ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនជាតិចិន ២នាក់ លួចលុយ ១៥ម៉ឺនដុល្លារ នៅខាងមុខផ្សារទំនើបមួយកន្លែង នៅខណ្ឌទួលគោក

    BY Khmernote Media June 15, 2022
    នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនជាតិចិន ២នាក់ លួចលុយ ១៥ម៉ឺនដុល្លារ នៅខាងមុខផ្សារទំនើបមួយកន្លែង នៅខណ្ឌទួលគោក

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ មានករណីលួចប្រាក់ចំនួន១៥០,០០០ដុល្លារ នៅត្រង់ចំណុចខាងមុខផ្សារទំនើបឈ្មោះ សឺជីហួរលាន សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ លើជនរងគ្រោះឈ្មោះ SHENG GUANGYONG ភេទប្រុស អាយុ៦៥ឆ្នាំ ជនជាតិចិន។

    យោងតាមកាមេរ៉ាសុវត្ថិភាព និងបើកការស៊ើបសង្កេតបឋម រហូតឈានដល់ការកំណត់មុខសញ្ញា ព្រមទាំងឃាត់ខ្លួនជនសង្ស័យនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១១:២៥នាទី បានចំនួន០២នាក់ឈ្មោះ WEI JING YUN ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិចិន និងឈ្មោះ QING YUI YUN ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិចិន នៅត្រង់ចំណុចផ្លូវ២៨៩កែងផ្លូវ៥១៦ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីយកមកធ្វើការសាកសួរ។ សម្ភារៈដកហូតរួមមាន៖

    -ម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1FR-5515
    -ទូរសព្ទចំនួន០២គ្រឿងម៉ាក OPPO ពណ៌ខៀវ និងម៉ាកVIVO ពណ៌ផ្កាឈូក
    -កូនកាំបិតស្នៀតចំនួន០២
    -តួឡឺវិស ចំនួន០១
    -សោរកាច់ អក្សរT ចំនួន០៣ (ទុកសម្រាប់កាច់សោរទ្វាររថយន្ត)
    -សោរចិញ្ជៀន លេខ៨-៩ ចំនួន០២
    -មេដែកចំនួន០១។

    ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរងទទួលផែន និងការចង្អុលបង្ហាញពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងដឹកនាំប្រតិបត្តិការដោយ លោកវរសេនីយ៍ឯក ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន។

    បច្ចុប្បន្ន ជនសង្ស័យខាងលើបាននាំមកកាន់នាយកដ្ឋាន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕

    ប្រភព៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ

    Share This Post: