ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទីបំផុត ប្រទេសចិនទទួលបានជោគជ័យក្នុងការដាំដុះស្រូវនៅលំហអាកាស

    BY Khmernote Media September 14, 2022
    ទីបំផុត ប្រទេសចិនទទួលបានជោគជ័យក្នុងការដាំដុះស្រូវនៅលំហអាកាស

    ស្រូវគឺជាដំណាំសំខាន់មួយរបស់ពិភពលោក ជាងពាក់កណ្តាលនៃចំនួនប្រជាជនពិភពលោកប្រើប្រាស់អង្ករជាអាហារប្រចាំថ្ងៃរបស់ពួកគេ។ ចំណែកការ​ដាំដុះ​ស្រូវ​​គឺ​តម្រូវអោយធ្វើ​ស្រែ​ចំការ ប៉ុន្តែតើអ្នកស្រាវជ្រាវបានព្យាយាមសាកល្បងដាំនៅក្នុងធុង ឬនៅតាមទីកន្លែងដែលខុសប្លែកគ្នាទៅតាមវិស័យផ្សេងៗ។​

    យោងតាមសារព័ត៌មាន Thairath ដែលបានរាយការណ៍នៅថ្ងៃទី១២ កញ្ញា ២០២២ កន្លងទៅបានអោយដឹងថា៖ កាលពីពេលថ្មីៗនេះ ក្រុមអវកាសយានិកចិនមួយក្រុមធ្វើការនៅមន្ទីរពិសោធន៍អវកាស Wentian ដែលជាម៉ូឌុលនៃស្ថានីយអវកាស Tianong របស់ប្រទេសចិន បាននិយាយថា៖ ស្រូវត្រូវបានដាំក្នុងកម្រិតមីក្រូទំនាញ ហើយស្រូវអាចលូតលាស់បានប្រហែល ១ ម៉ែត្រក្នុងរយៈពេល ៤ខែ ប៉ុន្តែស្រូវដែលដាំនៅលើ Wentian នៅមិនអាចលូតលាស់បានពេញលេញទេ ចាប់តាំងពីការពិសោធន៍បានចាប់ផ្តើមកាលពីខែកក្កដា។

    ហើយតាមពិតទៅ គឺមានអង្ករពីរប្រភេទដែលត្រូវបានយកទៅសាកល្បងដាំ លុះក្រោយមកក្រុមអវកាសក៏បានរកឃើញថា ក្រុមស្រូវដែលមានកម្ពស់ខ្ពស់នោះ គឺមានកម្ពស់ជិត ៣០ សង់ទីម៉ែត្រនៅក្នុងខែដំបូងនៃការលូតលាស់។ ចំណែកកម្ពស់របស់ដើមស្រូវដែលតឿនោះ មានកម្ពស់ប្រមាណ ៥ សង់ទីម៉ែត្រ ដែលទំហំលូតលាស់នៃពូជទាំងពីរនេះគឺអាចប្រៀបធៀបទៅនឹងពូជស្រូវដាំដុះនៅលើពិភពលោក។ ទោះយ៉ាងណាក៏ដោយ ស្រូវមិនមែនជាវត្ថុតែមួយគត់នៅក្នុងការពិសោធន៍នោះទេ។ អវកាសយានិក​ចិន​បាន​សាកល្បង​ដាំ​ផ្កា Ara bidopsis thaliana ជា​រុក្ខជាតិ​ផ្កា​ទូទៅ​ដែល​គេ​ប្រើ​ញឹកញាប់​ក្នុង​ការសិក្សា​អំពី​ការ​ផ្លាស់ប្តូរ​ហ្សែន។

    គួរបញ្ជាក់អោយដឹងផងដែរថា៖ នេះមិនមែនជាលើកទីមួយទេដែលការដាំដុះស្រូវត្រូវបានសម្រេចក្នុងលំហអាកាស ខណៈដែលក្រុមនិស្សិតមកពីប្រទេសឥណ្ឌូនេស៊ីក្នុងឆ្នាំ ២០១៦ បានសាកល្បងឥទ្ធិពលនៃការដាំដុះស្រូវខ្នាតតូចនៅលើស្ថានីយអវកាសអន្តរជាតិ។ ចំណែកការដាំដុះស្រូវរបស់អវកាសយានិកចិន ភាគីចិនក៏សង្ឃឹមថានឹងប្រមូលគ្រាប់ពូជស្រូវដែលដាំដុះនៅក្នុងមន្ទីរពិសោធន៍អវកាសរបស់ពួកគេ ត្រឡប់ទៅផែនដីវិញដើម្បីសិក្សាថាតើមានភាពខុសប្លែកគ្នាយ៉ាងសំខាន់នៅក្នុងមីក្រូទំនាញដែរឬទេ ៕


    អត្ថបទ៖ Bee
    ប្រភព៖ Thirath

    Share This Post: