ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អគ្គស្នងការនគរបាលជាតិ បញ្ជាឱ្យនគរបាលចាត់វិធានការបន្ទាន់ បញ្ឈប់ការប្រើប្រាស់ និងការជួញដូរ SISHA ឬបារីអេឡិកត្រូនិក Vape

    BY Khmernote Media June 22, 2022
    អគ្គស្នងការនគរបាលជាតិ បញ្ជាឱ្យនគរបាលចាត់វិធានការបន្ទាន់ បញ្ឈប់ការប្រើប្រាស់ និងការជួញដូរ SISHA ឬបារីអេឡិកត្រូនិក Vape

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ អគ្គស្នងការនគរបាលជាតិបញ្ជាឲ្យ នគរបាលចាត់វិធានការបន្ទាន់ បញ្ឈប់ការប្រើប្រាស់ និងការជួញដូរ “SISHA និងបារីអេឡិចត្រូនិក (Vape)” និងត្រូវដកហូតរឹបអូស យកមករក្សាទុក។ ករណីរកឃើញមានការប្រើប្រាស់លាយសារធាតុញៀន ត្រូវចាប់បញ្ចូនទៅតុលាការ។

    អគ្គស្នងការដ្ឋាននគរបាលជាតិ បានដាក់បទបញ្ជាឲ្យកម្លាំងនគរបាល សហការជាមួយអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធទាំងអស់ បន្តធ្វើការស្រាវជ្រាវឈានដល់ការបង្ក្រាបអាជីវកម្ម និងការនាំចូលផលិតផលស៊ីហ្សា (SISHA) និងបារីអេឡិចត្រូនិច (E-Cigarette) ដែលហាស់កម្រើកឡើងវិញនៅក្នុងសង្គម ជាពិសេសមួយរយៈពេលចុងក្រោយគេសង្កេតឃើញមានក្រុមយុវជន បានប្រើផលិតផលហាមឃាត់នេះគួរឲ្យព្រួយបារម្ភ។

    សូមបញ្ជាក់ថា កាលពីប៉ុន្មានឆ្នាំមុនផលិតហាមឃាត់ទាំងនេះ ដែលធ្វើឲ្យក្រុមយុវជនយុវនារី ជាទំពាំងស្នងឬស្សីឱ្យឈ្លក់វង្វេង បោះបង់ចោលការសិក្សា ការងារ និងអាចឈានទៅបង្កបញ្ហាលំបាកធ្ងន់ធ្ងរ ផ្សេងៗទៀតដល់សង្គមជាតិគួរឱ្យព្រួយបារម្ភនោះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ធ្វើការបង្ក្រាបជាបន្តបន្ទាប់ លែងមានការប្រើប្រាស់ជារូបភាពទ្រង់ទ្រាយធំ និងបើកចំហរទៀតឡើយ។ ប៉ុន្តែមួយរយៈពេលចុងក្រោយនេះ ផលិតផលទាំង២ ហាស់ដូចជាមានការកម្រើកឡើងវិញ ដែលជាបច្ច័យមួយនាំឲ្យមានគ្រោះថ្នាក់បំផុតសម្រាប់កូនខ្មែរជំនាន់ក្រោយ។

    នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានបញ្ជាក់ឲ្យដឹងថា៖
    ១. ត្រូវចាត់វិធានការជាបន្ទាន់បញ្ឈប់លែងឱ្យមានការប្រើប្រាស់ និងធ្វើអាជីវកម្មផលិតផល SISHA និង E-Cigarette ក្នុងគ្រប់រូបភាព ដោយត្រូវធ្វើការដកហូតនិងរឹបអូស យកផលិតផលទាំងនោះមករក្សាទុក។ ការដកហូត និងរឹបអូសយកផលិតផល SISHA និង I-Cigarette មិនត្រូវធ្វើឱ្យប៉ះពាល់ដល់អាជីវកម្មស្របច្បាប់ផ្សេងទៀតជាដាច់ខាត។

    ២. ត្រូវបញ្ឈប់ និងឃាត់ទុកនូវរាល់ការចរាចរ ការជួញដូរ និងការនាំចូលផលិតផល SISHA និង I-Cigarette តាមគ្រប់រូបភាព និងត្រូវធ្វើការផ្សព្វផ្សាយពីការហាមឃាត់មិនឱ្យមានការ ប្រើប្រាស់ផលិតផលនេះដល់យុវជន និងការហាមឃាត់មិនឱ្យមានការនាំចូលចំពោះអ្នកធ្វើអាជីវកម្ម និងប្រជាជនទូទៅឱ្យបានទូលំទូលាយ។

    ៣. សមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៅតាមគ្រប់ក្រសួងមន្ទីរ និងតាមមូលដ្ឋានសហការគ្នាបង្ក្រាប។ ការបង្ក្រាបនេះ គឺការឃាត់ខ្លួនជនដែលជួញដូរមកអប់រំ ណែនាំ ហើយកម្ទេចចោលនូវសម្ភារ និងឧបត្ថម្ភនៃការប្រើប្រាស់ផលិតផលទាំងនេះ។ បើក្នុងករណីរកឃើញថាការប្រើប្រាស់ SISHA និង E-Cigaretter មានលួចចូលសារធាតុញៀន នោះនឹងចាប់បញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមច្បាប់ជាធរមាន ៕

    Share This Post: