បច្ចេកវិទ្យា

ភពសៅរ៍ កំពុងឈានទៅរកការបាត់បង់នៃប្រព័ន្ធរង្វង់ដ៏អស្ចារ្យរបស់ខ្លួន (មានវីដេអូ)

BY
autoadmin
December 19, 2018

ភ្នាក់ងារអវកាសបានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រព័ន្ធរង្វង់របស់ភពសៅរ៍គឺកំពុងឈានទៅរកការបាត់បង់ ដោយសារតែទំនាញ ប៉ុន្តែអ្នកវិទ្យាសាស្ត្រក៏បានបន្តដែរថា កុំមាន​ការ​ព្រួយ​បារម្ភពេក ព្រោះវានឹងបាត់បង់ទាំងស្រុងនៅរយៈពេល ៣០០លានឆ្នាំទៀងឯណោះ។ លោក James O’Donoghue នៃមជ្ឈមណ្ឌលហោះហើរ Goddard Space របស់ NASA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «យើងមានសំណាងណាស់ ដែលបានមើលឃើញប្រព័ន្ធរង្វង់របស់ភពសៅរ៍ ដែលប្រព័ន្ធរង្វង់នេះហាក់ដូចជាស្ថិតនៅចំពាក់កណ្តាលនៃជីវិតរបស់ភពសៅរ៍» «ទោះយ៉ាងណាក៏ដោយប្រសិនបើប្រព័ន្ធរង្វង់របស់ភពសៅរ៍នេះមានភាពជាបណ្តោះអាសន្ន ប្រហែលជាយើងអាចនឹងខកខានមើលប្រព័ន្ធរង្វង់យក្សនៃភពព្រហស្បតិ៍ អ៊ុយរ៉ានុស និងណេបថុន ព្រោះថាប្រព័ន្ធរង្វង់វាគឺស្តើងណាស់សព្វថ្ងៃនេះ។

ភពសៅរ៍ត្រូវបានគេរកឃើញជាលើកដំបូងនៅឆ្នាំ១៦១០ ដោយ កាលីលេ ប៉ុន្តែពេលនោះគេមិនច្បាស់ថាភពសៅរ៍មានប្រព័ន្ធរង្វង់ ឬអត់នោះទេ លុះដល់ឆ្នាំ១៦៥៩ ទើបតារាវិទូជនជាតិហូឡង់ឈ្មោះ Christiaan Huygens ដឹងថាភពនេះត្រូវបានគ្របដោយប្រព័ន្ធរង្វង់ដ៏ធំ។ យ៉ាងណាមិញប្រព័ន្ធរង្វង់នៅតែជាអាថ៌កំបាំងសម្រាប់ពួកអ្នកវិទ្យាសាស្ត្រ ប៉ុន្តែក៏មានទ្រឹស្តីមួយបានបង្ហាញថា ប្រព័ន្ធរង្វង់អាចនឹងត្រូវបានកើតឡើងជាលើកដំបូងបន្ទាប់ពី Icy moon តូចៗនៅគន្លងតារាវិថីបានប៉ះគ្នា ហើយបានបែកចេញជាកំទេចល្អិតរាប់លាន។ យ៉ាងណាក៏ដោយ ក្រុមអ្នកស្រាវជ្រាវនៅតែធ្វើការស្រាវជ្រាវបន្ថែមដើម្បីដឹងពីវិធីដែលប្រព័ន្ធរង្វង់នេះផ្លាស់ប្តូរទៅតាមរដូវកាលរបស់ភពសៅរ៍៕

អត្ថបទ៖ លីដា
ប្រភព៖ qz

Share This Post: