ព័ត៌មានជាតិ

ក្រសួងពាណិជ្ជកម្ម ពន្យារពេលការផាកពិន័យចំពោះការដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក

BY
Khmernote Media
June 30, 2022

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម បានអោយដឹងថា ក្រសួងពាណិជ្ជកម្ម មានកិតិ្តយសសូមជម្រាបជូន លោក-លោកស្រី សហគ្រាសឯកបុគ្គល នីតិបុគ្គល និងសាខាក្រុមហ៊ុនបរទេស ដែលធ្វើអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិក មេត្តាជ្រាបថា អនុលោមតាមសេចក្តីជូនដំណឹង លេខ ០៥២៨ ព.ណ.ចបព ចុះថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ ស្តីពីការពន្យារពេលការផាកពិន័យចំពោះការយឺតយ៉ាវសម្រាប់ការដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនឹងដល់កាលបរិច្ឆេទកំណត់នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ នេះ។

ដោយសង្កេតឃើញថា អាជីវករ សហគ្រាសឯកបុគ្គល និងក្រុមហ៊ុនជាច្រើនលើសលុប បានមកក្រសួងពាណិជ្ជកម្ម ដើម្បីដាក់ពាក់ស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក្រសួងពាណិជ្ជកម្ម សម្រេចពន្យារកាលបរិច្ឆេទការផាកពិន័យ រហូតដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ១៧:00 នាទី។ រូបវន្តបុគ្គល សហគ្រាសឯកបុគ្គល ឬក្រុមហ៊ុនអាចមកទទួលលេខរៀង ដើម្បីដាក់ពាក្យស្នើសុំនៅនាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម នៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម ឬនៅមន្ទីរពាណិជ្ជកម្មខេត្តដែលរូបវន្តបុគ្គល សហគ្រាសឯកបុគ្គល ឬក្រុមហ៊ុនតាំងនៅ រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃជូនដំណឹងតទៅ។

ក្រសួងពាណិជ្ជកម្មសូមបញ្ជាក់ផងដែរថា ចំពោះអាជីវកម្មដែលធ្វើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដោយមិនមានការអនុញ្ញាតពីក្រសួងពាណិជ្ជកម្ម អាជីវកម្មនោះនឹងត្រូវទទួលការផាកពិន័យជាប្រាក់ និងអាចមានការផ្តន្ទាទោសដូចមានចែងក្នុងច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ សេចក្តីដូចបានជម្រាបជូនខាងលើ សូមលោក-លោកស្រី សហគ្រាសឯកបុគ្គល នីតិបុគ្គល និងសាខាក្រុមហ៊ុន បរទេសទាំងអស់ ជ្រាបជាព័ត៌មាន និងបន្តដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណ តាមនីតិវិធីជាប្រក្រតី។ សូមអរគុណ!

Share This Post: