វី ឌីណែត លះបង់ខ្ពស់ខ្លាំងក្នុងរឿងមួយនេះ
- BY
- Liny Chan
- July 14, 2022
ភាពយន្តសង្គមគ្រួសារជាច្រើន បានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ហង្សមាស និងបញ្ចប់ទៅជាបន្តបន្ទាប់ដោយមានការគាំទ្រច្រើនពីសំណាក់ទស្សនិកជន ក៏ព្រោះតែភាគច្រើននៃភាពយន្តទាំងនោះឆ្លុះបញ្ចាំងពីតថភាពជាក់ស្ដែង ដែលបានកើតឡើងនៅក្នុងសង្គមទាំងមូល ស្ទើរតែគ្រប់វណ្ណៈនៃគ្រួសារនៅក្នុងប្រទេសកម្ពុជាទាំងមូល ដោយមានទាំងបញ្ហា ក្ដីរំភើប ភាពសប្បាយរីករាយ គ្រប់រសជាតិ។

នៅពេលនេះ ទូរទស្សន៍ហង្សមាសក៏ត្រៀមនឹងមានការចាក់ផ្សាយនូវភាពយន្តខ្លី បែបសង្គមគ្រួសារថ្មីមួយទៀត ដើម្បីបំពេញចំណីចក្ខុរបស់អ្នកគាំទ្រជាបន្តទៀត នោះគឺភាពយន្ត លះបង់។ នេះជាចំណីអារម្មណ៍ថ្មីមួយទៀតហើយ ដែលសាច់រឿងទាំងមូលបង្ហាញពីការលះបង់របស់នារីម្នាក់ដែលកើតក្នុងគ្រួសារក្រីក្រ សុខចិត្តរងការឈឺចាប់តែម្នាក់ឯង លះបង់សុភមង្គលផ្ទាល់ខ្លួនព្រោះតែជីវភាព រស់នៅក្ដៅក្រហាយដូចក្នុងភ្លើងនរក ដើម្បីប្ដូរមកវិញអោយគ្រួសារទាំងមូលមានក្ដីសុខ មិនចង់បានតម្លៃតបស្នងអ្វីឡើយ។ តែទីបំផុតអ្វីដែលនាងទទួលបានមកវិញ ជារឿងដែលនឹកស្មានមិនដល់។ គ្រប់ឈុតគ្រប់ឆាក ប្រទាក់ក្រឡាគ្នា មនោសញ្ចេតនាទឹកភ្នែក នឹងធ្វើអោយទស្សនិកជនហូរទឹកភ្នែកតាមដោយមិនដឹងខ្លួន។ អ្វីដែលពិសេស ភាពយន្តសង្គមគ្រួសារ រឿង លះបង់ នេះដែរមានការចូលរួមសម្ដែងដោយតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស ដូចជា កញ្ញា វី ឌីណែត កញ្ញា កែវ សុបញ្ញា លោក សំ សុវណ្ណារាក់ ព្រមទាំងតារាសម្ដែងល្បីៗជាច្រើនដួងទៀតផងដែរ ។ សម្រាប់ខ្សែរឿងនេះផងដែរ កញ្ញា វី ឌីណែត លះបង់ខ្ពស់ទាំងការសម្ដែង និងក្នុងសាច់រឿងតែម្ដង ។
ភាពយន្តសង្គមគ្រួសារ រឿង លះបង់ ចាក់ផ្សាយជូនទស្សនា រៀងរាល់ថ្ងៃច័ន្ទ អង្គារ ពុធ វេលាម៉ោង ៧ ដល់ម៉ោង ៨យប់ នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ៕





- Share This Post:






