ក្រសួងសុខាភិបាល ហាមឃាត់ការចែកចាយ លក់ឱសថ Antipruritic Cream ដែលគ្មានការទទួលស្គាល់ពីក្រសួង
រាជធានីភ្ណមពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការហាមឃាត់ការចែកចាយ ឬលក់ឱសថ ដែលគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាលកម្ពុជា។

យោងតាមការពិនិត្យឃើញលើបណ្ដាញសង្គមហ្វេសប៊ុក មានគណនីឈ្មោះ Antipruritic Cream បានកំពុងផ្សព្វផ្សាយលក់ឱសថ Antipruritic Cream គ្មានលេខទិដ្ឋាការ ឬបញ្ជិកា និងគ្មានច្បាប់អនុញ្ញាតឲ្យផ្សព្វផ្សាយពីក្រសួងសុខាភិបាលគិតត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២។
ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ទៀតនោះ ក្រសួងសុខាភិបាលសូមជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបញ្ឈប់ការប្រើប្រាស់ឱសថគ្មានលេខទិដ្ឋាការ ឬបញ្ជិកា ពីក្រសួងសុខាភិបាលខាងលើជាបន្តទៀត ព្រោះផលិតផលនេះគ្មានប្រភពច្បាស់លាស់ ដែលមិនអាចធានាបាននូវគុណភាព និងសុវត្តិភាពបានឡើយ។
ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីហ្វេសប៊ុកខាងលើ និងជនពាក់ព័ន្ធដទៃទៀតដែលបាន និងកំពុងផ្សព្វផ្សាយលក់ឱសថ Antipruritic Cream ទៅតាមច្បាប់វិសោធនកម្មច្បាប់ ស្ដីពីការគ្រប់គ្រងឱសថជាធរមាន ៕

