កម្ពុជាទទួលស្វាគមន៍វិលត្រឡប់មកវិញនូវសម្បត្តិវប្បធម៌ខ្មែរចំនួន ២៧រូប ដែលបានលួចនាំចេញដោយខុសច្បាប់ទៅសហរដ្ឋអាមេរិក
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អញ្ជើញទទួលស្វាគមន៍ការវិលត្រឡប់មកវិញនូវសម្បត្តិវប្បធម៌ខ្មែរចំនួន ២៧រូប ដែលបានលួចនាំចេញដោយខុសច្បាប់ទៅសហរដ្ឋអាម៉េរិក។

នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ នៅសារមន្ទីរជាតិភ្នំពេញ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានអញ្ជើញចូលរួមក្នុងពិធីទទួលសម្បត្តិវប្បធម៌ខ្មែរចំនួន ២៧រូប ដែលបានលួចនាំចេញដោយខុសច្បាប់ទៅសហរដ្ឋអាម៉េរិក ដោយក្នុងពិធីនេះ ក៏មានការនិមន្តព្រះសង្ឃ ជយន្តោ ប្រោះព្រំ សុំសិរីសួសួស្តី ផងដែរ។
យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងវប្បធម៌ បានបញ្ជាក់ថា សម្បត្តិវប្បធម៌ខ្មែរចំនួន ២៧រូប ដែលរឹបអូសបានដោយការិយាល័យរដ្ឋអាជ្ញានៃសង្កាត់ម៉ានហាថាន ក្រុងញូវយ៉ក និងការិយាល័យស៉ើបអង្កេត សន្តិសុខមាតុភូមិសហរដ្ឋអាមេរិក ត្រូវបានបញ្ជូនមកដល់មាតុភូមិកម្ពុជា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ដោយអនុលោមតាមអនុស្សារណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ស្តីពីការដាក់កំរិតហាមប្រាមនូវការនាំចូលលើប្រភេទនៃវត្ថុបុរាណរបស់កម្ពុជា និងយោងលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយការិយាល័យរដ្ឋអាជ្ញានៃសង្កាត់មានហាថាន ក្រុងញូវយ៉ក»។
ក្នុងចំណោមសម្បត្តិវប្បធម៌ខ្មែរទាំងនេះមានរូបបដិមាសំខាន់ៗមួយចំនួនផ្នែកពុទ្ធសាសនា និងព្រហ្មញ្ញសាសនា ក្នុងសម័យអង្គរ ដូចជា ព្រះពុទ្ធរូបគង់សមាធិលើនាគធ្វើពីសំរឹទ្ធ, រូបព្រះឥសូរ និងរូបនាងប្រាជ្ញាបារមិតាធ្វើពីថ្មភក់។ វត្ថុទាំង២៧រូបនេះ ត្រូវបានបញ្ចូនទៅរក្សាទុកនៅសារមន្ទីរជាតិភ្នំពេញ ដើម្បីឱ្យក្រុមជំនាញធ្វើការពិនិត្យវាយតម្លៃ សំអាត ជួសជុល និងដំឡើងជើងទម្រចាំបាច់នានា សម្រាប់ត្រៀមរៀបចំពិធីប្រគល់-ទទួលជាផ្លូវការ នៅពេលវេលាណាមួយសមស្រប តាមការសម្រេចរបស់រាជរដ្ឋាភិបាល ៕
សូមអានសេចក្ដីជូនដំណឹងលម្អិតរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដូចខាងក្រោម៖









