សមត្ថកិច្ចក្រុងសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ឆបោករៀបគម្រោង និងអះអាងថា ខ្លួនជាឯកឧត្តម ឬឧកញ៉ា ដើម្បីលក់ម៉ាស៊ីនភ្លើងរបស់ខ្លួន
ក្រុងសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អធិការដ្ឋាននគរបាលក្រុងសៀមរាប នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៣៖០០នាទីរសៀល មានករណីឆបោក (រៀបគម្រោង និងអះអាងខ្លួនថាជាឯកឧត្តម ឬឧកញ៉ា យកម៉ាស៊ីនភ្លើងលក់) ប្រព្រឹត្តទៅនៅភូមិត្រពាំងវែង សង្កាត់ក្របីរៀល ក្រុង/ខេត្តសៀមរាប។

បង្កឡើងដោយជនសង្ស័យចំនួន០៥នាក់ ជិះរថយន្តម៉ាកឡិចស៊ីស RX300ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ២R-៤១៧៩ បានចូលទៅផ្ទះជនរងគ្រោះ រស់នៅភូមិកើតហេតុ ដោយប្រាប់ជនរងគ្រោះថាខ្លួនជាឯកឧត្តម មានម៉ាស៊ីនភ្លើងលក់ ដោយលក់ក្នុងតម្លៃដើម១២០០ដុល្លារ ហើយចង់លក់យកលុយទិញស្រាផឹក បើទិញពួកខ្លួនលក់តែតម្លៃ ៧០០ដុល្លារទេ ពេលនោះជនរងគ្រោះមិនព្រមទិញ ក៏ធ្លាក់ថ្លៃក្នុងតម្លៃត្រឹមតែ ៤០០ដុល្លារប៉ុណ្ណោះ តែជនរងគ្រោះនៅតែមិនទិញដដែល បន្ទាប់មកជនសង្ស័យបានលួងលោមជនរងគ្រោះ ដោយបក្ខពួកបាននាំជនរងគ្រោះទៅយកប្រាក់បានចំនួន ២៧០ដុល្លារ ខណៈពេលដែរនាំជនរងគ្រោះទៅយកប្រាក់ ក្រុមជនសង្ស័យម្នាក់ទៀតបានប្រាប់ទៅប្អូនប្រុសជនរងគ្រោះថា(បងឯងខ្វះលុយ ឱ្យថែមស្រាបៀរ ចំនួន១៥កេសមក)ហើយប្អូនជនរងគ្រោះក៏លើកស្រាបៀរដាក់លើរថយន្តជនសង្ស័យ បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យបាននាំគ្នាបើករថយន្តគេចខ្លួនបាត់ ។
ក្រោយពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ សមត្ថកិច្ចយើងបានស្រាវជ្រាវ និងស្វែងរកជនសង្ស័យ ព្រមទាំងរថយន្តរបស់ជនសង្ស័យ ដោយនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ក្រុមជនសង្ស័យបម្រុងធ្វើសកម្មភាពម្តងទៀតនៅផ្សារកន្រ្តក ក្នុងភូមិកន្រ្តក សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ត្រូវសមត្ថកិច្ចយើងប្រទះឃើញ ពេលឃើញសមត្ថកិច្ចក្រុមជនសង្ស័យបានបើករថយន្តគេចខ្លួន រហូតដល់ចំណុចខាងលិចរង្វង់ស្វាយធំ ក្នុងភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ទើបយើងឃាត់ខ្លួនជនសង្ស័យបានទាំង០៥នាក់៖
ទី១.ឈ្មោះ សុះ សាលី ភេទប្រុស អាយុ ៥២ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិព្រែករាំង ឃុំព្រៃតាសេក ស្រុកមុខកំពូល ខេត្តកំពង់ចាម ទីលំនៅបច្ចុប្បន្ននៅភូមិ៣ សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ទី២.ឈ្មោះ មឿន សារ៉ាវី ហៅសឿន សាវី ភេទប្រុស អាយុ ៥០ឆ្នាំ មុខរបរយោធាព្យួរឈ្មោះ នៅកងពលអន្តរាគមន៍លេខ២ ជើងគោក មានស្រុកកំណើត នៅភូមិកំពង់សំបូរ ឃុំសំរោង ស្រុកសង្កែ ខេត្តបាត់ដំបង បច្ចុប្បន្ននៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ទី៣.ឈ្មោះ ទីន លី ភេទប្រុស អាយុ ៥៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិព្រែកតាងួន ឃុំព្រែកតាងួន ស្រុកកោះសូទិន ខេត្តកំពង់ចាម មានទីលំនៅបច្ចុប្បន្ននៅភូមិច្រាំងចំរេះទី២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌអូរឫស្សី រាជធានីភ្នំពេញ។
ទី៤.ឈ្មោះ ឈុន សុជា ហៅហ៊ុយ ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិស្តៅ ឃុំត្រែង ស្រុកវឌ្ឍនសង្គម ខេត្តបាត់ដំបង មានទីលំនៅបច្ចុប្បន្ននៅភូមិឃ្លាំងស្បែក ឃុំកំពង់ហ្វួង ស្រុកពញាឮ ខេត្តកណ្តាល។
ទី៥.ឈ្មោះ ស្មាន ស្មាអែល ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរមិនពិតប្រាកដមានស្រុកំណើត និងទីលំនៅបច្ចុប្បន្នភូមិឃ្លាំងស្បែក ឃុំកំពង់ហ្វួង ស្រុកពញាឮ ខេត្តកណ្តាល។
ដើម្បីយកមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងសៀមរាប។ ក្រោយពីសាកសួរ ជនសង្ស័យទាំង០៥នាក់ខាងលើ បានឆ្លើយសារភាពថាពួកខ្លួនពិតជាបានធ្វើសកម្មភាព និងប្រព្រឹត្តដូចការរៀបរាប់ខាងលើពិតប្រាកដមែន។ សម្ភារៈដកហូតបាន៖
-រថយន្ត ០១គ្រឿង
-ម៉ាស៊ីនភ្លើង(ដែលលក់ឱ្យជនរងគ្រោះ) ០១គ្រឿង ។
ប្រតិបត្តិការនេះ ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ទោ ដា ចំរើន អធិការ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅ ការិយាល័យជំនាញ ដើម្បីបន្តនីតិវិធី ៕






