ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នឹងត្រូវដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ននៅដើមខែតុលា ហើយពលរដ្ឋអាចជិះផ្លូវនេះឥតគិតថ្លៃរយៈពេល ១ខែ
ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារ និងមន្ត្រីជំនាញ បន្តចុះពិនិត្យមើលសកម្មភាព និងវឌ្ឍនភាពសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ។

នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានធ្វើការបញ្ជាក់ថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនេះសម្រេចការសាងសង់បាន៩៥%ហើយ នៅសល់ ៥% ទៀត ទាក់ទងផ្លាកសញ្ញា ដាំដើមផ្កា ដាក់កាមេរ៉ាទៀតតែប៉ុណ្ណោះ។ ផ្លូវនេះគ្រោងនឹងដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន នៅថ្ងៃទី០១ ខែតុលា ហើយប្រជាពលរដ្ឋនឹងអាចប្រើប្រាស់ផ្លូវ ល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនេះ បានដោយឥតគិតថ្លៃ ក្នុងរយៈពេល១ខែផងដែរ។
សូមបញ្ជាក់ថា ផ្លូវល្បឿនលឿនពីភ្នំពេញ-ក្រុងព្រះសីហនុ ត្រូវបានធ្វើពិធីបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ពីប្រទេសចិន តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co.,Ltd ដោយ ចំណាយ ការវិនិយោគ ប្រមាណ២ ០០០លានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណង ពីរដ្ឋាភិបាលចិន ប្រមាណ ១៥០លានដុល្លារ។
គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែង ១៨៧គីឡូម៉ែត្រ គិតត្រឹមថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២នេះ ដំណើរការនៃការដ្ឋានសាងសង់គឺស្ថិតក្នុងដំណាក់កាលនៃការសាងសង់បញ្ចប់ ហើយនឹងគ្រោងបញ្ចប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ និងគ្រោងដាក់ឱ្យដំណើរការសាកល្បងនៅក្នុងខែកក្កដា ឆ្នាំ២០២២ ខាងមុខ។ ផ្លូវនេះតភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕
គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ជាខ្សែផ្លូវថ្មីទាំងស្រុង ដែលមានប្រវែងសរុបប្រហែល ១៩០,៦៣៣ គ.ម។ ផ្លូវនេះត្រូវសាងសង់ជា ០៤គន្លង តួផ្លូវមានទទឹង ២៤ម៉ែត្រ ក្រាល AC មានសួនច្បារខណ្ឌកណ្តាល ចេញពីភ្នំពេញនៅចំណុចផ្លូវខ្សែក្រវ៉ាត់ក្រុងទី៣ មានផ្លូវបំបែកប្តូរទិស (Inter-Change) ភ្ជាប់មកផ្លូវជាតិលេខ៤ ចំនួន ៧កន្លែង មានស្ពានវែង-មធ្យម ៥៦កន្លែង ប្រវែង ៤.៤១៧ម៉ែត្រ ស្ពានខ្លី ៣៣កន្លែង ប្រវែង ៧៥០ម៉ែត្រ ស្ពានរំលង ៣២១កន្លែង កន្លែងឈប់សម្រាក ៣កន្លែង និងហេដ្ឋារចនាសម្ព័ន្ធសំណង់សេវាគាំទ្រជាច្រើនទៀត៕

