ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន៖ រដ្ឋាភិបាលបានចំណាយទឹកប្រាក់ជាង ៨០០លានដុល្លារ ឧបត្ថម្ភប្រាក់ជូនគ្រួសារក្រីក្រ អំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ

BY
Naren
October 1, 2022

(សៀមរាប)៖ នៅព្រឹកថ្ងៃទី០១ ខែតុលា ២០២២ នេះ ក្នុងឱកាសសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលបានចាប់ឆ្នោតស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ទៅរស់នៅក្នុងភូមិធម្មជាតិរុនតាឯក ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ចំនួន ២៨៥៣ គ្រួសារ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលបានដាក់ចេញកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ គិតមកទល់ពេលនេះមានចំនួន១០ជុំ រដ្ឋាភិបាលបានចំណាយទឹកប្រាក់ជាង ៨០០លានដុល្លារ។

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា «យើងបានឧបត្ថម្ភ ជុំទី១០នេះចំណាយថវិកាជាង៨០០ដុល្លារ ចាយថែម៨០០លានដុល្លារទៀតក៏វាអត់ស្មុគដែរ ព្រោះដើម្បីចិញ្ចឹមប្រជាពលរដ្ឋ»។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយក្រសួងសង្គមកិច្ច ក៏បានចាប់ផ្តើមដំណើរការអនុត្តកម្មវិធីនៅថ្ងៃទី២៥ ខែមិថុនា មកដល់បច្ចុប្បន្នបានចំនួន១០ជុំ មាន២៧លើករួចមកហើយ៕

Share This Post: