ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និង ឯកឧត្តម ផាម មិញជីញ នាយករដ្ឋមន្ត្រីវៀតណាម អញ្ជើញប្រារព្ធខួប៤៥ឆ្នាំ នៃដំណើរតស៊ូរំដោះជាតិ នៅព្រំដែនកម្ពុជា-វៀតណាម
ខេត្តត្បូងឃ្មុំ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានិងឯកឧត្តមផាម មិញជីញ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀត ណាម អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួបលើកទី ៤៥ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧–២០ មិថុនា ២០២២) និងសម្ពោធសមិទ្ធផលនានា នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X-16 ដែលស្ថិតនៅក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលជាទីតាំងសម្តេចតេជោ និងយុទ្ធមិត្តស្មោះស្ម័គ្រចំនួន៤រូបទៀត បានឆ្លងទៅកាន់ប្រទេសវៀតណាមទាំងកណ្តាលអាធ្រាត្រកាលពី ៤៥ឆ្នាំមុននោះ។

ក្រៅតែពីការអបអរសាទរ និងរំលឹកដល់ដំណើរតស៊ូរំដោះជាតិកាលពី៤៥ឆ្នាំមុនហើយនោះ ក្នុងពិធីថ្ងៃនេះ ក៏មានការសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលមួយ ចំនួន ដែលត្រូវបានសាងសង់នៅតំបន់ប្រវត្តិសាស្ត្រចំណុចផ្តើមនៃការស្រោចស្រង់ជាតិចេញពីរបបប្រល័យពូជសាសន៍នេះផងដែរ។
សមិទ្ធផលដែលបានសាងសង់ និងសម្ពោធនេះរួមមាន៖ អគារវេទិកាអចិន្ត្រៃយ៍ទំហំ ៦.១ម៉ែត្រ គុណ ៤៧ម៉ែត្រ ចំនួន ១ខ្នង, សាងសង់ទីលានបាល់ទាត់លើដីទំហំ ៦៨ម៉ែត្រ គុណ ១០៦ម៉ែត្រ, ជីកស្រះមួយមានទំហំ ៧០ម៉ែត្រ គុណ ៧០ម៉ែត្រ ជម្រៅជាង ១០ម៉ែត្រ ដោយមានចម្លាក់រូបនាគពីថ្មភក់ព័ទ្ធជុំវិញ, សាងសង់ប្រាង្គ និងចម្លាក់ព្រះអង្គគោកធ្លក, សាងសង់សាលាដំណាក់ទំហំ៦.១ម៉ែត្រ គុណ១៩.៦ ម៉ែត្រ ចំនួន ១ខ្នង កម្ពស់ ១ជាន់, សាងសង់អគារមិត្តភាព ១ខ្នង កម្ពស់ ១ជាន់ ដោយមានបំពាក់គ្រឿងសង្ហារឹម និងសម្ភារបច្ចេកទេស LED និងការរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗមួយចំនួនទៀត។
ក្រៅតែពីសមិទ្ធផលនៅតំបន់ X16 នោះ ក៏មានការសម្ពោធដាក់ឱ្យប្រើប្រាស់សារ មន្ទីរកោះថ្មទំហំ ៧ម៉ែត្រ គុណ ១៨ម៉ែត្រ ដើម្បីតម្កល់ឯកសារវត្ថុតាង នៃដំណើរឆ្ពោះ ទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបង្ហាញពីសច្ចភាពប្រវត្តិសា ស្ត្រសម្រាប់យុវជនជំនាន់ក្រោយសិក្សារៀនសូត្រ និងឈ្វេងយល់បន្ថែមទៀត។
សូមបញ្ជាក់ថា តំបន់កោះថ្ម ចំណុចអាងដាច់ X16 គឺជាចំណុចនៃការចាប់ផ្ដើមដំណើរតស៊ូរំដោះជាតិ របស់សម្ដេចតេជោ ហ៊ុន សែន ឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២០)។
នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២នេះ គឺជារយៈពេលគម្រប់ ៤៥ ឆ្នាំហើយ (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២២) ដែលយុទ្ធជន ហ៊ុន សែន ក្នុងវ័យ ២៥ឆ្នាំ រួមនឹងយុទ្ធមិត្តដ៏ស្ម័គ្រស្មោះ ៤រូបផ្សេង ទៀត បានសម្រេចចិត្តក្នុងស្ថានភាពដ៏តានតឹងបំផុតលាចាកទឹកដី លាចាកឧត្តមភរិយា និងកូនក្នុងផ្ទៃជាទីស្រឡាញ់ឆ្លងកាត់ព្រំដែន ទាំងគ្រោះថ្នាក់បំផុតឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកគាំទ្រក្នុងការរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីក្រញាំបិសាចដ៏សែនឃោរឃៅ ប៉ុល ពត៕


ប្រភព៖ ក្រសួងព័ត៌មាន