ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កុំភ្លេចចូលរួម! បងប្អូនអាចចូលទស្សនា និងថតរូបជាមួយពានបាល់ទាត់ពិភពលោក នៅពហុកីឡដ្ឋានជាតិមរតកតេជោ ចាប់ពីម៉ោង៣រសៀលនេះតទៅ

    BY Khmernote Media June 15, 2022
    កុំភ្លេចចូលរួម! បងប្អូនអាចចូលទស្សនា និងថតរូបជាមួយពានបាល់ទាត់ពិភពលោក នៅពហុកីឡដ្ឋានជាតិមរតកតេជោ ចាប់ពីម៉ោង៣រសៀលនេះតទៅ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា ដំណើរទេសចរណ៍ពានបាល់ទាត់ពិភពលោក “FIFA WORLD CUP” ឆ្លងកាត់ព្រះរាជាណាចក្រកម្ពុជាថ្ងៃនេះហើយ ដូច្នេះបងប្អូនអាចចូលរួមទស្សនាពាននេះផ្ទាល់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ចាប់ពីម៉ោង ៣រសៀលតទៅ។

    គួរបញ្ជាក់ផងដែរថា នៅព្រឹកនេះ ពានបាល់ទាត់ពិភពលោក (FIFA WORLD CUP) នឹងមកដល់ប្រទេសកម្ពុជាជាលើកដំបូងហើយ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញទទួលពានបាល់ទាត់ពិភពលោកនេះដោយផ្ទាល់នៅវិមានសន្តិភាព។

    ពានបាល់ទាត់ពិភពលោកធ្វើពីមាសសុទ្ធទម្ងន់ជាង ៦គីឡូក្រាម នឹងដឹកតាមជើងហោះហើរឯកជនពិសេស (Private Jet)។ ការមកដល់ពានរង្វាន់បាល់ទាត់ពិភពលោក ដែលមានតម្លៃប្រមាណ ២០លានដុល្លារនេះ ធ្វើឡើងក្រោមកម្មវិធីដំណើរគោចរពានរង្វាន់បាល់ទាត់ពិភពលោក ដើម្បីអបអរសាទរការប្រកួតកីឡាបាល់ទាត់ដណ្ដើមពានរង្វាន់ពិភពលោក នាខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងដូហា ប្រទេសកាតា។

    គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏នឹងរៀបចំពិធីស្វាគមន៍ភ្ញៀវចូលទស្សនា និងថតរូបជាមួយពានរង្វាន់បាល់ទាត់ពិភពលោក នៅពហុកីឡដ្ឋានជាតិមរតកតេជោ ចាប់ពីម៉ោងប្រហែល ១រសៀល រហូតដល់ម៉ោង ១០យប់ អមដោយតន្ត្រីសម័យកំដរផងដែរ ៕

    ប្រភព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

    Share This Post: