ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ចុះត្រួតពិនិត្យទីតាំងបាក់ច្រាំងទន្លេសាប និងផ្លូវបេតុង នៅភូមិព្រែកតាគង់
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដឹកនាំមន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យទីតាំងបាក់ច្រាំងទន្លេសាបដែលប៉ះពាល់លំនៅដ្ឋាន និងផ្លូវបេតុង ស្ថិតនៅភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២។

លោក អឿ ស៊ីផុន ចៅសង្កាត់ព្រែកតាសេក បានឲ្យដឹងថា ច្រាំងទន្លេដែលបាក់ចូលទៅក្នុងទន្លេ នៅចំណុចភូមិព្រែកតាគង់ សង្កាត់ព្រែកនេះ បានបាក់ចំនួន៣ដង ជាបន្តបន្ទាប់គ្នា ប្រមាណជិត៥ខែមកហើយ ហើយក៏ត្រូវបានលោកអភិបាល ចាត់កម្លាំងអាជ្ញាធរ និងប្រជាពលរដ្ឋ សហការគ្នាទប់បណ្តោះអាសន្ន ដើម្បីកុំឲ្យបាក់ផ្ទះប្រជាពលរដ្ឋចូលទៅក្នុងទន្លេទៀត។
ការបាក់ច្រាំងទន្លេនេះ គឺបណ្តាលមកពីដីជ្រាបទឹកចេញពីព្រែកតាគង់ ធ្វើឲ្យដីផ្នែកខាងក្រោមជ្រាយ ឈានទៅដល់ការបាក់តែម្តង។ ចំពោះការងារដែលត្រូវអនុវត្ត ដោយសារតែទឹកទន្លេសាបនៅទាប គឺអាចដំណើរការ លើការងារនេះបាន ដោយត្រូវប្រើថ្មតូច ធំ ចាក់ទប់នៅបាតច្រាំងទន្លេ, កាយយកដីស្អុយចេញ, ចាក់ខ្សាច់ក្រាលពីក្រោម និងចាក់ដីពីលើបំពេញផ្លូវដែលបាក់នេះតែម្តង ហើយផ្លូវដែលបាក់នេះ មានប្រវែង៩០ម៉ែត្រ ត្រូវចាក់បំពេញ។ ប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុ បានចូលមកជួប លោក ឃួង ស្រេង និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោក ឃួង ស្រេង ដែលតែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ពិសេសគឺបានជួយទប់ច្រាំងទន្លេដែលបាក់នេះឡើងវិញ៕






ប្រភព៖ ក្រសួងព័ត៌មាន