អភិបាលរងខេត្តកំពង់ឆ្នាំង បញ្ជាក់ថា ផ្លូវនៅចន្លោះគីឡូម៉ែត្រ៣៩-៤០ នៅចំណុចស្ពានក្រាំងពន្លៃ ត្រូវបិទជាបណ្ដោះអាសន្ន ដោយសារទឹកជំនន់ហូរច្រោះដាច់ដីនិងស្ពាន
យោងតាមគណនីហ្វេសប៊ុករបស់ ឯកឧត្តម ខៀវ កញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងសូមគោរពរាយការណ៍ជូនឯកឧត្តមមេត្តាជ្រាបថា៖

ឯកឧត្តម សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារមានកងកម្លាំងនគរបាល កងរាជអាវុធហត្ថអាជ្ញាធរស្រុក ដើម្បីចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងហូរកាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៣៩និង៤០ ដើម្បីសម្រួលចរាចរណ៍ការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅមកដែលទឹកកំពុងហូរកាត់។
បើតាមការបញ្ជាក់ពីឯកឧត្តម សាន់ យូ បានអោយដឹងថា ផ្លូវនៅចន្លោះគីឡូម៉ែត្រ៣៩-៤០ ចំណុចស្ពានក្រាំងពន្លៃ ចំណុចដែលត្រូវជំនន់ទឹកភ្លៀងហូរកាត់ផ្លូវ នៅក្នុងភូមិសាស្ត្រព្រំប្រទល់ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ និងខេត្តកណ្ដាល ត្រូវបានបិទជាបណ្ដោះអាសន្ន ដោយសារទឹកជំនន់ហូរច្រោះដាច់ដីនិងស្ពានមួយកន្លែងប្រមាណជា ៣០-៤០ម៉ែត្រ រងចាំស្ថានភាពទឹកស្រក នឹងធ្វើការជួសជុលឡើងវិញ។
ឯកឧត្តម សាន់ យូ បានបញ្ជាក់ទៀតថា ដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍ ឯកឧត្តមបានស្នើសុំ គម្រោងជប៉ុន ធ្វើផ្លូវវាង ដែលជាផ្លូវថ្មីទើបនឹងស្ថាបនារួច សម្រាប់ប្រជាពលរដ្ឋធ្វើចរាចរណ៍ទៅមកតាមផ្លូវជាតិលេខ៥ នៅចន្លោះគីឡូម៉ែត្រ៣៩- ៤០ ចំណុចស្ពានក្រាំងពន្លៃ អាចធ្វើដំណើរតាមផ្លូវវាងបានវិញហើយ។ ចំពោះផ្លូវទឹកហូរច្រោះដល់ពេលទឹកស្រកនឹងធ្វើការជួសជុលឡើងវិញ៕






ប្រភព៖ Kanharith Khieu