អភិបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំបន្ទាន់ ដើម្បីចាត់វិធានការបង្រ្កាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទូទាំងក្រុងភ្នំពេញ
(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃសៅរ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំបន្ទាន់ ដើម្បីចាត់វិធានការបង្រ្កាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទូទាំងរាជធានីភ្នំពេញ។

កិច្ចប្រជុំមានចូលរួមពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឯកឧត្ដមស្នងការនគរបាលរាជធានីភ្នំពេញ ឯកឧត្ដមមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឯកឧត្ដម លោកជំទាវ អភិបាលរងរាជធានីភ្នំពេញ លោក លោកស្រី អភិបាល នៃគណៈអភិបាលខណ្ឌទាំង១៤ និងលោក លោកស្រី ប្រធានគណៈកម្មការផ្សាររដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ។ សូមរំលឹកថានៅព្រឹកថ្ងៃទី១៧ ខែកញ្ញានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសារសម្លេងពិសេសអំពាវនាវដល់ អាជ្ញាធរថ្នាក់ក្រោមជាតិ សមត្ថកិច្ច និងប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងវិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ទូទាំងប្រទេសកម្ពុជា៕


ប្រភពនិងរូបភាព៖ រដ្ឋបាលរាជធានីភ្នំពេញ