ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ត្រីជំនាញ រកឃើញត្រីរ៉ស់មានផ្ទុកសំណល់ថ្នាំគីមី និងប្រហិតខូចគុណភាពជាង ២០០គីឡូក្រាម នៅតាមបណ្ដាទីផ្សារ

    BY Khmernote Media June 16, 2022
    មន្ត្រីជំនាញ រកឃើញត្រីរ៉ស់មានផ្ទុកសំណល់ថ្នាំគីមី និងប្រហិតខូចគុណភាពជាង ២០០គីឡូក្រាម នៅតាមបណ្ដាទីផ្សារ

    យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា ដោយមានការយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាពប្រជាពលរដ្ឋ ស្របតាមចក្ខុវិស័យរបស់អគ្គនាយកដ្ឋាន ក.ប.ប. ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ មន្ត្រីជំនាញ ក.ប.ប. ប្រចាំក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ព្រះវិហារ រតនគិរី ស្វាយរៀង បន្ទាយមានជ័យ និងខេត្តសៀមរាប សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត។

    បាននាំយករថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ ដើម្បីបន្តភារកិច្ចត្រួតពិនិត្យតាមបណ្តាផ្សារក្នុងស្រុកសំខាន់ៗ ស្តង់លក់ត្រីក្នុងក្រុងប៉ោយប៉ែត ម៉ាត ផ្សារទំនើប ឃ្លាំងស្តុកទំនិញនានា ដោយយកចិត្តទុកដាក់លើទំនិញហូបចុក ទំនិញវេចខ្ចប់ស្រេច គ្រឿងភេសជ្ជៈជាដើម។ ក្នុងបេសកកម្មនេះមន្ត្រីយើងបានត្រួតពិនិត្យដោយដកយកគំរូត្រីចំនួន ៤ប្រភេទ និងគំរូទំនិញហូបចុកចំនួន ៩គំរូផ្សេងទៀត យកមកវិភាគស្វែងរកសារធាតុគីមីដែលប៉ះពាល់ដល់សុខភាពបងប្អូនប្រជាពលរដ្ឋ។

    ជាលទ្ធផល ក្នុងចំណោមសំណាកគំរូដែលបានវិភាគខាងលើ មន្ត្រីជំនាញមន្ទីរពិសោធន៍បានរកឃើញ សំណាកគំរូ ត្រីរ៉ស់វះរួច មានវត្តមានសំណល់ថ្នាំបសុពេទ្យ “Sulfonamides” និងបានអនុវត្តនីតិវិធីបន្ត ទន្ទឹមនឹងនោះបានរកឃើញ និងដកហូតទំនិញចម្រុះ មានភេសជ្ជៈ ប្រហិត នំ ខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ និងបន្លំប្រភពសរុបចំនួន ២៦១.០៦គីឡូក្រាម យកមករក្សាទុកដើម្បីរៀបចំចំណាត់ការតាមពេលវេលាសមស្រប ៕

    ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF

    Share This Post: