សម្តេចតេជោ ហ៊ុន សែន បានរកឃើញប្រភពរូបថតមួយសន្លឹកនេះហើយ ត្រូវបានជនបរទេស និងទីភ្នាក់ងារសារព័ត៌មានបរទេសដាក់លក់នៅតាម Online
រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ ក្រោយពីសម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវឱ្យបងប្អូនដែលបានថតរូបនេះ កាលពីទសវត្សរ៍៩០ ដោយជួយប្រាប់តាមរយៈ ចូលមកខមិនដោយបញ្ជាក់ថាថតនៅឆ្នាំណា និងនៅទីកន្លែងណា? ពេលនេះ រកឃើញប្រភពរូបថតនេះហើយ ត្រូវបានជនបរទេសដាក់លក់តាមអនឡាញ។

យោងតាមការតបនៅក្នុងខមិនហ្វេសប៊ុកផ្ទាល់របស់សម្តេចតេជោ,អ្នកកាសែត លោកឆាយ សុផល បានបញ្ជាក់ថា៖“សូមគោរព សម្តេចតេជោ! រូបភាពចាស់ៗរបស់ សម្តេច ត្រូវបានគេដាក់លក់នៅតាមអនឡាញ (Online) មួយចំនួន! ម្យ៉ាងទៀត ទីភ្នាក់ងារសារព័ត៌មានបរទេស ដូចជា AFP, Reuters និង AP ជាដើម រួមទាំងអ្នកថតរូបឯករាជ្យជាច្រើនផង ក៏បានលក់រូបចាស់ៗនៅតាមបណ្តាញ អនឡាញដែរ។ ខ្ញុំបាទសូមគោរព សម្តេច មេត្តាជ្រាបជាដំណឹង! សូមគោរព អរគុណ សម្តេច ”
ជាការឆ្លើយតបនឹងខំមិនសម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរអរគុណ ដែលលោកបានស្វែងរកឃើញប្រភពរូបថតនេះ ដោយសម្ដេចបានបញ្ជាក់ទៀតថា៖ «ពេលនេះរូបថតខ្ញុំដល់កំរិតជនបរទេសយកទៅដាក់លក់តាម online នៅក្រៅប្រទេសហើយ។ តាមស្មាននៅមាន រូបថតច្រើនទៀត ដែលជនបរទេសថតហើយអាចនឹងដាក់លក់សូមជួយស្វែងរកទិញនូវរូបថតណាដែលយើងមិនមាន»។
សូមបញ្ជាក់ផងដែរថា កាលពីព្រឹកមិញនេះ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន អំពាវនាវរកអ្នកថតរូបមួយសន្លឹកនេះ ជួយប្រាប់តាមរយៈ ចូលមកខមិនដោយបញ្ជាក់ថាថតនៅឆ្នាំណា និងនៅទីកន្លែងណា? ដោយសម្តេចបានមានប្រសាសន៍ថា៖ លើកដំបូងដែលខ្ញុំឃើញរូបថតមួយសន្លឹក នេះហើយក៏មិនដឹងថាអ្នកណាជាអ្នកថតផងដែរ។ បើពិនិត្យលើស្ថានភាពរូបថតនេះអាចនៅក្នុងឆ្នាំ១៩៩៦ ឬឆ្នាំ១៩៩៧ដោយសំគាល់៖ ១.អ្នកការពារខ្ញុំឈ្មោះវឿនបានមកការពារ ខ្ញុំក្នុងចន្លោះ១៩៨៦រហូតដល់គាត់ស្លាប់ ប្រហែល១០ឆ្នាំមុន។ គាត់បានការពារខ្ញុំទៅចរចានៅប្រទេសបារាំងនិងប្រទេសផ្សេងទៀតជាច្រើន។
២.កូនប្រុសខ្ញុំហ៊ុន ម៉ានី ទើបមានវ័យជំទង់អាយុប្រហែល១៤ឬ១៥ឆ្នាំ(ម៉ានីកើតខែវិច្ឆិកា១៩៨២)។បើការលើកឡើងនេះត្រឹមត្រូវពេលនោះខ្ញុំទើបមានអាយុ៤៤ ឬ៤៥ឆ្នាំ។
ខ្ញុំសូមអំពាវនាវឱ្យបងប្អូនដែលបានថតរូបនេះឬបានដឹងមេត្តាជួយប្រាប់តាមរយៈចូលមកខមិនដោយបញ្ជាក់ថាថតនៅឆ្នាំណានិងនៅទីកន្លែងណា? ខ្ញុំសូមអរគុណទុកជាមុន៕


