ជនជាតិអាល្លឺម៉ង់ម្នាក់បើកបរ ឧទ្ធម្ភាគចក្រមួយគ្រឿង បង្ខំចុះចតបន្ទាន់នៅស្រុករលាប្អៀរ ដោយសារអាកាសធាតុមិនអំណោយផល
ខេត្តកំពង់ឆ្នាំង៖ យោងតាមការចុះផ្សាយរបស់ ឯកឧត្ដម ខៀវ កញារិទ្ធ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា ឧទ្ធម្ភាគចក្រ មួយគ្រឿងបានបង្ខំចុះចតនៅមាត់ទន្លេ ដើម្បីសុវត្ថិភាពព្រោះតែធាតុអាកាសមិនអំណោយផល។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧៖១៥នាទី ល្ងាចថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចទន្លេក្នុងភូមិព្រែករាំង ឃុំទឹកហូត ស្រុករលាប្អៀរ។

តាមរបាយការណ៍របស់លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំងបានបញ្ជាក់អោយដឹងថា៖ ក្រោយពេលកើតហេតុ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានឱ្យក្រុមសមត្ថកិច្ចទៅអន្តរាគមន៍និងដឹកយកអ្នកបើកបរឧទ្ធម្ភាគចក្រ ជនជាតិអាល្លឺម៉ង់ម្នាក់ឈ្មោះ អេន ឌី មកសម្រាកនៅសណ្ឋាគារសុវណ្ណភូមិ ក្នុងក្រុងកំពង់ឆ្នាំង។ ចំណែកឧទ្ធម្ភាគចក្រនោះត្រូវបានក្រុមសមត្ថកិច្ចនៅមូលដ្ឋានដាក់កម្លាំងការពារយ៉ាងយកចិត្តទុកដាក់នៅទីតាំងដែលឧទ្ធម្ភាគចក្របានចុះចត ។
តាមការបញ្ជាក់ពី អ្នកបើកបរឧទ្ធម្ភាគចក្រ ជនជាតិអាល្លឺម៉ង់ ប្រាប់សមត្ថកិច្ចថា រូបគាត់បើកហោះហើរតែម្នាក់ឯងពីភ្នំពេញទៅខេត្តសៀមរាប។ ចំពោះមូលហេតុដែលចុះចតនេះគឺដោយសារអាកាសធាតុ មេឃងងឹតមានខ្យល់ខ្លាំង។ សមត្ថកិច្ចនៅមូលដ្ឋានបានដឹងថាយន្តហោះនេះនឹងត្រូវហោះឡើងនៅព្រឹកថ្ងៃទី ០៨ ខែកក្កដា ដើម្បីហោះហើរទៅកាន់គោលដៅទៅខេត្តសៀមរាប៕




