ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជា ជាប្រទេសដំបូងគេមួយនៅក្នុងតំបន់ដែលបានបើកចំហ ដោយកាត់បន្ថយរបាំងទទួលទេសចរអន្តរជាតិ ក្នុងការចូលមកក្នុងប្រទេស

    BY Khmernote Media July 14, 2022
    សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជា ជាប្រទេសដំបូងគេមួយនៅក្នុងតំបន់ដែលបានបើកចំហ ដោយកាត់បន្ថយរបាំងទទួលទេសចរអន្តរជាតិ ក្នុងការចូលមកក្នុងប្រទេស

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជាជាប្រទេសដំបូងគេមួយនៅក្នុងតំបន់ ដែលបានបើកចំហ ដោយកាត់បន្ថយរបាំងទទួលទេសចរអន្តរជាតិ ក្នុងការចូលមកកាន់ប្រទេសកម្ពុជា ហើយកាលពីខែមីនា ឆ្នាំ២០២២ កម្ពុជាក៏បានសម្រេចបើកការធ្វើដំណើរតាមច្រក ទ្វារអន្តរជាតិឡើងវិញ និងផ្តល់ទិដ្ឋាការនៅពេលមកដល់និងលុបចោលលក្ខខណ្ឌតម្រូវឱ្យបង្ហាញលទ្ធផល PCR តេស្តអវិជ្ជមាន និងមិនតម្រូវឱ្យធ្វើតេស្តរហ័សនៅពេលមកដល់ដោយគ្រាន់តែបង្ហាញប័ណ្ណ ឬព័ត៌មាននៃការចាក់វ៉ាក់សាំងគ្រប់ដូស។

    ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្ការនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី១ (២០២០-២០២១) និងឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅផែនការស្តារឡើងវិញនូវវិស័យទេសចរណ៍ក្នុងដំណាក់កាលទី២ (ឆមាសទី២ ឆ្នាំ២០២២-២០២៣) ដែលមានអ្នកចូលរួមប្រមាណ៥០០នាក់ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ នៅសណ្ឋាគារសុខា រ៉េស៊ីដង់ភ្នំពេញ សម្ដេចតេជោនាយករដ្ឋមន្ត្រីលើកឡើងថា ក្នុងមួយទសវត្សរ៍ចុងក្រោយនេះ វិស័យទេសចរណ៍កម្ពុជាបានរីកលូតលាស់គួរជាទីមោទនៈ។ ជាអកុសល ការរីកចម្រើននៃវិស័យនេះត្រូវបានបង្អាក់ ស្ទើរតែទាំងស្រុងក្នុង អំឡុងពេលជាង ២ឆ្នាំចុងក្រោយ ដោយសារវិបត្តិជំងឺកូវីដ១៩ ដែលជះឥទ្ធិពលអវិជ្ជមាន និងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ការអភិវឌ្ឍនៅទូទាំងសកលលោក។

    វិស័យទេសចរណ៍ រងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេដោយសារជំងឺកូវីដ-១៩ បានផ្អាកការធ្វើដំណើរទាំងក្នុង និងក្រៅប្រទេស ដែលបង្ខំឱ្យអាជីវកម្មទេសចរណ៍ និងធុរកិច្ចពាក់ព័ន្ធបិទទ្វារ និងធ្វើឱ្យបុគ្គលិករាប់ម៉ឺននាក់បាត់បង់ការងារ។ សម្ដេចតេជោគូសបញ្ជាក់ថា ជាមួយនឹងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាព សាធារណៈ និងជីវភាពរបស់បងប្អូនប្រជាជន ព្រមទាំងទស្សនៈវិស័យ “ការគិតពីប្រជាជន គិតពីសេដ្ឋកិច្ច គិតពីអនាគត” រាជរដ្ឋាភិបាលបានដាក់ចេញវិធាន ការអន្តរាគមន៍ ចំនួន ១០ ជុំ រួមទាំងវិធានការ នានានៅឆ្នាំ២០២២នេះ ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃវិបត្តិជំងឺកូវីដ-១៩ មកលើការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច សំដៅធានាលំនឹងជីវភាព ប្រចាំថ្ងៃរបស់ប្រជាជន និងលំនឹងនៃសកម្មភាពសេដ្ឋកិច្ច ធុរកិច្ច និងវិនិយោគ។

    ដើម្បីបន្តពង្រឹងការអភិវឌ្ឍវិស័យទេសចរណ៍ ពិសេសជំរុញសន្ទុះនៃវិស័យនេះឱ្យប្រសើរឡើងវិញនោះ សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលបានដាក់ចេញនូវ អនុសាសន៍មួយចំនួន ដែលក្នុងនោះរួមមាន៖

    ទី១.ត្រូវធានានូវការអភិវឌ្ឍប្រកបដោយចីរភាព ភាពធន់ និងបរិយាប័ន្ន ក្នុងនោះ ក្រុមការងាររាជរដ្ឋាភិបាល និងវិស័យឯកជន ក្រសួងទេសចរណ៍ និងក្រសួង-ស្ថាប័ន ពាក់ព័ន្ធត្រូវបន្តជំរុញការអនុវត្តក្របខណ្ឌ និងយុទ្ធសាស្ត្រ អភិវឌ្ឍន៍វិស័យទេសចរណ៍ ព្រមទាំងយុទ្ធសាស្ត្រនានាដែល បានដាក់ចេញក្នុងការជំរុញសន្ទុះនៃវិស័យទេសចរណ៍។ ក្រសួងទេសចរណ៍ត្រូវបន្តតាមដាន និងវិភាគស្ថានភាពវិស័យ ទេសចរណ៍កម្ពុជាតំបន់ និងសកលលោកឱ្យបានជាប់ជាប្រចាំ។

    ទី២.បន្តជំរុញការស្ដារឡើងវិញនៃវិស័យទេសចរណ៍ ដោយបន្តអនុវត្តន៍កម្មវិធីគាំពារអាជីវកម្មទេសចរណ៍ តាមរយៈការផ្ដល់ការអនុគ្រោះផ្នែកសារពើពន្ធ កម្មវិធីសហហិរញ្ញប្បទាន និងកម្មវិធីផ្តល់ការធានាឥណទាន តាមរយៈសាជីវកម្មធានា ឥណទានកម្ពុជា។ ក្រសួងទេសចរណ៍ និងក្រសួង-ស្ថាប័ន ពាក់ព័ន្ធបន្តពង្រឹងការអភិវឌ្ឍមូលធនមនុស្សនៅក្នុងវិស័យទេសចរណ៍ ការអភិវឌ្ឍជំនាញ ការជំរុញអក្ខរកម្មឌីជីថល ការជំរុញសហគ្រិនវ័យក្មេង និងការជួយគាំទ្រសហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យទេសចរណ៍សំដៅឈានដល់ការអភិវឌ្ឍ “ទេសចរណ៍ឆ្លាត” ប្រកបដោយចីរភាព ភាពធន់ និងបរិយាបន្ន។

    ទី៣.បង្កើនភាពទាក់ទាញគោលដៅកម្ពុជាសម្រាប់ទីផ្សារ ទេសចរណ៍ជាតិ និងអន្តរជាតិ តាមរយៈបន្តពង្រឹងការអនុវត្ត វិធានសុវត្ថិភាព និងនីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី ជំរុញពិពិធកម្មគោលដៅផលិតផល និងសេវាកម្មទេសចរណ៍ប្រកបដោយគុណភាព សុវត្ថិភាព និងតម្លៃប្រកួតប្រជែងខ្ពស់។ ត្រូវសិក្សាប្រភពទីផ្សារគោលដៅ ដែលមានសក្តានុពល និងចាប់យកបច្ចេកវិទ្យាឌីជីថល ទាំងរដ្ឋ និងវិស័យឯកជន ពិសេសការគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ តាមបែបឌីជីថល ការទូទាត់តាមប្រព័ន្ធឌីជីថល និងការផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថល។

    ទី៤.ពង្រឹងការអនុវត្តយន្តការអភិបាលកិច្ចទេសចរណ៍ថ្មី ដើម្បីបន្តធានានូវភាពធន់ក្នុងវិស័យទេសចរណ៍ ដែលជា “មាសបៃតង” របស់កម្ពុជា។ ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ ត្រូវសហការជាមួយ ក្រសួង-ស្ថាប័នពាក់ព័ន្ធ សិក្សាបង្កើតវេទិការួមអចិន្ត្រៃយ៍ សម្រាប់តំបន់ទេសចរណ៍អាទិភាពនីមួយៗ ដើម្បី “រួមគិត រួមធ្វើ រួមទទួលខុសត្រូវទាំងអស់គ្នា” និងត្រូវពង្រឹងយន្តការគណៈកម្មាធិការអភិវឌ្ឍន៍ទេសចរណ៍រាជធានី-ខេត្ត។

    ទី៥.បន្តជំរុញចលនា ទេសចរណ៍ផ្ទៃក្នុងឱ្យបាន កាន់តែខ្លាំងក្នុងក្របខណ្ឌទូទាំងប្រទេស ក្រោមស្មារតីនៃយុទ្ធនាការ “ទស្សនាស្រុកយើង៖ ទេសចរណ៍ផ្សារភ្ជាប់ទឹកដី ឬ ស្រឡាញ់ជាតិត្រូវស្គាល់ទឹកដី” និងកិច្ចសហការជំរុញការ អនុវត្ត “វិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ ផ្ទៃក្នុងឆ្នាំ២០២១- ២០២៣ ឱ្យមានប្រសិទ្ធភាពខ្ពស់។

    ទី៦.ពង្រឹង និងបង្កើនលទ្ធភាពនៃការតភ្ជាប់មកកាន់ កម្ពុជាទាំងតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក ដើម្បីជំរុញការតភ្ជាប់ប្រភពទីផ្សារទេសចរណ៍សំខាន់ៗមកកម្ពុជា។ ក្រសួងទេសចរណ៍ និងក្រសួងស្ថាប័នពាក់ព័ន្ធត្រូវបន្តសហការ គ្នាឱ្យបានល្អ ប្រកបដោយស្មារតីបុរេសកម្ម និងអន្តរសកម្ម ព្រមទាំងប្រកាន់ខ្ជាប់នូវអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ការតភ្ជាប់ ចូលមកកម្ពុជាពីប្រភពទីផ្សារទេសចរណ៍សំខាន់ៗ នៅក្នុងតំបន់ និងសកលលោក។

    ទី៧.ដោយកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ សម្តេចតេជោស្នើឱ្យយកព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំនេះ ដាក់ចេញជាយុទ្ធនាការ ទស្សនាកម្ពុជាឆ្នាំ២០២៣ (Visit Cambodia Year 2023) ដើម្បីបង្កើនការផ្សព្វផ្សាយទេសចរណ៍កម្ពុជា។

    ជាមួយគ្នានេះ សូមក្រសួងស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋគ្រប់រូបចូលរួមយុទ្ធនាការ “កម្ពុជាស្អាត” និង “ទីក្រុងស្អាត រមណីយដ្ឋានស្អាតសេវាល្អ និងបដិសណ្ឋារកិច្ចល្អ” ដើម្បីលើកកម្ពស់មុខមាត់កម្ពុជាផង និងអបអរសាទរការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ាន ប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ផងដែរ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: