ផ្ទុះការរិះគន់ជាខ្លាំង ក្រោយបេក្ខនារី២រូប ពាក់ឈុតបង្ហាញពីល្បែងស៊ីសងធ្វើជាឈុតតំណាងខេត្ត-ក្រុង ក្នុងការប្រកួតប្រឡង Miss Grand Cambodia 2022
- August 25, 2022
រាជធានីភ្នំពេញ៖ កាលពីយប់មិញនេះ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ កម្មវិធីប្រកួតប្រឡង Miss Grand Cambodia 2022 ការប្រកួតសម្លៀកបំពាក់ថ្នាក់ជាតិ បានឈានដល់វគ្គឈុតតំណាងខេត្ត-ក្រុង ចំនួន ៣៥ ដែលបង្ហាញដោយបេក្ខភាពទាំង ៣៥ នាក់។

នៅក្នុងឈុតតំណាងខេត្ត-ក្រុងនីមួយៗ សុទ្ធសឹងតែមានភាពលេចធ្លោ ទាក់ទាញស្រស់ស្អាតរបស់បេក្ខភាពទាំង ៣៥នាក់ ប៉ុន្តែក៏មានការលើកឡើងមិនពេញចិត្តចំពោះបេក្ខភាពចំនួនពីររូប ដែលបានយកឈុតតំណាងក្រុងរបស់ខ្លួន ជាឈុតនារី កាស៊ីណូ ទៅវិញ។ បេក្ខភាព ២រូបនេះ មកពីក្រុងប៉ោយប៉ែត និងម្នាក់ទៀតមកពីក្រុងបាវិត ពាក់ឈុតនារី កាស៊ីណូ ជាឈុតល្បែងស៊ីសងយកតំណាងខ្មែរ ដើរបង្ហាញម៉ូត នៅលើវាទិកា ធ្វើឱ្យមហាជន ផ្ទុះការរិះគន់ មិនគាំទ្រ នូវសម្លៀកបំពាក់ ដែលពួកគាត់បានពាក់នេះ។
នៅក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់ បុរាណាចារ្យ បានសម្ដែងនូវការមិនពេញចិត្ត និងប្រតិកម្មជាខ្លាំង ដោយក្នុងនោះបានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “ការយកឈុតល្បែងស៊ីសងយកតំណាងខ្មែរ យើងសូមសម្ដែងការមិនពេញចិត្តឈុតទាំង២នេះ ព្រះរាជាណាចក្រកម្ពុជាមិនបានរីកចម្រើនដោយសារល្បែងស៊ីសងទេ ហើយល្បែងស៊ីសង គ្មានកិត្តិយសជាអត្តសញ្ញាណតំណាងជាតិ តំណាងខេត្ត តំណាងអោយប្រជាជនកម្ពុជាទេ។ ល្បែងស៊ីសងមិនមែនជាមោទកភាពនៃប្រទេសកម្ពុជាយើងទេ ។ ” ៕









ប្រភព៖ បុរាណាចារ្យ
- Share This Post:






