ស្ត្រីម្នាក់ពាក់ព័ន្ធជាមួយនឹងជនជាតិនីហ្សេរីយ៉ា ដែលមានផ្ទុកជំងឺអុតស្វា ត្រូវបានអាជ្ញាធររកឃើញហើយ
យោងតាមការចុះផ្សាយនៅលើគណនីហ្វេសប៊ុក BTV Cambodia បានឲ្យដឹងថា នៅវេលាម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃអាទិត្យ ១១រោច ខែ អាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ ២០២២ ក្រុមការងារសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ សហការជាមួយក្រុមគ្រូពេទ្យមកពីក្រសួងសុខាភិបាល បានចុះមកដល់ទីតាំងផ្ទះ ស្រ្តីដែលមានការពាក់ពន្ធ័ ជាមួយអ្នកជំងឺជាជនជាតិនីហ្សេរីយ៉ាដែលត្រូវបានរកឃើញថាមានជំងឺអុតស្វា ចំនួន២នាក់ ស្ថិតនៅបន្ទប់ជួល ភូមិសន្សំ ៥ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ អ្នកទាំង២នាក់នេះជាអ្នករួមដំណើរលើរឺម៉ក់ជាមួយបុរសជនជាតិនីហ្សេរីយ៉ា ដែលមានជំងឺអុតស្វា។

គួរបញ្ជាក់ផងដែរថា កាលពីល្ងាចថ្ងៃសៅរ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២២ បុរសជនជាតិនីហ្សេរីយ៉ា ដែលកើតជំងឺអុតស្វា រត់គេចពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា ត្រូវបានរកឃើញ បន្ទាប់ពីមានការស្វែងរកយ៉ាងសស្រាក់សស្រាំ ពីអជ្ញាធរជំនាញ សហការណ៍ជួយអជ្ញាធរខណ្ឌដូនពេញ និងខណ្ឌក្នុងរាជធានីភ្នំពេញ ធ្វើស្រាវជ្រាវរហូតរដល់រកឃើញជនខាងលើ នេះនៅម្ដុំផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញវិញ។ ជនជាតិនីហ្សេរីយ៉ារូបនេះ ត្រូវបានប្រគល់ជូនមន្ដ្រីជំនាញរបស់ក្រសួងសុខាភិបាល ដើម្បីអនុវត្តវិធានការបន្ដ៕

ប្រភព៖ BTV Cambodia