ជនសង្ស័យចំនួន ៣នាក់ មុខសញ្ញាលួចកាត់ខ្សែភ្លើងពេលរាត្រី ត្រូវសមត្ថកិច្ចនគរបាលស្រុកបាណន់ឃាត់ខ្លួនបានទាំងយប់
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា កាលពីយប់ថ្ងៃព្រហស្បតិ៍ ៩កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោងប្រមាណជាង១១អាធ្រាត្រទៅហើយ មានករណី(លួចកាត់ខ្សែភ្លើង) បានកើតឡើងនៅម្តុំក្រុមទី០៣ ភូមិឆាយបល័្លង្គ ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

ដែលក្រុមជនសង័្សយមិនស្គាល់អត្តសញ្ញាណបានលួចកាត់ផ្តាច់យកខ្សែភ្លើងរបស់ជនរងគ្រោះឈ្មោះ ផា ផាន ភេទប្រុស អាយុ ៧៣ឆ្នាំ រស់នៅក្នុងមូលដ្ឋានខាងលើ។ ភ្លាមៗជនរងគ្រោះបានផ្តល់ព័ត៌មានជាបឋមមក សមត្ថកិច្ចនគរបាលមូលដ្ឋានអំពីករណីនេះ។
ទទួលបានព័ត៌មាន និងស្របតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ ករណីនេះត្រូវបានផ្តល់ទៅសមត្ថកិច្ចក្នុងមូលដ្ឋាន និងសមត្ថកិច្ចដែលមានភូមិសាស្រ្តជាប់គ្នា ដើម្បីពិនិត្យតាមដាននិងស្រាវជ្រាវ។
លុះដល់វេលាម៉ោងប្រមាណ១២រំលងអាធ្រាត្រទៅហើយ កម្លាំងល្បាតរបស់នគបាលស្រុកបាណន់ បានពើបប្រទះមុខសញ្ញាចំនួន០៣នាក់ កំពុងធ្វើដំណើរដោយម៉ូតូមួយគ្រឿង ឆ្លងកាត់ពីភូមិសាស្រ្ត ស្រុកគាស់ក្រឡ ចូលក្នុងភូមិសាស្រ្តស្រុកបាណន់។ ដោយស្ថានភាពគួរឱ្យសង័្សយសមត្ថកិច្ចបានកាក់ដំណើរនិងសាកសួរ ហើយបានប្រទះឃើញខ្សែភ្លើងដែលគេទើបនឹងលួចកាត់បាននៅជាប់ជាមួយផង ដូច្នេះសមត្ថកិច្ចធ្វើការឃាត់ខ្លួនសាក សួរតែម្តង។ ពេលសាកសួរពួកគេបានឆ្លើយសារភាពថា គេពិតជាបានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងនៅមូលដ្ឋានស្រុកគាស់ក្រឡប្រាកដមែន។
ជនសង័្សយទាំង០៣នាក់នោះគឺ៖
១.ឈ្មោះ គិត លីម៉េង ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិតាថុក ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
២.ឈ្មោះ យ.ស ភេទប្រុស អាយុ….ឆ្នាំ មានទីលំនៅភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង(អនី.តិ.ជន)។
៣.ឈ្មោះ ស.វ ភេទប្រុស អាយុ…..ឆ្នាំ មានទីលំនៅភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង(អនី.តិ.ជន)។
វត្ថុតាងដកហូតមាន៖
-ម៉ូតូឌ្រីមពណ៌C100ក្រហមចំនួន០១គ្រឿង
-ខ្សែភ្លើងចំនួន០៩កំណាត់ មានទម្ងន់សរុបចំនួន២២,១៣គីឡូក្រាម
-មួកសុវត្ថិភាពចំនួន០១
-ដំបងឈើជ្រុងចំនួន០១
-កាំបិតតាំងតោចំនួន០១
-ពូថៅចំនួន០១
-ទួណឺវីសចំនួន០១។
លោកវរសេនីយ៍ឯក ប៉ាន់ វ៉ាន់នី អធិការនគរបាលស្រុកបាណន់បានបញ្ជាក់ថា ដោយសារករណីនេះអង្គហេតុកើតនៅមូលដ្ឋានស្រុកគាស់ក្រឡ ទើបសមត្ថកិច្ចរបស់លោកប្រគល់មុខសញ្ញាទាំង ៣នាក់និងវត្ថុតាងជូនទៅអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡចាត់ការបន្ត។
លោកវរសេនីយ៍ឯក ប៉ាង ហៀង អធិការនគរ បាលស្រុកគាស់ក្រឡ បានឱ្យដឹងថាព្រោះតែសមត្ថកិច្ចរបស់លោក រួមសហការគ្នាជាមួយសមត្ថកិច្ចនគរបាលស្រុកបាណន់និងមានការចូលរួមផ្តល់ព័ត៌មានបានលឿនរហ័សពីជនរងគ្រោះផង ហើយស្ថិតក្រោមការបញ្ជាដឹកនាំផ្ទាល់ពីលោក ស្នងការលោកស្នងការរងទទួលផែនផងទើបសមត្ថកិច្ចសម្រេចបានលទ្ធផលបែបនេះ។
នៅពេលនេះនគរបាលស្រុកគាស់ក្រឡរៀបចំសំណុំរឿងបញ្ជូនជនសង័្សយនិងវត្ថុតាងមកកាន់ការិយា ល័យជំនាញអនុវត្តបន្តតាមនីតិវិធី ច្បាប់ ៕
