បច្ចេកវិទ្យា

ស្មាតហ្វូនវៀតណាមបង្ហាញខ្លួនជាផ្លូវការហើយ ចង់ឈានជើងចូលប្រឡូកទីផ្សារអន្តរជាតិទៀត

BY
autoadmin
December 18, 2018

ក្រុមហ៊ុន VinSmart ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនអចលនទ្រព្យ Vingroup ប្រទេសវៀតណាម បានប្រកាសជាផ្លូវការនូវស្មាតហ្វូនថ្មី ៤ប្រភេទ កាលពីថ្ងៃទី១៤ ខែធ្នូ ថ្មីៗនេះ។ ស្មាតហ្វូន Vsmart ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ VOS ដែលជាការអភិវឌ្ឍប្រព័ន្ធប្រតិបត្តិការ Android និងមានតម្លៃចាប់ពី ២.៥លានដុង (១០៦ដុល្លារ) ដល់ ៦.៣ លានដុង (២៦៩ដុល្លារ) ។

លោក Tran Minh Trung អគ្គនាយកក្រុមហ៊ុន VinSmart បាននិយាយថា បច្ចុប្បន្នយើងកំពុងប្រើប្រាស់មន្ទីរពិសោធន៍នៅសហរដ្ឋអាមេរិក កូរ៉េខាងត្បូង ជប៉ុន ចិន អ៊ីស្រាអ៊ែល និងសិង្ហបុរី ដើម្បីសិក្សាពីបច្ចេកវិទ្យាថ្មីៗដែលប្រើសម្រាប់ស្មាតអេឡិចត្រូនិច (smart electronics) ។ ជាមួយនឹងអត្ថប្រយោជន៍នៃបច្ចេកវិទ្យា ធនធានមនុស្ស និងរោងចក្រ VinSmart គ្រោងនឹងបើកឱ្យដំណើរការនូវទូរស័ព្ទរបស់ខ្លួនចំនួន ១០ប្រភេទថែមទៀត នៅឆ្នាំ ២០១៩នេះ ។ នៅថ្ងៃដដែល VinSmart បានឈានដល់កិច្ចព្រមព្រៀងមួយ ស្តីពីសិទ្ធិកម្មសិទ្ធិបញ្ញាជាមួយក្រុមហ៊ុនឧបករណ៍អេឡិចត្រូនិកនាំមុខគេ និងក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅសហរដ្ឋអាមេរិក Qualcomm Incorporated ផងដែរ។

ក្រោមកិច្ចព្រមព្រៀងនេះក្រុមហ៊ុន Qualcomm នឹងផ្តល់សិទ្ធិកម្មសិទ្ធិបញ្ញាដល់ក្រុមហ៊ុន VinSmart សម្រាប់ការផលិតការផលិត និងការលក់ឧបករណ៍បរិក្ខារ។ VinSmart នឹងចូលរួមជាផ្លូវការនូវបញ្ជីនៃអ្នកផលិតឧបករណ៍ដើម (OEMs) ទូទាំងពិភពលោក។ ក្រុមហ៊ុន VinSmart និង Qualcomm ក៏បានព្រមព្រៀងគ្នាផងដែរដើម្បីពន្លឿនកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្ររវាងភាគីទាំងពីរនៅក្នុងវិស័យទូរស័ព្ទស្មាតហ្វូនឧបករណ៍ IoT ប្រតិបត្តិការ 5G, AI និង ML ។ ជាក់ស្តែងក្រុមហ៊ុនទាំងពីរនឹងរួមគ្នាបង្កើតកម្មវិធីសម្រាប់ការស្រាវជ្រាវ អភិវឌ្ឍន៍នៃផលិតផលបង្កើតការសាកល្បងសម្រាប់ទូរស័ព្ទស្មាតហ្វូនឧបករណ៍ IoT និងផលិតផលផ្សេងទៀតដែលផលិតដោយ VinSmart ៕

អត្ថបទ៖ លីដា
ប្រភព៖ vietnamplus

Share This Post: