សម្តេចតេជោ ហ៊ុន សែន៖ ខ្ញុំគ្មានសិទ្ធិប្រគល់ដីឱ្យវៀតណាម សូម្បី១មីល្លីម៉ែត្រ
ខេត្តត្បូងឃ្មុំ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេច គ្មានសិទ្ធិដើម្បីប្រគល់ដីឱ្យវៀតណាមសូម្បីមួយមីល្លីម៉ែត្រ ហើយសម្ដេចក៏មិនចង់បានដីវៀតណាមសូម្បីមួយមីល្លីម៉ែត្រដែរ សូមឱ្យតែត្រូវទៅតាមក្បួនខ្នាតដែលអាណានិគមនិយមបារាំងបានបន្សល់ទុកទៅបានហើយ។

ក្នុងខណៈអញ្ជើញចូលរួមជាមួយឯកឧត្ដម Pham Minh Chinh នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងខួបលើកទី៤៥ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត(២០ មិថុនា ១៩៧៧-២០ មិថុនា ២០២២) និងសម្ពោធសមិទ្ធផលនានា នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X 16 ភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី ២០ មិថុនា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា រយៈពេល៤៣ឆ្នាំនៃការគ្រប់គ្រងប្រទេ សរបស់គណបក្សប្រជាជនកម្ពុជា យើងបានដោះស្រាយបញ្ហាព្រំដែនបាន ៨៤ ភាគរយនៃខ្សែព្រំដែនហើយដែលកំពុងចរចាដោះស្រាយបញ្ហាចំនួន ១៦ ភាគរយទៀតដែលក្នុងនោះ ៦ភាគរយ កំពុងចរចាបញ្ចប់។
សម្តេចតេជោគូសបញ្ជាក់ថា «នៅទីនេះចំពោះមុខប្រជាពលរដ្ឋកម្ពុជាទាំងនៅក្នុងប្រទេសនិងក្រៅប្រទេស និងមានស្ថានទូតទាំងអស់កំពុងស្តាប់ ហើយបញ្ជាក់ជូនចំពោះមកនាយករដ្ឋមន្ត្រីវៀតណាម ខ្ញុំមិនមានសិទ្ធិដើម្បីប្រគល់ដីឱ្យវៀតណាមសូម្បីមួយមីល្លីម៉ែត្រ ហើយខ្ញុំក៏មិនចង់បានដីពីរវៀតណាមសូម្បីមួយមីល្លីម៉ែត្រដែរ។ សូមឱ្យតែត្រូវទៅតាមក្បួនខ្នាតដែលអាណានិគមនិយមបារាំងបានផ្ដល់បន្សល់ទុកទៅបានហើយ។ ហើយវៀតណាមក៏មិនត្រូវការយកដីយើង ហើយយើងក៏មិនត្រូវការយកដីវៀតណាមដែរ។មួយនឹងព្រះរាជាណាចក្រថៃ និងឡាវក៏ដូចគ្នា»។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងសង្កត់ធ្ងន់ថា ក្រោយពេលអនុវត្តន៍ដោយជោគជ័យនយោបាយ ឈ្នះ ឈ្នះ សម្តេចបានដាក់ចេញនូវទិសដៅពីរសំខាន់ គឺទី១. ប្រែក្លាយតំបន់អតីតសមរភូមិទាំងអស់ឱ្យទៅជាតំបន់អភិវឌ្ឍន៍ និងទី២. ២ប្រែក្លាយខ្សែ បន្ទាត់ព្រំដែនជាមួយនឹងប្រទេសជិត ខាងទាំងអស់ឱ្យក្លាយជាព្រំដែនសន្តិ ភាពមិត្តភាពសហប្រតិបត្តិការនិងការអភិវឌ្ឍ។ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណ ពលរដ្ឋវៀតណាម ដែលបានជួយសម្តេចកាលពី៤៥ឆ្នាំមុន ក្នុងដំណើរទៅស្វែងរកកម្លាំងដើម្បីរំដោះប្រជាជនកម្ពុជាពីរបប ប៉ុល ពត។ សម្តេចតេជោមានប្រសាសន៍បន្តថា កាលពីរយៈពេល ៤៥ឆ្នាំមុន នៃដំណើរតស៊ូរំដោះជាតិ សម្ដេចមានជម្រើសមួយចំនួនដែលសម្តេចត្រូវសម្រេចជ្រើសរើស តែអ្វីដែលសម្តេចបានជ្រើសរើសនាពេលនោះ គឺត្រូវឆ្លងដែនចូលទៅកាន់ប្រទេសវៀតណាមដោយខុសច្បាប់ ដើម្បីសុំអន្តរាគមន៍ជំនួយគាំទ្រផ្នែកប្រដាប់អាវុធ ដើម្បីរំដោះប្រជាជនកម្ពុជាពីរបបអាវខ្មៅ ឃោរឃៅយង់ឃ្នង។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ទៀតថា បើគ្មាន២០មិថុនា ១៩៧៧ ក៏គ្មាន១២ឧសភា និង២ធ្នូ ឆ្នាំ១៩៧៨ ដែរ ហើយក៏មិនអាចមានថ្ងៃ ៧មករា ដែលជាថ្ងៃផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត បានដែរ។ សម្តេចតេជោបានអះអាងថា សម្តេចជាតួអង្គមួយ ដែលបានតភ្ជាប់នយោបាយសំខាន់ ៤៥ឆ្នាំមកនេះ និងជាអ្នកបង្កើតកងទ័ព មិនមែនត្រឹមតែជាមេទ័ពនោះទេ៕





ប្រភព៖ ក្រសួងព័ត៌មាន