ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តមបណ្ឌិត ថោង ខុន៖ ពានរង្វាន់បាល់ទាត់ពិភពលោកគឺជានិមិត្តរូបនៃមនុស្សជាតិជាង ៣,២ពាន់លាននាក់ លើពិភពលោក

    BY Khmernote Media June 15, 2022
    ឯកឧត្តមបណ្ឌិត ថោង ខុន៖ ពានរង្វាន់បាល់ទាត់ពិភពលោកគឺជានិមិត្តរូបនៃមនុស្សជាតិជាង ៣,២ពាន់លាននាក់ លើពិភពលោក

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា ពានរង្វាន់ FIFA World Cup – Trophy Tour ត្រូវបាននាំយកដោយបេសកកជនពិសេស FIFA មកដល់ព្រះរាជាណាចក្រកម្ពុជាជាមួយនឹងពិធីទទួលនិងដង្ហែយ៉ាងអធិកអធមពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឆ្ពោះមកវិមានសន្តិភាព ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ។

    ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានថ្លែងថា «ពានរង្វាន់បាល់ទាត់ពិភពលោកគឺជានិមិត្តរូបនៃមនុស្សជាតិជាង ៣,២ ពាន់លាននាក់ លើពិភពលោក»។ ឯកឧត្តមបានមានប្រសាសន៍ថា ក្រោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្ដេចតេជោនាយករដ្ឋមន្ត្រី គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានសហការរៀបចំដំណើរទេសចរណ៍ពានរង្វាន់បាល់ទាត់ពិភពលោក ជាមួយសហព័ន្ធបាល់ទាត់ពិភពលោក FIFA និងក្រុមហ៊ុន Coca-Cola ដើម្បីធានាឱ្យដំណើរការព្រឹត្តិការណ៍ដង្ហែក្បួនពានរង្វាន់បាល់ទាត់ពិភពលោកប្រព្រឹត្តទៅដោយសុវត្ថិភាព ក្នុងនាមជាម្ចាស់ផ្ទះទទួលស្វាគមន៍ពានរង្វាន់បាល់ទាត់ពិភពលោកនេះ។

    ឯកឧត្តមបណ្ឌិតបានគូសបញ្ជាក់យ៉ាងដូច្នេះថា «ពានរង្វាន់បាល់ទាត់ពិភពលោក គឺជានិមិត្តរូបនៃមនុស្សជាតិជាង ៣,២ ពាន់លាននាក់ លើពិភពលោកដែលបានគាំទ្រ កីឡាបាល់ទាត់។ ពានរង្វាន់នេះ មានតម្លៃជាសកលដែលត្រូវយកចិត្តទុកដាក់ និងតម្កល់គុណតម្លៃមិនអាចកាត់ថ្លៃបាន សម្រាប់មនុស្សជាតិ ដែលនៅពេលនេះសហព័ន្ធបាល់ទាត់ពិភពលោក FIFA មានកិត្តិយសដ៏ឧត្តុង្គឧត្តមដោយបានសម្តេចតេជោនាយករដ្ឋមន្ត្រី អនុញ្ញាតទទួលស្វាគមន៍ និងលើកពានដោយផ្ទាល់ ដើម្បីបង្ហាញពីការគាំទ្រ និងការចូលរួមអបអរសាទររបស់ម្ពុជាដល់ការប្រកួតកីឡាបាល់ទាត់ពិភពលោក នៅទីក្រុងដូហា ប្រទេសកាតា ក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ»។

    ឯកឧត្ដមប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានលើកឡើងថា ដំណើរទេសចរណ៍ពានរង្វាន់បាល់ទាត់ពិភពលោកត្រូវបានសហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA)បានបង្កើតឡើងនាថ្ងៃទី២១ ខែឧសភា ឆ្នាំ១៩០៤ ដោយប្រទេសចំនួន៧ រួមមាន ប៊ែលហ្សិក, ដាណឺម៉ាក, បារាំង, ស្វីស, អេស្ប៉ាញ, ហូឡង់ និងស៊ុយអែត។ ពានរង្វាន់បាល់ទាត់ពិភពលោកផលិតឡើងដោយមាសសុទ្ធ សម្រាប់ផ្តល់ជារង្វាន់ និងលើកទឹកចិត្តដល់ក្រុមបាល់ទាត់ប្រទេសដែលដណ្ដើមបានជ័យជ្នះ ក្នុងការប្រកួតកីឡាបាល់ទាត់ពិភពលោករៀងរាល់ ៤ឆ្នាំម្ដង។ ឯកឧត្ដមបានបន្ដថា សហព័ន្ធបាល់ទាត់ពិភពលោក “FIFA” បង្កើតពានរង្វាន់បាល់ទាត់ពិភពលោកជាពីរដំណាក់កាលគឺ ពីឆ្នាំ១៩៣០ ដល់ឆ្នាំ១៩៧៤ ត្រូវបានប្រសិទ្ធនាមថា “ពានរង្វាន់លោក Jules Rimet” ជាប្រធានសហព័ន្ធបាល់ទាត់ពិភពលោកដំបូង និងចាប់ពីឆ្នាំ១៩៧៤ រហូតដល់បច្ចុប្បន្ន ត្រូវបានប្តូរឈ្មោះថា “ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup Trophy” វិញ។

    ជាមួយគ្នានេះ បើតាមកំណត់ត្រារបស់ FIFA បានបញ្ជាក់ថា ប្រទេសដែលដណ្ដើមបានពានរង្វាន់បាល់ទាត់ពិភពលោកដំបូងគេគឺ អ៊ុយរ៉ាហ្គាយ (Uruguay) និងប្រទេសដែលដណ្ដើមបានពានរង្វាន់បាល់ទាត់ពិភពលោកច្រើនជាងគេគឺ ប្រេស៊ីល (Brazil) ជើងឯកពិភពលោកចំនួន ៥ដង។ ពានរង្វាន់បាល់ទាត់ពិភពលោកដំបូង ត្រូវបានផលិតឡើងជាមួយសារធាតុថ្មមានតម្លៃម្យ៉ាងនៅប្រទេសក្រិច។ ចាប់ពី ឆ្នាំ១៩៧៤ រហូតដល់បច្ចុប្បន្ន ពានរង្វាន់ត្រូវបានផលិតឡើងពីមាសសុទ្ធទម្ងន់ ៦,១គីឡូក្រាម ប៉ុន្តែតម្លៃជាទឹកប្រាក់កំណត់ ដោយក្រុមហ៊ុនធានារ៉ាប់រងគឺ ២០០លានដុល្លារអាម៉េរិក។ឯកឧត្តមប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាគូសបញ្ជាក់ទៀតថា មុនការប្រកួតកីឡាបាល់ទាត់ពិភពលោក FIFA តែងតែដង្ហែពានរង្វាន់នេះឆ្លងកាត់ទៅប្រទេសមួយចំនួនលើពិភពលោក។

    នៅឆ្នាំ២០២២នេះ ក្បួនដង្ហែពានរង្វាន់ត្រូវបានចាប់ផ្តើមចេញដំណើរពីប្រទេសអារ៉ាប់រួម នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ហើយបានដង្ហែឆ្លងកាត់២០ប្រទេសរួចហើយ រួមមាន៖ ប្រទេស UAE, OMAN, Bahrain, Kuwait, Bosnia & Herzegovina, Montenegro, Kosovo, North Macedonia, Albania, Ethiopia, Kenya, South Africa, Tanzania, Lebanon, Uzbekistan, Pakistan, Bangladesh, Timor Leste, Samoa, និង America Samoa ដែលទើបមកដល់កម្ពុជា នៅថ្ងៃនេះ ហើយនឹងត្រូវបន្តឆ្លងកាត់ ៣០ប្រទេសផ្សេងទៀតមុនពេលប្រកួតកីឡាបាល់ទាត់ពិភពលោកមកដល់គឺ ចាប់ពីថ្ងៃទី២១ ខែវិច្ឆិកាដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងដូហា ប្រទេសកាតា។

    ឯកឧត្ដម ថោង ខុន បានឱ្យដឹងទៀតថា ពានរង្វាន់បាល់ទាត់ពិភពលោក បានមកដល់កម្ពុជាពេលនេះ ដឹកនាំដោយលោកបេសកជនពិសេស FIFA គឺលោក Christian Karember ម្ចាស់ពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ១៩៩៨ ក្នុងក្រុមជម្រើសជាតិបាល់ទាត់បារាំង។ ពានរង្វាន់ ត្រូវបានដឹកជញ្ជូនតាមរយៈយន្តហោះឯកជនពិសេស “Private Jet” ដែលមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាថ្ងៃនេះ វេលាម៉ោង ៩:០០នាទី រួចបានដង្ហែត្រង់មកវិមានសន្តិភាព។ ចំពោះពេលរសៀលពានរង្វាន់ត្រូវបានរៀបចំទទួលស្វាគមន៍មហាជន និងថតរូបនៅពហុកីឡដ្ឋានជាតិមរតកតេជោ” ហើយនឹងត្រូវចាកចេញពីកម្ពុជា នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២។

    ឯកឧត្តមមានប្រសាសន៍បន្ដទៀតថា សម្តេចតេជោនាយករដ្ឋមន្ត្រីបានយកចិត្តទុកដាក់ខ្ពស់ខិតខំប្រឹងប្រែងមិនចេះនឿយហត់ ក្នុងការជំរុញដល់ដំណើរការអភិវឌ្ឍលើគ្រប់វិស័យ ដែលបានធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍សុវត្ថិភាពមួយក្នុងតំបន់ និងនៅលើពិភពលោក។ ទន្ទឹមនេះ ព្រឹត្តិការណ៍ប្រកួតកីឡាជាអន្តរជាតិជាច្រើន ព្រមទាំងព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ជាអន្តរជាតិដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក៏បានបើកដំណើរការឡើងវិញផងដែរ។

    ចំពោះពហុកីឡដ្ឋានជាតិមរតកតេជោដ៏ទំនើបទាន់សម័យគឺជាសមិទ្ធផលថ្មីមួយទៀត បានជួយជំរុញការអភិវឌ្ឍវិស័យកីឡាជាតិ ក៏ដូចវិស័យកីឡាបាល់ទាត់ និងជានិមិត្តរូបនៃកម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡា SEA Games-ASEAN Para Games ឆ្នាំ២០២៣ និងការទទួលធ្វើម្ចាស់ផ្ទះប្រកួតកីឡាអូឡាំពិកយុវជនអាស៊ី (Asian Youth Games) នាឆ្នាំ២០២៩ផងដែរ។

    ជាថ្មីម្តងទៀត ក្នុងនាមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា សាលារាជធានីភ្នំពេញ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងក្រសួងស្ថាប័នសមត្ថកិច្ចពាក់ព័ន្ធ ឯកឧត្ដមក៏សូមថ្លែងអំណរគុណដល់ សហព័ន្ធបាល់ទាត់ពិភពលោក FIFA លោក Christian Karember បេសកជនពិសេស FIFA និង ក្រុមហ៊ុន Coca-Cola ដែលបាននាំពានរង្វាន់ និងសម្របសម្រួលដល់ដំណើរការរៀបចំនេះ ឱ្យប្រព្រឹត្តទៅដោយរលូនគួរជាទីកក់ក្ដៅបំផុត៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: