បច្ចេកវិទ្យា

បណ្ដុំស្មាតហ្វូន Android ទាំង9 ដែលចម្លងក្បាលឆកដូច iPhone X

BY
Khmernote Media
March 3, 2018

សម្រាប់ការចម្លងតាម យើងសង្កេតឃើញមានច្រើនណាស់ក្នុងព្រឹត្តិការណ៍ Mobile World Congress ឆ្នាំនេះ ដែលបានធ្វើឡើងក្នុងទីក្រុង Barcelona កន្លងទៅ។ ជាការពិតណាស់ ទាក់ទងទៅនឹងការចម្លងតាមនេះគឺផ្ដោតសំខាន់ទៅលើក្បាលឆករបស់ iPhone X តែម្ដង រឺអាចម៉្យាងទៀតបានថា Notch Design។ ហើយខាងក្រោមនេះ គឺជាស្មាតហ្វូន Android ទាំង9 ដែលចង់ឲ្យក្បាលរបស់ខ្លួនឆកតាម iPhone ដែរ។

1/ UleFone T2 Pro

កំពូលស្មាតហ្វូនជំនាន់ចុងក្រោយគេបង្អស់របស់ក្រុមហ៊ុនផលិតស្មាតហ្វូនប្រទេសចិន UleFone គឺ T2 Pro ដែលដំណើរការដោយបន្ទះឈីបប្រភេទ MediaTek P70 មានទំហំ RAM 8GB និងអង្គផ្ទុកទិន្នន័យ 128GB។ ស្មាតហ្វូនកំពូលនេះមានអេក្រង់ធំគួរសម គឺរហូតដល់ទៅ 6.7អ៊ីញឯណោះ ក្នុងកម្រឹតបង្ហាញរូបភាព HD។ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ T2 Pro បានខ្ចីរចនាបទរបស់ iPhone X មកប្រើសិន នោះគឺក្បាលឆក រឺ Notch Design នេះឯង។

2/ Blackview A30

Blackview គឺជាក្រុមហ៊ុនផលិតស្មាតហ្វូនតូចមួយ មានទីតាំងក្នុងទីក្រុង Hong Kong ហើយនេះគឺជាម៉ូដែលថ្មី A30 របស់ក្រុមហ៊ុននេះ ដែលមិនមែនមានតែក្បាលឆកទេ គឺរូបរាងទាំងមូលស្ទើរតែដូច iPhone X ទាំងស្រុងទៅហើយ។ ទោះជាយ៉ាងណា A30 ត្រូវបានបំពាក់ដោយទំហំ RAM 1GB និងអង្គផ្ទុកទិន្នន័យ 8GB។ ចំពោះតម្លៃវិញគឺត្រឹមតែ $40 ប៉ុណ្ណោះ។

3/ NOA N10

NOA អាចជាក្រុមហ៊ុនតែមួយគត់ដែលមានទីតាំងក្នុងប្រទេស Croatia។ ប៉ុន្ដែ ក្នុងព្រឹត្តិការណ៍ MWC ក្រុមហ៊ុននេះបានដាក់បង្ហាញស្មាតហ្វូនម៉ូដែល N10 របស់ខ្លួនដែលមានទំហំអង្គផ្ទុកទិន្នន័យ 64GB ជាមួយនឹងទំហំ RAM 4GB និងអាចដាក់ស៊ីមបានដល់ទៅ2។ ស្មាតហ្វូននេះដំណើរការលើបន្ទះឈីបប្រភេទ MediaTek MT 6763។ បើអ្នកក្រឡេកទៅមើលផ្នែកខាងលើរបស់ស្មាតហ្វូននេះ អ្នកនឹងឃើញក្បាលឆកទៀតហើយ អបដោយកាមេរ៉ាមុខមួយ។ ចំពោះកាមេរ៉ាក្រោយវិញគឺមានដល់ទៅ 2 ឯណោះទំហំ 16MP។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ N10 ក៏មានភ្ជាប់មកជាមួយនឹងមុខងារពិសេសស្កេនមុខ Face ID ដែរ។

4/ Vernee M7

Vernee គឺជាក្រុមហ៊ុនផលិតស្មាតហ្វូនមួយទៀតហើយ ដែលមានទីតាំងក្នុងទីក្រុង Shenzhen ប្រទេសចិន។ ដូចទៅនឹងអ្វីដែលអ្នកឃើញអញ្ចឹង នេះគឺជាស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុននេះដែលមានឈ្មោះថា M7។ ទាក់ទងទៅនឹង M7 គឺជាស្មាតហ្វូនធន់កណ្ដាលរបស់ក្រុមហ៊ុន ប៉ុន្ដែមានរចនាបទក្បាលឆកដូច iPhone X ដែរ។

5/ Oukitel U18

សម្រាប់ Oukitel ក៏ជាក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ប្រទេសចិនដែរ ប៉ុន្ដែហាក់ដូចជាទទួលបានភាពល្បីល្បាញជាជាងក្រុមហ៊ុនដទៃទៀតខាងលើ។ ចំពោះស្មាតហ្វូនចុងក្រោយរបស់ក្រុមហ៊ុននេះម៉ូដែល U18 ក៏មិនខុសគ្នាអីពីម៉ូដែលមុនៗដែរ គឺមានភ្ជាប់មកជាមួយនឹងក្បាលឆក។ អ្វីដែលពិសេសសម្រាប់ស្មាតហ្វូននេះ គឺទំហំថ្មធំរហូតដល់ទៅ 4,000mAh ឯណោះ ឯលក្ខណៈពិសេសវិញ U18 ត្រូវបានបំពាក់ដោយអេក្រង់ទំហំ 5.85អ៊ីញ ដំណើរការបន្ទះឈីបប្រភេទ MediaTek MT6750T មានទំហំ RAM 4GB និងអង្គផ្ទុកទិន្នន័យ 64។ លើសពីនេះទៅទៀត ស្មាតហ្វូននេះក៏មានភ្ជាប់មកជាមួយនឹងកាមេរ៉ាភ្លោះនាផ្នែកខាងក្រោយផងដែរ។

6/ DOOGEE V5

ចិនទៀតហើយ ឯក្រុមហ៊ុន DOOGEE ក៏នៅតែជាក្រុមហ៊ុនរបស់ប្រទេសចិន។ V5 គឺជាស្មាតហ្វូនរបស់ក្រុមហ៊ុននេះដែលមានភ្ជាប់មកជាមួយនឹងរចនាបទក្បាលឆករបស់ iPhone X។ ក្រៅពីរចនាបទ V5 ក៏មានភ្ជាប់មកជាមួយនឹងមុខងារស្កេនមុខដ៏ច្រើនផងរបៀបផងដែរ។ សម្រាប់ទំហំអេក្រង់របស់ស្មាតហ្វូននេះគឺមានទំហំ 6.2អ៊ីញ ជាមួយនឹងបច្ចេកវិទ្យាសាកថ្មឥតខ្សែផងដែរ។ អ្វីដែលអស្ចារ្យបំផុតនោះគឺ V5 មានតម្លៃត្រឹម $200 ប៉ុណ្ណោះ។

7/ Leagoo S9 & S9 Pro

Leagooo គឺជាក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ប្រទេសចិនដូចគ្នា ហើយសម្រាប់ S9 នេះមិនមែនជា S9 ដែលបានបង្ហាញខ្លួនកាលពីថ្ងៃទី25 ខែកុម្ភៈ កន្លងទៅនេះទេ។ ទោះជាយ៉ាងណា S9 និង S9 Pro របស់ក្រុមហ៊ុន Leagoo មានរចនាបទក្បាលឆកដ៏ស្រស់ស្អាត និងមិនឲ្យអីបន្ដិចពី iPhone X ឡើយ។ សម្រាប់លក្ខណៈពិសេសរបស់ S9 គឺមានភ្ជាប់មកជាមួយនឹងអេក្រង់ប្រភេទ AMOLED មានទំហំ RAM 6GB និងអង្គផ្ទុកទិន្នន័យ 128GB។ ស្មាតហ្វូននេះមានភ្ជាប់មកជាមួយនឹងកាមេរ៉ាភ្លោះនាផ្នែកខាងក្រោយទំហំ 16MP។ S9 និង S9+ ត្រូវបានដាក់លក់លើទីផ្សារក្នុងតម្លៃត្រឹមក្រោម $300 ប៉ុណ្ណោះ។

8/ LG G7

ជាការពិតណាស់ ក្រុមហ៊ុន LG បានសម្រេចក្នុងការដាក់តាំងបង្ហាញកំពូលស្មាតហ្វូនត្រកូល G របស់ខ្លួនក្នុងព្រឹត្តិការណ៍ MWC 2018 ដែរ។ អាចនិយាយបានថា LG គឺជាក្រុមហ៊ុនរបស់ប្រទេសកូរ៉េ ដែលទទួលបានភាពល្បីល្បាញខ្លាំងដែរ ហើយ G7 នឹងត្រូវបានចេញលក់លើទីផ្សារក្នុងពេលដ៏ខ្លីខាងមុខនេះ។ ត្រកូល G ជំនាន់ថ្មីរបស់ក្រុមហ៊ុន LG ត្រូវបានបំពាក់ដោយបន្ទះឈីបប្រភេទ Qualcomm Snapdragon 845 មានទំហំ RAM 4GB និងថាមពលថ្មទំហំ 3,000mAh។ អ្វីដែលជាចំណុចទាក់ទាញបំផុតសម្រាប់កំពូលស្មាតហ្វូននេះ គឺក្បាលឆកនេះឯង។

9/ ASUS ZenFone 5

សម្រាប់ក្រុមហ៊ុន ASUS ក៏មិនធម្មតាដែរផ្នែកធ្វើតាម តែមិនមែនចម្លងឡើយ រឺអាចនិយាយបានថាខ្ចីប្រើសិន។ ជាការពិតណាស់ ស្មាតហ្វូនម៉ូដែល ZenFone 5 របស់ក្រុមហ៊ុននេះ បានខ្ចីរចនាបទ Notch Design របស់ iPhone X មកប្រើសិន ប៉ុន្ដែមានឈ្មោះថ្មីគឺ Fruit Phone X ដោយសារតែក្បាលឆករបស់ស្មាតហ្វូននេះតូចជាង iPhone X។

Fu

ប្រភព៖ idropnews

Share This Post: