PR

ប្រជាពលរដ្ឋវៀតណាម 33,000 នាក់បានអំពាវនាវឱ្យបញ្ឈប់ការជួញដូរសាច់សត្វឆ្កែ និងសត្វឆ្មា

BY
Liny Chan
July 29, 2022

FOUR PAWS បានប្រារព្ធកម្មវិធីមួយនៅទីក្រុងហាណូយ ដើម្បីប្រគល់ញត្តិរបស់ប្រជាពលរដ្ឋវៀតណាមទៅកាន់រដ្ឋាភិបាលវៀតណាម
ប្រទេសវៀតណាម – កាលពីខែធ្នូកន្លងទៅ អង្គការ FOUR PAWS ដែលជាអង្គការធ្វើការផ្តោកលើសុខុមាលភាពសត្វទូទាំងពិភពលោក បានសរសេរលិខិតមួយច្បាប់ទៅកាន់ឧបនាយករដ្ឋមន្ត្រីវៀតណាម ឯកឧត្តម Vu Duc Dam ដោយអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់នូវការជួញដូរសាច់ឆ្កែ និងឆ្មា។ លិខិតនេះត្រូវបានចុះហត្ថលេខា និងគាំទ្រដោយប្រជាពលរដ្ឋវៀតណាមចំនួន 33,000 នាក់ តាមរយៈយុទ្ធនាការ “នេះមិនមែនវៀតណាម”។

ការអំពាវនាវឱ្យបញ្ឈប់ការជួញដូរសាច់ឆ្កែ និងឆ្មា ក៏ត្រូវបានចូលរួមអំពាវនាវដោយក្រុមហ៊ុនទេសចរណ៍ធំៗជាង 40 ដែលបានសន្យាថានឹងគាំទ្រនៅយុទ្ធនាការមួយនេះយ៉ាងមុតមាំ។ លើសពីនេះ មនុស្សជាង 1.6 លាននាក់ទូទាំងពិភពលោកបានចុះហត្ថលេខាលើញត្តិ ហើយភ្ញៀវទេសចរអន្តរជាតិជាង 24.000 នាក់បានសរសេរសារទៅកាន់ក្រុមប្រឹក្សាជាតិទេសចរណ៍របស់ប្រទេសវៀតណាម ដោយបង្ហាញពីការព្រួយបារម្ភរបស់ពួកគេអំពីការជួញដូរនៃសាច់សត្វទាំងនេះ។

ដើម្បីអបអរសាទរភាពជោគជ័យនៃយុទ្ធនាការនេះ អង្គការ FOUR PAWS បានរៀបចំព្រឹត្តិការណ៍មួយនៅទីក្រុងហាណូយ ដោយមានវាគ្មិនសំខាន់ៗជាច្រើន និងបានបង្ហាញការយល់ឃើញរៀងៗខ្លួន ទាក់ទងទៅនឹងការអំពាវនាវឱ្យមានការបញ្ឈប់ការជួញដូរសាច់សត្វឆ្កែ និងសត្វឆ្មាទៅដល់រដ្ឋាភិបាលវៀតណាមផងដែរ។ វេជ្ជបណ្ឌិត Karanvir Kukreja ប្រធានយុទ្ធនាការប្រចាំអាស៊ីអាគ្នេយ៍ (សត្វចិញ្ចឹម) នៃអង្គការ FOUR PAWS បាននិយាយថា “អ្វីដែលយើងទទួលបានក្នុងរយៈពេលប្រាំមួយខែកន្លងមកនេះ គឺជាការឆ្លើយតប ដែលមិនគួរឱ្យជឿមួយទៀតពីប្រជាជនវៀតណាមសម្រាប់ការគាំទ្រយន្តការនេះ។ ការឆ្លើយតបនេះ គឺជារលកមួយទៀតនៃការអំពាវនាវឱ្យមានការហាមប្រាមជាបន្ទាន់លើការសម្លាប់ដ៏ព្រៃផ្សៃ ព្រមទាំងការលក់សាច់សត្វឆ្កែ និងឆ្មា។

“ការជួញដូរនេះ មិនត្រឹមតែផ្តល់ការប៉ះពាល់សម្រាប់សត្វប៉ុណ្ណោះទេ ប៉ុន្តែវាក៏ប៉ះពាល់សុខភាពរបស់មនុស្សផងដែរ ដូចជា ជំងឺឆ្កែឆ្កួតជាដើម ។ ការជួញដូរដ៏គួរឱ្យស្អប់ខ្ពើមនេះ មិនសាកសមមាននៅក្នុងសង្គមទំនើប និងសង្គមដែលមានវប្បធម៌សម្បូរបែប ដូចជាប្រទេសវៀតណាម ហើយរដ្ឋាភិបាលវៀតណាមមិនអាចព្រងើយកន្តើយនឹងសំឡេងរបស់ប្រជាជនភាគច្រើនរបស់ខ្លួននោះឡើយ។ យើងកំពុងសង្កេតឃើញនៅតាមតំបន់ផ្សេងៗ ដូចជាទីក្រុងហាណូយ នៅប្រទេសវៀតណាម ខេត្តសៀមរាបក្នុងប្រទេសកម្ពុជា និងបណ្តាខេត្តជាច្រើនក្នុងប្រទេសឥណ្ឌូនេស៊ី ដែលការជួញដូរនេះកំពុងត្រូវបានហាមឃាត់។

“ការផ្លាស់ប្តូរកំពុងកើតឡើងមក និងលឿនខ្លាំងណាស់ ដូចនេះ យើងជំរុញឱ្យអាជ្ញាធរចាត់វិធានការភ្លាមៗ ដើម្បីការពារមនុស្ស និងសត្វ ដោយបញ្ឈប់ភាពសាហាវឃោរឃៅនៃការជួញដូរហួសសម័យនេះជារៀងរហូត”។

អ្នកស្រី Ninh Phuong Thao អ្នកសម្របសម្រួលគម្រោងការបញ្ឈប់ការជួញដូរសាច់ឆ្កែ និងឆ្មា នៃអង្គការ FOUR PAWS (វៀតណាម) បានបន្ថែមថា “ក្នុងនាមជាប្រជាជនវៀតណាម ខ្ញុំមិនភ្ញាក់ផ្អើលទេដែលឃើញលទ្ធផលនៃការស្ទង់មតិឆ្នាំ 2021 ដែលបង្ហាញថា ប្រជាជនវៀតណាមចំនួន 88% នឹងគាំទ្រការបញ្ឈប់ការជួញដូរសាច់សត្វឆ្កែ និងសត្វឆ្មា រួមទាំង 95% ទៀត បានគាំទ្រយុទ្ធនាការនេះមិនមែនវប្បធម៌វៀតណាមទេ។ ដោយបានឃើញនូវការគាំទ្រប្រឆាំងនឹងការជួញដូរនេះយ៉ាងមុតមាំ និងមតិយោបល់ជាង 25,000 ពីប្រជាជន ដែលបានផ្ញើសារ ថា ការជួញដូរសាច់ឆ្កែ និងឆ្មា មិនមែនជាអ្វីដែលប្រជាជនវៀតណាមភាគច្រើនចង់បាននោះទេ។

ក្រុមហ៊ុនទេសចរណ៍ធំៗជាច្រើនមានវត្តមាននៅក្នុងព្រឹត្តិការណ៍នេះ ដើម្បីបង្ហាញពីការគាំទ្ររបស់ពួកគេសម្រាប់ការបញ្ឈប់ការជួញដូរសាច់សត្វឆ្កែ និងឆ្មា ដែលរួមមាន Diethelm, Discova, Easia Travel និង Luxperia ។ លោក Linh Le នាយកគ្រប់គ្រងក្រុមហ៊ុន Luxperia ដែលជាក្រុមហ៊ុនគ្រប់គ្រងគោលដៅទេសចរណ៍ដ៏ធំមួយ ដែលមានវត្តមាននៅក្នុងព្រឹត្តិការណ៍នោះបានបន្ថែមថា “យើងស្វាគមន៍ចំពោះសកម្មភាពរបស់អង្គការ FOUR PAWS អន្តរជាតិ ដើម្បីបញ្ឈប់ការជួញដូរសាច់ឆ្កែ និងឆ្មានៅវៀតណាម។ LUXPERIA ពឹងផ្អែកការងើបឡើងវិញនៃគោលដៅទេសចរណ៍ និងសុវត្ថិភាព ដើម្បីការពារភ្ញៀវអន្តរជាតិ ដែលជាខ្លឹមសារនៃកិច្ចសន្យាសាជីវកម្មដែលយើងបានចុះហត្ថលេខា។ យើងសូមអបអរសាទរចំពោះការលះបង់របស់ FOUR PAWS ចំពោះការការពារសត្វ និងទន្ទឹងរង់ចាំថ្ងៃដែលប្រទេសវៀតណាមទាំងមូលគ្មានការជួញដូរសាច់ឆ្កែ និងឆ្មា។”

“កញ្ញា Mau Thuy ដែលជាតារាសម្តែង និងជាបង្កើតមាតិកាម្នាក់ បានចូលរួមក្នុងព្រឹត្តិការណ៍នេះក្នុងនាមជាវាគ្មិន ដោយបង្ហាញការគាំទ្រយ៉ាងខ្លាំងរបស់កញ្ញាចំពោះការអំពាវនាវឱ្យបញ្ឈប់ការជួញដូរសាច់ឆ្កែ និងឆ្មា ដោយបាននិយាយថា “ក្នុងនាមជាជនជាតិវៀតណាម ដែលបានជួបមនុស្សគ្រប់មជ្ឈដ្ឋាន ខ្ញុំអាចនិយាយបានថា ភាគច្រើនមិនចូលរួមក្នុងការជួញដូរសាច់ឆ្កែ និងឆ្មា សូម្បីតែអ្នកបរិភោគក៏ដោយ។ ការជួញដូរនេះ មិនតំណាងឱ្យប្រទេសវៀតណាមទេ ហើយក៏មិនគួរក្លាយជាផ្នែកនៃអនាគតរបស់យើងដែរ។”

ជាមួយគ្នានេះ អ្នកចូលរួមក៏បានចុះហត្ថលេខាលើបន្ទះក្តារពណ៌ស ដែលរៀបចំដោយអង្គការ FOUR PAWS ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្ត និងចូលរួមជាមួយភាគីពាក់ព័ន្ធសំខាន់ៗផ្សេងទៀត និងមនុស្សរាប់លាននាក់ដែលបានបង្ហាញពីអារម្មណ៍របស់ពួកគេក្នុងការបញ្ឈប់ការជួញដូរនេះ។

សាវតាអំពីយុទ្ធនាការ

គេហទំព័រយុទ្ធនាការគឺ www.thisisnotvietnam.org
ទីក្រុងហាណូយ ក្លាយជាទីក្រុងដំបូងបង្អស់នៅប្រទេសវៀតណាម ដែលសត្វឆ្កែ និងឆ្មាត្រូវបានយកចិត្តទុកដាក់ និងការពារ៖ https://www.four-paws.org/our-stories/press-releases/vietnam-establishes-first-ever-dog-and-cat-meat-free-
ការស្ទង់មតិមួយរបស់អង្គការ FOUR PAWS ដែលបានធ្វើឡើងនៅដើមឆ្នាំ 2021 នៅទូទាំងប្រទេសវៀតណាម បានរកឃើញថា ជនជាតិវៀតណាមភាគច្រើនចង់ឱ្យរដ្ឋាភិបាលរបស់ពួកគេចាត់វិធានការ ដោយ 91% នៃអ្នកឆ្លើយតប បានឆ្លើយថាការជួញដូរនេះ គួរត្រូវបានហាមខាត ឬមិនលើកទឹកចិត្តធ្វើ។ នៅពេលសួរថាតើពួកគេនឹងគាំទ្រការហាមប្រាមលើការជួញដូរសាច់ឆ្កែ និងឆ្មា 88%នៃឆ្លើយសំណួរ បាននិយាយថាពួកគេពេញចិត្តខ្លាំងណាស់ចំពោះវិធានការបែបនេះ។ លើសពីនេះទៅទៀត អ្នកឆ្លើយសំណួរត្រូវបានសួរថាតើពួកគេមានអារម្មណ៍ថាការទទួលទានសាច់ឆ្កែ និងឆ្មាជាផ្នែកមួយនៃវប្បធម៌វៀតណាមដែរឬទេ ដោយចម្លើយរបស់ពួកគេស្ទើរទាំងស្រុងគឺទេ ដោយក្នុងនោះមាន 95% បង្ហាញថានេះមិនមែនជាផ្នែកនៃវប្បធម៌របស់ពួកគេនោះទេ។

ជារៀងរាល់ឆ្នាំ សត្វឆ្កែ និងឆ្មាប្រមាណ 10 លានក្បាល ត្រូវបានចាប់ ដឹកជញ្ជូន និងសម្លាប់យកសាច់របស់ពួកគេនៅក្នុងប្រទេសកម្ពុជា វៀតណាម និងឥណ្ឌូនេស៊ី។ ភាគច្រើននៃសត្វទាំងនេះ គឺជាសត្វចិញ្ចឹមដែលត្រូវបានគេលួច និងសត្វដែលវង្វេងចេញពីផ្ទះ ដែលត្រូវបានចាប់ដើម្បីផ្គត់ផ្គង់ទីផ្សារ។ ទំហំនៃការជួញដូរ និងការរងទុក្ខវេទនាដែលពាក់ព័ន្ធ ធ្វើឱ្យវាក្លាយជាបញ្ហាសុខុមាលភាពសត្វចិញ្ចឹមដ៏ធ្ងន់ធ្ងរបំផុតមួយនៅអាស៊ី។

ការស្ទង់មតិរបស់អង្គការ FOUR PAWS 2019 បានបង្ហាញឱ្យឃើញថា ជនជាតិវៀតណាមត្រឹមតែ 6% ប៉ុណ្ណោះ ដែលទទួលទានសាច់ឆ្កែ និង/ឬឆ្មាជាប្រចាំ។ ការស្ទង់មតិឆ្នាំ 2021 របស់យើង ក៏រកឃើញដូចគ្នានេះដែរ។ លើសពីនេះ ក្មេងជំនាន់ក្រោយជាទូទៅ មិនគាំទ្រការទទួលទានសត្វចិញ្ចឹមទាំងនោះទេ ដោយសារការកើនឡើងនៃចំនួនមនុស្សជាម្ចាស់សត្វចិញ្ចឹម។ ជាមួយគ្នានេះ ការស្ទង់មតិដែលធ្វើឡើងនៅចុងឆ្នាំ 2020 និងដើមឆ្នាំ 2021 បានរកឃើញថា ប្រជាជនភាគច្រើនលើសលប់នៅក្នុងប្រទេសវៀតណាម កម្ពុជា និងឥណ្ឌូនេស៊ី នឹងគាំទ្រការហាមឃាត់លើការជួញដូរសាច់ឆ្កែ និងឆ្មា។

បន្ថែមពីលើនេះ អង្គការ FOUR PAWS គាំទ្រដល់អង្គការក្នុងស្រុក ដែលធ្វើលើសុខុមាលភាពសត្វ និងសហគមន៍ជាមួយនឹងកម្មវិធីថែទាំសត្វវង្វេងប្រកបដោយមនុស្សធម៌ និងនិរន្តរភាព។ អង្គការ FOUR PAWS ក៏ជាសមាជិកនៃសម្ព័ន្ធសុខុមាលភាពសត្វជាច្រើនផងដែរ រួមមាន Dog Meat Free Indonesia (DMFI), Asia Canine Protection Alliance (ACPA) និងសម្ព័ន្ធ Cats Matter Too ដែលបានអំពាវនាវប្រឆាំងនឹងការជួញដូរសាច់ឆ្កែ និងឆ្មានៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ ក៏ដូចជាអង្គការសម្ព័ន្ធសត្វអាស៊ី ដែលធ្វើការដើម្បីកែលម្អសុខុមាលភាពរបស់សត្វទាំងអស់នៅទូទាំងអាស៊ី។

របាយការណ៍សង្ខេបការប្រើប្រាស់ DCMT របស់វៀតណាម

Share This Post: