ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឥទ្ធិពលនៃការកើនឡើងថ្លៃប្រេង និងម្ហូបអាហារពិភពលោក ធ្វើឱ្យអតិផរណានៅកម្ពុជាកើនឡើងជាបន្តបន្ទាប់

    BY Khmernote Media July 20, 2022
    ឥទ្ធិពលនៃការកើនឡើងថ្លៃប្រេង និងម្ហូបអាហារពិភពលោក ធ្វើឱ្យអតិផរណានៅកម្ពុជាកើនឡើងជាបន្តបន្ទាប់

    ​រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា ឯកឧត្តម ជា ចាន់តូ ទេសាភិ បាលធនាគារជាតិនៃកម្ពុជា មានប្រសាសន៍ថា ក្រោមឥទ្ធិពលនៃការកើនឡើងថ្លៃប្រេង និងម្ហូបអាហារពិភពលោក បានធ្វើឱ្យអតិផរណានៅកម្ពុជាកើនឡើងជាបន្តបន្ទាប់ដល់៧,២ភាគរយ នៅខែឧសភា ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង១ ទសវត្សរ៍ចុងក្រោយនេះ។

    ថ្លែងក្នុងឱកាសបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ ២០២២ របស់ធនាគារជាតិ នៃកម្ពុជា នៅថ្ងៃទី២០ ខែ កក្កដានេះ ឯកឧត្តមបានបញ្ជាក់ថា ក្នុងស្ថានភាពនេះ ធនាគារជាតិនៃកម្ពុជា បានថ្លឹងថ្លែងការអនុវត្តនយោបាយរូបិយវត្ថុ ដើម្បីគ្រប់គ្រងសម្ពាធអតិផរណាផង និងគាំទ្រការស្តារកំណើនសេដ្ឋកិច្ចផង ក្នុងនោះអត្រាប្តូរប្រាក់ ត្រូវបានបន្តរក្សាឱ្យមានស្ថិរភាព ដើម្បីការពារអំណាចទិញរបស់ប្រាក់រៀល ក៏ដូចជាប្រាក់ចំណូលរបស់ប្រជាពលរដ្ឋងាយរងគ្រោះ។ ឯកឧត្តម ពន្យល់ថា ដោយសារបញ្ហាដុល្លារូបនីយកម្ម ធ្វើឱ្យការប្រែប្រួលអត្រាប្តូរប្រាក់មានឥទ្ធិ ពលដោយផ្ទាល់ និងឆាប់រហ័សមកលើអតិផរណានៅកម្ពុជា ហើយកាលណាតម្លៃប្រាក់រៀលធ្លាក់ចុះ នោះនឹងនាំឱ្យតម្លៃទំនិញ និងសេវានានាកើនឡើងភ្លាមផងដែរ។

    ឯកឧត្តម ជា ចាន់តូ បានឱ្យដឹងថា ក្នុងការគាំទ្រ និងជំរុញកំណើនសេដ្ឋកិច្ច នយោបាយរូបិយវត្ថុវិត្ថារកម្មត្រូវបានបន្តអនុវត្ត តាមរយៈការរក្សាអត្រាប្រាក់បម្រុងកាតព្វកិច្ចក្នុងកម្រិត ៧ភាគរយទាំងជាប្រាក់រៀលនិងរូបិយប័ណ្ណដែលបានផ្តល់លទ្ធភាពដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ឱ្យមាន សាច់ប្រាក់ក្នុងដៃបន្ថែម ។

    យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា បង្ហាញ ថា ការអូសបន្លាយនៃសង្រ្គាម និងការដាក់ទណ្ឌកម្មនានាលើប្រទេសរុស្ស៊ី បានធ្វើឱ្យថ្លៃប្រេងឥន្ធនៈ និងម្ហូបអាហារពិភពលោកកើនឡើងជា លំដាប់ ដោយសាររុស្ស៊ី និងអ៊ុយក្រែន សុទ្ធតែជាប្រទេសឈានមុខគេក្នុងការនាំចេញវត្ថុធាតុដើមដូចជា ប្រេង ឥន្ធនៈ ឧស្ម័ន ជី និងផលិត ផលកសិកម្ម ជាដើម ។

    ជាក់ស្តែង នៅត្រឹមខែមិថុនា ឆ្នាំ២០២២នេះ អត្រាអតិផរ ណាសហរដ្ឋអាមេរិក បានកើនឡើងដល់៩,១ភាគរយ ដែលជាកម្រិតខ្ពស់បំផុតក្នុង រយៈពេល៤០ឆ្នាំចុងក្រោយនេះ ស្របពេលដែលអតិផរ ណានៅតំបន់ចាយប្រាក់អឺរ៉ូបានកើនដល់៨,៦ភាគរយ ដែលជាអត្រាខ្ពស់បំផុតចាប់តាំងពីការបង្កើតប្រាក់អឺរ៉ូមក។

    ជាមួយគ្នានេះ ការដំឡើងអត្រាការប្រាក់គោលនៅសហរដ្ឋអាមេរិក បាននាំឱ្យមានរំហូរមូលធនចូលសហ រដ្ឋអាមេរិក ដែលធ្វើឱ្យតម្លៃប្រាក់ដុល្លារអាមេរិកកើនឡើង។ ជាលទ្ធផល រូបិយ ប័ណ្ណនៅប្រទេសជាច្រើនបានថយថ្លៃធៀបនឹងដុល្លារអាមេរិក ហើយបន្ថែមលើនេះ នៅប្រទេសកំពុងលូតលាស់ និងកំពុងអភិវឌ្ឍន៍ ទុនបម្រុងអន្តរជាតិក៏បានស្រកចុះផងដែរ ដូចជា ប្រទេសឡាវ ស្រីលង្កា និងបង់ក្លាដែស ជាដើម ដែលបង្កជាបញ្ហាប្រឈមដល់ការអនុវត្តនយោបាយរូបិយវត្ថុនិងទិញទំនិញក្រៅប្រទេស។ ម៉្យាងទៀត ការបន្តអនុវត្តនយោបាយគ្មានកូវីដ-១៩ (Zero COVID policies) យ៉ាងម៉ឺងម៉ាត់នៅប្រទេសចិន ក៏បានបង្កឱ្យមានការរអាក់រអួលដល់ខ្សែច្រវាក់ផលិតកម្ មនិងផ្គត់ផ្គង់ទាំងក្នុងស្រុកនិងលើពិភពលោក៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: