ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងសាធារណការ គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវលេខ១៤៦បេ និងផ្លូវលេខ១៤៨ សម្រេចសាងសង់បាន ៩៩,៨១ភាគរយហើយ

    BY Khmernote Media July 20, 2022
    ក្រសួងសាធារណការ គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវលេខ១៤៦បេ និងផ្លូវលេខ១៤៨ សម្រេចសាងសង់បាន ៩៩,៨១ភាគរយហើយ

    ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃពុធ ៧រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកក្រុមការងារបច្ចេកទេសពាក់ព័ន្ធរបស់ក្រសួង អញ្ជើញចុះពិនិត្យគម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវលេខ១៤៦បេ (វិថីសម្ដេចសង្ឃរាជទេពវង្ស) និងផ្លូវលេខ១៤៨ ដោយមានការអញ្ជើញចូលរួមពីក្រុមការងារបច្ចេកទេសមន្ទីរសាធារណការ និងដឹកជញ្ជូន តំណាងក្រុមហ៊ុនសាងសង់ និងទីប្រឹក្សាបច្ចេកទេស។

    ជាលទ្ធផលនៃការធ្វើតេស្តបានបង្ហាញថា៖ ផ្លូវនេះសាងសង់បានល្អ មានគុណភាពរឹងមាំដោយហេតុថា មានការធ្វើតេស្តសាកល្បងចំនួន៤១៤កន្លែង ក្នុងនោះមានតែពីរកន្លែងប៉ុណ្ណោះមាន គុណភាពក្រោមកម្រិតបច្ចេកទេសបន្តិច ប៉ុន្តែអាចទទួលយកបាន។ ហើយចំពោះកំណាត់ផ្លូវក្រាល AC វិញ កម្រិតនៃភាពរលាក់ IRI មានតម្លៃតូចជាង ២m/km ដែលស្ថិតក្នុងកម្រិតល្អណាស់។ ហើយចំពោះផ្លូវបេតុង ការពិនិត្យកម្រិតនៃភាពកកិត ក៏ត្រូវបានផ្ទៀងផ្ទាត់ឡើងវិញដែរ ហើយជាលទ្ធផលឃើញថា តម្លៃនៃភាពកកិតរបស់ផ្ទៃកម្រាលបេតុង គឺខ្ពស់ជាងស្តង់ដារដែលបានកំណត់។

    យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានបច្ចេកទេសក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា៖ គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវលេខ១៤៦បេ (វិថីសម្ដេចសង្ឃរាជទេពវង្ស) និងផ្លូវលេខ១៤៨ សម្រេចវឌ្ឍនភាពការងារបាន៩៩,៨១% ហើយគិតរហូតមកទល់ពេលនេះ។

    សូមជម្រាបជូនថា កំណាត់ផ្លូវនេះគឺជាផ្លូវវាងក្រុងដ៏មានសក្ដានុពលសម្រាប់បម្រើឱ្យការដឹកជញ្ជូន ទំនិញនាំចេញ-ចូលតាមនាវា កសិផល និងជលផលរបស់បងប្អូនប្រជាពលរដ្ឋ នៅស្រុកស្ទឹងហាវ ក៏ដូចជាបងប្អូនរស់នៅតំបន់ទំនប់រលកចាស់នៃក្រុងព្រះសីហនុទៅកាន់ទីផ្សារ កាន់តែមានលក្ខណៈ ងាយស្រួល ឆាប់រហ័ស និងចំណាយតិច និងចូលរួមចំណែកដល់ការកាត់បន្ថយការកកស្ទះចរាចរណ៍ យានយន្តដឹកជញ្ជូនទំនិញធុនធ្ងន់តាមផ្លូវជាតិលេខ៤ផងដែរ៕

    ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT

    Share This Post: