ឯកឧត្ដមឃួង ស្រេង ពន្លឿនការស្ដារប្រឡាយបឹងត្របែក ដើម្បីកាត់បន្ថយការលិចលង់លំនៅឋានប្រជាពលរដ្ឋនៅក្នុងរដូវវស្សានេះ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ និងមន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញ ពន្លឿនការស្ដារប្រឡាយបឹងត្របែកឱ្យបានឆាប់ ដើម្បីបើកផ្លូវទឹកហូរឱ្យបានលឿន ទៅដល់ស្ថានីយបឹងត្របែក ដើម្បីឱ្យស្ថានីយនេះ អាចបូមទឹកចេញបានឆាប់រហ័ស កាត់បន្ថយបាននូវការលិចលង់ លំនៅឋានបងប្អូនប្រជាពលរដ្ឋនៅក្នុងរដូវវស្សានេះ។

ការជំរុញរបស់ ឯកឧត្ដមឃួង ស្រេង បានធ្វើឡើង នៅរសៀលថ្ងៃទី០៥ ខែកក្កដា ២០២២នេះ ខណៈដែលឯកឧត្ដម ដឹកនាំមន្ត្រីជំនាញ ដូចជាអាជ្ញាធរខណ្ឌចំការមន ចុះពិនិត្យមើលស្ថានភាពនៃការស្ដារបឹងត្របែក ដែលមានចម្ងាយប្រមាណជិតមួយគីឡូម៉ែត្រ ចាប់ពីប្រឡាយបឹងត្របែកដល់ស្ថានីយបឹងត្របែកផ្លូវ២៧១ ។
នៅក្នុងឱកាសនៃការចុះពិនិត្យនោះ ឯកឧត្ដមឃួង ស្រេង បានណែនាំឲ្យក្រុមការងារមន្ទីរ សាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ក៏ដូចមន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញកាយសំរាម ភក់ និងស្មៅដែលជារនាំងឃាំងទឹកក្នុងប្រឡាយបឹងត្របែកនេះឱ្យអស់ ពោលគឺនៅពេលមានភ្លៀងធ្លាក់ខ្លាំងម្តងៗ ទឹកអាចហូរបានលឿនទៅដល់មុខស្ថានីយ ដែលអាចឱ្យស្ថានីយ៍បឹងត្របែកមានសមត្ថភាព បូមទឹកបានលឿន កាត់បន្ថយបាននូវការលិចលង់ ។
គួរបញ្ជាក់ថា ៖ ប្រឡាយបឹងត្របែកដែលត្រូវស្តារឡើងវិញ មានការចាក់ទំនប់តាមមាត់ប្រឡាយទទឹង១០ម៉ែត្រនិងបណ្តោយមានប្រវែងជាង៨២៧ ម៉ែត្រ។ ជាគម្រោង ទំនប់ជាប់នឹងប្រឡាយនេះ គ្រោងនឹងចាក់បេតុងដើម្បីធ្វើជាផ្លូវឲ្យបងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់បាន ហើយក៏ជាផ្លូវមួយដើម្បីងាយស្រួលដាក់គ្រឿងចក្រធ្វើការស្តារប្រឡាយបឹងត្របែកជាប្រចាំ ផងដែរ ។ បន្ថែមពីលើនេះទៀត ក្រោយពីការកាយប្រឡាយ ដូចជាស្ដារប្រឡាយនេះឱ្យមានរំហូរទឹកបានល្អហើយនោះ រដ្ឋបាលរាជធានីភ្នំពេញគ្រោងបុកស៊ីផាយ នៅតាមជញ្ជាំងប្រឡាយបឹងត្របែកនេះផងដែរ ៕







ប្រភព៖ ក្រសួងព័ត៌មាន