លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន៖ ការចាក់វ៉ាក់សាំងដូសជំរុញ ប្រភេទខុសគ្នា នាំឱ្យអង់ទីគ័រការពារបុគ្គលកាន់តែកើនឡើងខ្ពស់ជាងការចាក់ដូសជំរុញដោយប្រើវ៉ាក់សាំងតែមួយប្រភេទ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា ដោយឆ្លើយតបទៅសំណួររបស់មិត្តអ្នកអានរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានមានប្រសាសន៍បញ្ជាក់ថា ការចាក់វ៉ាក់សាំងដូសជំរុញ នូវប្រភេទខុសគ្នា នាំឱ្យអង់ទីគ័រការពារបុគ្គលកាន់តែកើនឡើងខ្ពស់ជាងការចាក់ដូសជំរុញដោយប្រើវ៉ាក់សាំងតែមួយប្រភេទដូចគ្នា។

លោកជំទាវវេជ្ជបណ្ឌិត បានបញ្ជាក់បន្ថែមថា៖ “វ៉ាក់សាំងដែលបាននិងកំពុងប្រើប្រាស់នៅព្រះរាជាណាចក្រកម្ពុជាទាំងអស់ ដែលមាន ៦ប្រភេទខុសៗគ្នានេះ សុទ្ធតែមានប្រសិទ្ធភាព សុវត្ថិភាព និងត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ក្នុងលក្ខខណ្ឌបន្ទាន់ដោយអង្គការសុខភាពពិភពលោកទាំងអស់។ បន្ថែមពីលើនេះ ខ្ញុំសូមបញ្ជាក់ថាការចាក់វ៉ាក់សាំងដូសជំរុញប្រភេទតែមួយ ដូចជាអ្នកខ្លះចាក់វ៉ាក់សាំង អាស្រ្តាហ្សេនេកា ទាំង៣ដូស នោះអង់ទីគ័រការពារខ្លួនបានកើនឡើងដូចគ្នា ប៉ុន្តែការកើនឡើងអង់ទីគ័រនេះ មិនខ្ពស់ដូចការចាក់ឆ្លាស់ប្រភេទវ៉ាក់សាំងនោះទេ មានន័យថាអ្នកចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ពីរដូស (ដូសមូលដ្ឋាន) ហើយចាក់ដូសជំរុញទី៣ ប្រភេទ អាស្រ្តាហ្សេនេកា នោះនឹងមានអង់ទីគ័រខ្ពស់ជាងអ្នកចាក់អាស្រ្តាហ្សេនេកា ទាំង៣ដូស”។
ដោយឡែកការចាក់ដូសជំរុញនេះ លោកជំទាវ ធ្លាប់បានពន្យល់ជាច្រើនដងហើយថា ក្នុងអំឡុងពេលពី៣ខែឡើងទៅ អង់ទីគ័រការពារខ្លួនរបស់បុគ្គលនីមួយៗ នឹងចាប់ផ្តើមធ្លាក់ចុះនូវប្រសិទ្ធភាពការពារពីការវាយលុកដោយវីរុសកូវីដ-១៩ ហើយនឹងអស់ទាំងស្រុងក្នុងអំឡុងពេលពី៦ខែ ឬ៨ខែយ៉ាងយូរ។ ហេតុដូច្នេះទើបវ៉ាក់សាំងដូសជំរុញជាតម្រូវការដ៏ចាំបាច់បំផុតដើម្បីទប់ស្កាត់ការវាយលុយជាថ្មីពីវីរុសនេះនៅកម្ពុជាយើង។
ហេតុដូច្នេះហើយ លោកជំទាវ នៅតែបន្តអំពាវនាវដល់បងប្អូនជនរួមជាតិបន្តមកទទួលវ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់ៗគ្នា ទៅតាមវេន និងកាលបរិច្ឆេទឱ្យបានត្រឹមត្រូវ ព្រោះថាវ៉ាក់សាំងនេះហើយដែលធ្វើឱ្យកម្ពុជាយើងបានប្រយុទ្ធឈ្នះលើសត្រូវកូវីដ-១៩ និងបានវិលមកសភាពធូរស្រាលខ្លាំង ព្រមទាំងមានប្រក្រតីភាពឡើងវិញទាំងសេដ្ឋកិច្ច និងសង្គម ហើយត្រូវបន្តជឿជាក់លើរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ដោយមិនត្រូវជឿលើការឃោសនាអកុសលពីក្រុមមួយចំនួនតូចពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងនេះទេ។
សូមបញ្ជាក់ថា វ៉ាក់សាំងដែលកំពុងត្រូវបានប្រើប្រាស់នៅកម្ពុជា មានចំនួន ០៦ប្រភេទ ក្នុងនោះមាន៖
១-វ៉ាក់សាំង ស៊ីណូវ៉ាក់ (Sinovac)
២-វ៉ាក់សាំង ស៊ីណូហ្វាម (Sinopharm)
៣-វ៉ាក់សាំង អាស្ត្រាហ្សេនេកា (AstraZeneca)
៤-វ៉ាក់សាំង ចនសុនអេនចនសុន (Jonhson&Johnson)
៥-វ៉ាក់សាំង ម៉ូដឺនណា (Moderna)
៦-វ៉ាក់សាំង ហ្វាយហ្សឺ (Pfizer)៕

ប្រភព៖ ក្រសួងព័ត៌មាន