ក្រសួងសុខាភិបាល ច្រានចោលទាំងស្រុងនូវការផ្សព្វផ្សាយព័ត៌មានមិនពិតថា មានស្រ្ដីផ្ទៃពោះម្នាក់នៅខេត្តសៀមរាបមានកើតជំងឺអុតស្វា
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ បានចេញសេចក្ដីជូនព័ត៌មាន ស្ដីពីករណីស្ត្រីមានផ្ទៃពោះ ៨ខែ អវិជ្ជមានវីរុសអុតស្វា នៅខេត្តសៀមរាប ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២។

ក្រសួងសុខាភិបាល សូមច្រានចោលទាំងស្រុងនូវការផ្សព្វផ្សាយព័ត៌មាន មិនពិតថា មានស្រ្តីផ្ទៃពោះម្នាក់នៅខេត្តសៀមរាបមានកើតជំងឺអុតស្វា និងសូមជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា មន្ទីរពេទ្យសៀមរាប បានទទួលអ្នកជំងឺម្នាក់ ដែលជាស្ត្រីមានផ្ទៃពោះ ៨ខែ អាយុ ២៣ឆ្នាំ មានអាស័យដ្ឋាននៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ ស្រ្តីរូបនេះ មានរោគសញ្ញាចេញពងទឹកនៅលើដើមទ្រូង និងដៃ (ស្រដៀងទៅនឹងជំងឺអុតស្វា) ដែលស្វាមីបាននាំមកពិនិត្យព្យាបាលជំងឺនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២។
ក្រុមគ្រូពេទ្យបានឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តសៀមរាប ដោយបានសហការជាមួយក្រុមគ្រូពេទ្យឆ្លើយតបបន្ទាន់របស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល បានចុះទៅពិនិត្យស្ថានភាពអ្នកជំងឺ និងយកវត្ថុសំណាករបស់អ្នកជំងឺ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ដើម្បីទៅពិនិត្យវិភាគនៅមន្ទីរពិសោធន៍ប៉ាស្ទ័រកម្ពុជា ដោយទទួលបានលទ្ធផល អវិជ្ជមានវីរុសអុតស្វា នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ។
បច្ចុប្បន្ននេះ គាត់មានស្ថានភាពវិវត្តន៍ទៅរក ការធូរស្រាលជាបណ្ដើរៗ ក្រោមការជួយពិនិត្យតាមដាន និងព្យាបាលជំងឺជូនគាត់ ដោយក្រុម គ្រូពេទ្យនៃមន្ទីរពេទ្យខេត្តសៀមរាប ៕
