ប្រទះឃើញរថយន្ដមួយគ្រឿងម៉ាកHONDA CRV ចតទុកចោលនៅចំណុចក្បែរចិញ្ចើមផ្លូវជាតិលេខ៤ ស្ថិតនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មិនដឹងមូលហេតុ
ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា អធិការដ្ឋាននគរបាលស្រុកភ្នំស្រួច សូមជូនដំណឹងដល់បងប្អូនសាធារណជនជ្រាបថា កាលពីយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ កម្លាំងនគរបាលបានទទួលសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋល្អថាបានប្រទះឃើញរថយន្ដមួយគ្រឿង ពណ៌ទឹកប្រាក់ ម៉ាក ស៊ីអវី CRV មានស្លាកលេខសម្គាល់ ភ្នំពេញ 2N-9804 ឈប់ចតចោល នៅចំណុចក្បែរចិញ្ចើមផ្លូវជាតិលេខ៤ ផ្នែកដីក្រហម ចន្លោះគីឡូម៉ែត្រ៧៨-៧៩ ស្ថិតនៅភូមិត្រពាំងស្ដុកគ្រួរ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មិនដឹងមូលហេតុ?

បច្ចុប្បន្នសមត្ថកិច្ចនគរបាលស្រុកបានចុះទៅកាន់ទីតាំងខាងលើ ដោយពិនិត្យមើលពីខាងក្រៅរថយន្ដពុំឃើញមានរបស់អ្វីដែលជាការសង្ស័យទេ រថយន្តគ្មានមនុស្សនិងមិនមានស្លាកស្នាមអ្វីឡើយ (គ្រោះថ្នាក់ចរាចរណ៍គ្មាន) សមត្ថកិច្ចរួមជាមួយ អាជ្ញាធរភូមិ ឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាល ប្រជាពលរដ្ឋ យករថយន្តខាងលើមករក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីស្រាវជ្រាវបន្ត ៕



