ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ព្រឹកស្អែកពានបាល់ទាត់ពិភពលោក ដង្ហែមកដល់កម្ពុជាហើយ, សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទទួលពានដោយផ្ទាល់

    BY Khmernote Media June 14, 2022
    ព្រឹកស្អែកពានបាល់ទាត់ពិភពលោក ដង្ហែមកដល់កម្ពុជាហើយ, សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទទួលពានដោយផ្ទាល់

    រាជធានីភ្នំពេញ៖ នៅព្រឹកស្អែកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ ពានបាល់ទាត់ពិភពលោក (FIFA WORLD CUP) នឹងមកដល់ប្រទេសកម្ពុជាជាលើកដំបូងហើយ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញទទួលពានបាល់ទាត់ពិភពលោកនេះដោយផ្ទាល់នៅវិមានសន្តិភាព។

    គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឱ្យដឹងថា ពានបាល់ទាត់ពិភពលោកធ្វើពីមាសសុទ្ធទម្ងន់ជាង ៦គីឡូក្រាម នឹងដឹកតាមជើងហោះហើរឯកជនពិសេស (Private Jet)។ ការមកដល់ពានរង្វាន់បាល់ទាត់ពិភពលោក ដែលមានតម្លៃប្រមាណ ២០លានដុល្លារនេះ ធ្វើឡើងក្រោមកម្មវិធីដំណើរគោចរពានរង្វាន់បាល់ទាត់ពិភពលោក ដើម្បីអបអរសាទរការប្រកួតកីឡាបាល់ទាត់ដណ្ដើមពានរង្វាន់ពិភពលោក នាខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងដូហា ប្រទេសកាតា។

    គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបញ្ជាក់ថា ការមកដល់នៃពានរង្វាន់បាល់ទាត់ពិភពលោកនាថ្ងៃស្អែកនេះ គឺជាការបង្ហាញវត្តមានលើកដំបូងនៅលើទឹកដីកម្ពុជា ចាប់តាំងពីពាននេះត្រូវបានបង្កើតឡើង នៅឆ្នាំ១៩៧៤។

    បើតាមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឱ្យដឹងថា កម្ពុជានឹងរៀបចំនូវព្រឹត្តិការណ៍មួយចំនួនជាការស្វាគមន៍នៃការមកដល់ពានបាល់ទាត់ពិភពលោកនេះ។ ព្រឹត្តិការណ៍នោះរួមមាន៖ ក្បួនដង្ហែពានរង្វាន់ពីព្រលាន យន្តហោះអន្តរជាតិភ្នំពេញ មកកាន់វិមានសន្តិភាព, ពិធីទទួលស្វាគមន៍ និងលើកពានរង្វាន់ពិភពលោក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព។

    គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏នឹងរៀបចំពិធីស្វាគមន៍ភ្ញៀវចូលទស្សនា និងថតរូបជាមួយពានរង្វាន់បាល់ទាត់ពិភពលោក នៅពហុកីឡដ្ឋានជាតិមរតកតេជោ ចាប់ពីម៉ោងប្រហែល ១រសៀល រហូតដល់ម៉ោង ១០យប់ អមដោយតន្ត្រីសម័យកំដរផងដែរ។ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជន-យុវនារី អ្នកស្នេហាវិស័យកីឡាបាល់ទាត់ទាំងអស់ ចូលរួមអបអរសាទរឱ្យបានច្រើនកុះករ និងមោទនភាពជាតិ ដោយក្តីស្មោះសរចំពោះព្រឹត្តិការណ៍ ជាប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់កម្ពុជា ៕

    Share This Post: