ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងសាធារណការ បញ្ជាក់ពីតម្លៃ ក្នុងឆ្នាំទី១ ជិះលើផ្លូវល្បឿនលឿន សម្រាប់ឡានគ្រួសារ ឬឡានទេសចរណ៍ នឹងត្រូវគិត ១២ដុល្លារក្នុងមួយជើង

    BY Khmernote Media July 19, 2022
    ក្រសួងសាធារណការ បញ្ជាក់ពីតម្លៃ ក្នុងឆ្នាំទី១ ជិះលើផ្លូវល្បឿនលឿន សម្រាប់ឡានគ្រួសារ  ឬឡានទេសចរណ៍ នឹងត្រូវគិត ១២ដុល្លារក្នុងមួយជើង

    ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ថ្ងៃអង្គារ ៦រោច ខែអាសាឍ ឆ្នាំខាល ត្រីស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំក្រុមអ្នកបច្ចេកទេសក្រសួងចុះពិនិត្យវឌ្ឍនភាពការងារគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះស៊ីហនុ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងភាគីពាក់ព័ន្ធផងដែរ។

    ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងថា៖ ក្រោយផុតរយៈពេលដាក់ឱ្យប្រើប្រាស់បណ្តោះ អាសន្ន ក្រុមហ៊ុននឹងចាប់ផ្តើមយកថ្លៃ នៃការប្រើប្រាស់ផ្លូវនេះ ដោយក្នុងនោះម្ចាស់រថយន្តអាចទិញកាតអេឡិចត្រូនិក ETC សម្រាប់ប្រើប្រាស់ក្នុងការទូទាត់ ប្រព័ន្ធសេនស័រ ដាក់នៅពីមុខរថយន្តរបស់ខ្លួនជួយឱ្យចំណេញពេលក្នុងការធ្វើដំណើរ ដោយមិនចាំបាច់ឈប់ ពេលដល់កន្លែងបញ្ជរបង់ប្រាក់ ពេលចាកចេញនៅកន្លែងប្ដូរទិស ម៉ាស៊ីននៅតាមបញ្ជរបង់ប្រាក់នឹងគិតតម្លៃធ្វើដំណើរដោយស្វ័យប្រវត្តិ។ អ្នកធ្វើដំណើរកអាចទិញកាតអេឡិចត្រូនិចនោះបាន នៅតាមធនាគារដៃគូរបស់ក្រុមហ៊ុនសាងសង់ ។ ក្នុងករណីគ្មានកាតអេឡិចត្រូនិក ETC បុគ្គលិកនៅតាមច្រកចូល នឹងផ្តល់កាតមួយឱ្យម្ចាស់យានយន្ត ពេលធ្វើដំណើរចាកចេញច្រកណាមួយបុគ្គលិកនៅតាមបញ្ជរនឹងយកកាតនោះទៅឆូតតាមកុំព្យូទ័រ និងបង្ហាញពីតម្លៃត្រូវទូទាត់។

    ទាក់ទងនឹងតម្លៃធ្វើដំណើរវិញ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនថា៖ គិតជាមធ្យមនៅប្រទេសគេ ថ្លៃធ្វើដំណើរលើផ្លូវល្បឿនលឿនត្រូវបានគិតចំនួន១០សេនក្នុងមួយគីឡូម៉ែត្រ។ ដោយឡែកនៅកម្ពុជាវិញ ក្នុងឆ្នាំទីមួយក្រុមហ៊ុននឹងគិតថ្លៃធ្វើដំណើរទៅតាមប្រភេទយានយន្ត ក្នុងនោះរថយន្តគ្រួសារនឹងត្រូវគិតថ្លៃ ចំនួន២៤ដុល្លារអាមេរិក ក្នុងនោះចំនួន១២ដុល្លារទៅ និងចំនួន១២ដុល្លារមក ហើយនៅឆ្នាំទីពីរក្រុមហ៊ុននឹងពិនិត្យយកតម្លៃធ្វើដំណើរយោងតាមកិច្ចព្រមព្រៀងសម្បទានដែលកម្ពុជាបានចុះហត្ថលេខាជាមួយក្រុមហ៊ុនសាងសង់។

    សូមជម្រាបជូនថា៖ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែងសរុប ១៨៧,០៥គីឡូម៉ែត្រ ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។ ផ្លូវនេះតភ្ជាប់ពីភូមិ១ សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕

    ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT

    Share This Post: