សម្តេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាល ចាត់ទុកវិស័យឯកជនជាក្បាលរថភ្លើងនៃសេដ្ឋកិច្ចជាតិ តាមរយៈការបង់ពន្ធ និងផ្តល់ការងារជូនប្រជាពលរដ្ឋ
(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថារាជរដ្ឋាភិបាលបានចាត់ទុកវិស័យឯកជនជាក្បាលរថភ្លើងនៃសេដ្ឋកិច្ចជាតិ។ ការរីកចម្រើនរបស់វិស័យឯកជន បានជួយផ្តល់ការងារជូនប្រជាពលរដ្ឋ ហើយរួមចំណែកទ្រទ្រង់សេដ្ឋកិច្ចជាតិ តាមរយៈការបង់ពន្ធផងដែរ។

សម្តេចតេជោ ហ៊ុន សែន បន្ថែមថា «វិស័យឯកជន រីកធំធាត់កាលណា គឺជួយដោះស្រាយបញ្ហាសម្រាប់សេដ្ឋកិច្ចរបស់ប្រទេស តាមរយៈការដោះស្រាយការងារធ្វើ ការបង់ពន្ធវិស័យឯកជនកាន់តែខ្លាំង ការបង់ពន្ធកាន់តែច្រើន។ ការទទួលបានពីការបង់ពន្ធនោះ យើងមានលទ្ធភាពយកទៅវិនិយោគ ធ្វើថ្នល់ ប្រឡាយទឹក សាលារៀន មន្ទីរពេទ្យ និងដំឡើងបៀវត្សមន្ត្រីរាជការរបស់យើង»។
សម្តេចតេជោ នាយករដ្ឋមន្ត្រី មានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីនិងប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដាប្រមាណ ៣,៨៦៦នាក់ ដែលធ្វើឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណជ្រោយចង្វារ(OCIC) នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២៕