សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធិបិទសន្និបាតទេសចរណ៍
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បិទសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ១៩ ដំណាក់កាលទី១ (២០២០-២០២១)និងឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅផែនការស្តារឡើងវិញនូវវិស័យទេសចរណ៍ក្នុងដំណាក់កាលទី២ (ឆមាសទី២ ឆ្នាំ២០២២-២០២៣) ដែលរៀបចំឡើងដោយក្រសួងទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ នៅសណ្ឋាគារសុខាភ្នំពេញ។

បើតាមរបាយការណ៍បូកសរុបរបស់ឯក ឧត្តមថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ឱ្យដឹងថា សន្និបាតដែលបានធ្វើឡើងនៅថ្ងៃទី ១២ និង១៣ ខែកក្កដា ឆ្នាំ២០២២នេះ មន្ត្រី និងអ្នកជំនាញក្នុងវិស័យទេសចរណ៍ បានជជែក និងពិភាក្សាគ្នាលើប្រធានបទជាច្រើន ពាក់ព័ន្ធនឹងវិស័យទេសចរណ៍។ ជាពិសេសវិបត្តិ និងបញ្ហា ដែលបានកើតមានចំពោះវិស័យទេសចរណ៍ ដែលបានកើតមានក្នុងវិបត្តិកូវីដ១៩។ ក្នុងសន្និបាត ក៏បានពិភាក្សាដាក់ ចេញនូវយន្តការផ្សេងៗ ដើម្បីជាកាលានុ វត្តន៍ភាពសម្រាប់វិស័យទេសចរណ៍ចំពោះ មុខភាពមិនច្បាស់លាស់នៃជំងឺកូវីដ១៩។
វិស័យទេសចរណ៍នៅកម្ពុជា ក៏ដូចជានៅលើពិភពលោក បានជួបនូវការប៉ះ ទង្គិចយ៉ាងខ្លាំងក្នុងរយៈពេលជាង ២ឆ្នាំកន្លងទៅនេះ ដោយសារតែវិបត្តិបណ្តាលមកពីការរាតត្បាតនៃជំងឺកូវីដ១៩។ បន្ទាប់ពីរាជរដ្ឋា ភិបាលកម្ពុជា បានយកឈ្នះលើការរាត ត្បាតកាលពីចុងឆ្នាំ២០២២កន្លងទៅនេះ ក្រសួងទេសចរណ៍ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល និងប្រតិបត្តិករក្នុងវិស័យទេសចរណ៍ បានប្រឹងប្រែងជាខ្លាំង ដើម្បីឱ្យវិស័យដែលកម្ពុជាចាត់ទុកជាមាសបៃតងនេះ មានដង្ហើមឡើងវិញ។
បើតាមរបាយការណ៍ដែលបានបង្ហាញក្នុងអង្គសន្និបាតនេះ បានឱ្យដឹងថា រយៈពេលប្រមាណ ៦ខែដើមឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង ៥០ម៉ឺននាក់ កើនឡើង ៣៩៤% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ តែនៅថយចុះ៨៤.៨% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ (មុនវិបត្តិ) ដោយភាគ ច្រើនមកពីប្រភពទីផ្សារវៀតណាម ថៃ ចិន សហរដ្ឋអាមេរិក ឥណ្ឌូណេស៊ី បារាំង កូរ៉េ ម៉ាឡេស៊ី អង់គ្លេស អូស្រ្តាលី សិង្ហបុរី និងឥណ្ឌា។
ក្នុងរយៈពេលដូចគ្នានេះ កម្ពុជាទទួលបានភ្ញៀវទេសចរផ្ទៃក្នុងជាង៧លាននាក់ ក្នុងនោះទេសចរជាតិមានប្រមាណ ៦.៣៣លាននាក់ កើនឡើង ២១៩% និងទេសចរបរទេសផ្ទៃក្នុងមានប្រមាណ ៦៨ ម៉ឺននាក់ កើនឡើង ៣៨០% ធៀបរយៈ ពេលដូចគ្នាឆ្នាំ២០២១។
កម្ពុជារំពឹងថា នឹងអាចទទួលបានភ្ញៀវទេសចរអន្តរជាតិក្នុងរង្វង់ ១លាននាក់ នៅ ក្នុងឆ្នាំ២០២២នេះ និងប្រមាណ ២លាននាក់ នៅក្នុងឆ្នាំ២០២៣ខាងមុខ ជាឆ្នាំដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម លើកទី ៣២។
ក្នុងសន្និបាតនេះ ក៏មានការវាយតម្លៃថា យ៉ាងហោចណាស់ កម្ពុជាត្រូវចាំដល់ឆ្នាំ ២០២៦ ឬឆ្នាំ២០២៧ ទើបស្ថានភាពចំនួនភ្ញៀវទេសចរអន្តរជាតិ វិលទៅរកកំណើនដូចកាលពីឆ្នាំ២០១៩ ដែលមិនទាន់មានវិបត្តិជំងឺកូវីដ១៩ រីករាលដាល។ ទាំងនេះគឺដោយសារសម្ពាធពីកត្តាខាងក្រៅមួយចំនួនដែលយើងកំពុងជួបនោះ មានដូចជាចរន្តនៃការធ្វើដំណើរទេសចរចេញក្រៅសំខាន់ៗ លទ្ធភាពនៅក្នុងការផ្លាស់ប្តូរគោល នយោបាយគ្មានកូវីដ-១៩ (Zero-COVID Policy) របស់ប្រទេសចិននៅក្នុងពេលខាងមុខឥទ្ធិពលនៃវិបត្តិនៅអ៊ុយក្រែន ឥទ្ធិពលនៃវិបត្តិសេដ្ឋកិច្ចដែលបានធ្វើឱ្យមានការថមថយអំណាចទិញ គឺសុទ្ធបានជំរុញឱ្យមានការផ្លាស់ប្តូរគោលដៅនៃការតភ្ជាប់មកកាន់កម្ពុជាទាំងតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក។ ម្យ៉ាងទៀត ការប្រកួតប្រជែងស្រួចស្រាល់ពីប្រទេសជិតខាងដែលជាគោលដៅទាក់ទាញទេសចរពីប្រភពទីផ្សារដូចគ្នា និងការផ្លាស់ប្តូរឥរិយា បថនៃការធ្វើដំណើររបស់ទេសចរជាសកលផងនោះ ក៏ជាកត្តារួមចំណែករាំងស្ទះក្នុងការទាក់ទាញកំណើននេះដែរ៕



ប្រភព៖ ក្រសួងព័ត៌មាន