាប់។

ក្នុងសកម្មភាពតបណ្តាញទឹកស្អាតជូនប្រជាពលរដ្ឋប្រើប្រាស់នៅខេត្តស្ទឹងត្រែង លោក ចាន់ ប៊ុនគង់ ប្រធានរដ្ឋាករទឹកស្អាតទីប្រជុំជនបានបញ្ជាក់ថា៖គិតមកដល់ថ្ងៃទី១៣មិថុនា មានបងប្អូនប្រជាពលរដ្ឋយើងមកបំពេញពាក្យស្នើសុំបាន៨៥%ហើយៗក្រុមការងារ បានចុះទៅតបណ្តាញថ្មីជូនរួចរាល់ហើយដែរ និងនៅសល់ប្រមាណតែជាង១០%រយទៀតនៅមានភាពយឺតយ៉ាវមិនបានមកដាក់ពាក្យស្នើសុំ។
លោកសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋដែលបានប្រើប្រាស់ទឹកបណ្ដាញចាស់ សូមអញ្ជើញរួសរាន់មកដាក់ពាក្យដើម្បីឱ្យក្រុមការងារតភ្ជាប់បណ្តាញទឹកថ្មីនេះ ព្រោះអង្គភាពរដ្ឋាករទឹកត្រូវបិទបណ្ដាញចាស់ហើយ(សំឡេង) យើងមានការដូរបណ្ដាញថ្មីទាំងស្រុង ហើយយើងពង្រីកទៅគ្រប់ទីកន្លែងនៅក្នុងខេត្ត ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋជួយក្នុងការការពារបណ្ដាញយើង ទាំងអស់គ្នាចៀសវាងការជីកប៉ះលេចធ្លាយដោយមិនបានផ្ដល់ព័ត៌មានមកអង្គភាពរដ្ឋាករទឹកធ្វើឱ្យខាតបង់ថវិការបស់យើងទាំងអស់គ្នា អ៊ីចឹងសូមប្រជាពលរដ្ឋចូលរួមទាំងអស់គ្នា។
លោកសានលី ប្រជាពលរដ្ឋនៅក្រុងស្ទឹងត្រែង បានបញ្ជាក់ថា៖នេះជាសមិទ្ធផលថ្មី ព្រោះប្រជាពលរដ្ឋនៅក្នុងខេត្តមានទឹកស្អាតប្រើប្រាស់ហើយ និងបានលើកកម្ពស់ផ្នែកសុខភាពរស់នៅផងដែរ។
លោកបន្ថែមថា៖ តាមការឱ្យដឹងពីក្រុមការងាររដ្ឋាករទឹកស្អាតទីប្រជុំជនបានបញ្ជាក់ថាមន្ត្រីជំនាញកំពុងរៀបចំពន្លឿនការតបណ្ដាញទឹកចូលផ្ទះប្រជាពលរដ្ឋជូនអតិថិជនចាស់ឱ្យរួចរាល់ ទើបឈានទៅតជូនអតិថិជនថ្មីឱ្យបានប្រើប្រាស់ដូចគ្នា ។
សូមបញ្ជាក់ថា៖ការតបណ្តាញចែកចាយទឹកស្អាត មន្ត្រីរដ្ឋាករទឹក តភ្ជាប់ជូនអតិថិជនចាស់ប្រើប្រាស់ បាន២.៨៩៩គ្រួសារហើយ ចំណែកអ្នកមិនបានមកដាក់ពាក្យស្មើសុំមន្ត្រីរដ្ឋាករទឹកមិនអាចតភ្ជាប់ឱ្យប្រើប្រាស់បានទេ ដូច្នេះសូមអញ្ជើញមកដាក់ពាក្យឱ្យបានរួសរាន់ ព្រោះបណ្តាញទឹកចាស់ត្រូវបិទបញ្ឈប់ប្រើប្រាស់ ដើម្បីឱ្យបងប្អូនងាកមកប្រើទឹកស្អាតសុខភាពថ្មីវិញ៕






ប្រភព៖ ក្រសួងព័ត៌មាន