តារាសម្តែងល្បីឈ្មោះ លោក អ៊ុន សិទ្ធា សម្ដែងការមិនពេញចិត្តចំពោះឈុតបង្ហាញពីល្បែងស៊ីសងធ្វើជាឈុតតំណាងខេត្ត-ក្រុង ក្នុងការប្រកួត Miss Grand Cambodia 2022
- BY
- Liny Chan
- August 25, 2022
គ្រប់គ្នាប្រាកដជាបានស្គាល់ហើយតារាសម្ដែងប្រុសរូបរាងដ៏ស្រស់សង្ហាបែបខ្មែរអង្គរ អ៊ុន សិទ្ធា ដែលមានប្រជាប្រិយភាព និងពោរពេញដោយទេពកោសល្យយ៉ាងប៉ិនប្រសប់ក្នុងការសម្ដែងខ្សែភាពយន្តខ្មែរ ហើយតែងលេចមុខជាតួឯកប្រុសក្នុងរឿងល្បីៗខ្មែរជាច្រើន។

ថ្មីៗនេះ ម្ចាស់ជ័យលាភីប្រុសស្អាតលេខ១ កាលពីឆ្នាំ២០០៦ ក្នុងកម្មវិធី «ស្រីស្រស់ប្រុសស្អាត» របស់ទូរទស្សន៍ CTN រូបនេះបានបញ្ចេញមតិរិះគន់ទៅលើការប្រកួតសម្លៀកបំពាក់ថ្នាក់ជាតិ ដែលជាវគ្គឈុតតំណាងខេត្ត-ក្រុង ចំនួន ៣៥ របស់កម្មវិធី Miss Grand Cambodia 2022 ដែលក្នុងនោះបេក្ខភាព ២រូបនេះ មកពីក្រុងប៉ោយប៉ែត និងម្នាក់ទៀតមកពីក្រុងបាវិត ពាក់ឈុតនារី កាស៊ីណូ ជាឈុតល្បែងស៊ីសងយកតំណាងខ្មែរ ដើរបង្ហាញម៉ូតូ នៅលើវាទិកាទៅវិញ។
តារាសម្ដែង និងបង្ហាញម៉ូដរូបនេះបានធ្វើការបង្ហោះនៅលើគណនីហ្វេសប៊ុករបស់ខ្លួនដោយលើកឡើងបែបនេះថា៖ “មិនទេីសទេ គ្រាន់តែចូលរួមជាយោបល់ ឈុតតំណាងខេត្តទាំងនេះ (សៀមរាប និង ប៉ោយប៉ែត) ម៉េចក៏បង្ហាញពីល្បែងសុីសងទៅវិញ សំខាន់ខេត្តសៀមរាបខេត្តដែលល្បីពេញពិភពលោក បែរជាកាន់អាប៉ោងដេីរកាន់ពេញឆាកបង្អួតពីល្បែងសុីសង (ប្រទេសខ្មែរកំពុងលុបបំបាត់ល្បែងសុីសង)”។ លើសពីនេះក្រោយមកលោកក៏បានបញ្ចេញមតិបន្ថែមថា៖ “សូមឈុតលេីកក្រោយ គួរប្រជុំគ្នាជាមុនផង កុំអោយមានកំហុស ហេីយបេក្ខភាព អាចមានសិទ្ធជំទាស់បាន ប្រសិនបេីអ្វីមួយខុសប្រក្រតី ដោយការគោរព ជួយជាយោបល់”៕



អត្ថបទ៖ លីនី
- Share This Post:






