ទូតខ្មែរនៅជប៉ុន ជូនដំណឹងដល់ពលរដ្ឋខ្មែរកំពុងរស់នៅ ធ្វើការ និងសិក្សានៅជប៉ុន ឱ្យប្រុងប្រយ័ត្នចំពោះបន្ទុះភ្នំភ្លើង Sakurajima
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងរស់នៅធ្វើការ និងសិក្សានៅប្រទេសជប៉ុនឱ្យបានជ្រាបថា៖

ទីភ្នាក់ងារជាតិឧតុនិយមជប៉ុនបានជូនដំណឹងអំពីបន្ទុះភ្នំភ្លើង Sakurajima ស្ថិតនៅខេត្ត Kagoshima នៃភាគខាងត្បូងប្រទេសជប៉ុន កាលពីយប់ថ្ងៃអាទិត្យ ទី២៤ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ៨៖០៥នាទីយប់ និងធ្វើការប្រកាសអាសន្នកម្រិតខ្ពស់ ចំពោះហានិភ័យដែលអាចកើតឡើងពីហេតុការណ៍បន្ទុះភ្នំភ្លើងនេះ ជាពិសេសតំបន់លំនៅដ្ឋាននៅ Arimunra និង Furusato ដែលស្ថិតចន្លោះចម្ងាយ ៣គីឡូម៉ែត្រ ជុំវិញចំណុចកំពូលភ្នំភ្លើង។ អាជ្ញាធរមូលដ្ឋានបានចេញបញ្ជាឱ្យប្រជាជននៅខណ្ឌ Arimunra និងផ្នែកខ្លះនៃខណ្ឌ Furusato ប្រមាណ ៥១នាក់ ធ្វើការជម្លៀសទៅរកកន្លែងសុវត្ថិភាព។
សូមបងប្អូនពលរដ្ឋខ្មែរ ដែលកំពុងរស់នៅតំបន់ខាងលើ មានការប្រុងប្រយ័ត្នខ្ពស់ និងក្នុងករណីបងប្អូនទទួលព័ត៌មានអំពីពលរដ្ឋខ្មែរយើងដែលរងផលប៉ះពាល់ សូមមេត្តាជូនដំណឹងមកស្ថានទូតជាបន្ទាន់តាមរយៈហ្វេសប៊ុកស្ថានទូត Royal Embassy of Cambodia in Japan ឬ ០៨០ ៤៦៨៨ ៩៣៧៤។ សូមជូនពរបងប្អូនទាំងអស់គ្នាជួបសុខសុវត្ថិភាព រួចផុតពីគ្រោះធម្មជាតិ និងចៀសផុតពីជំងឺឆ្លងនានា ៕
