ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បុរសម្នាក់រត់ទៅប្តឹងសមត្ថកិច្ចឲ្យជួយថា បាត់ប្រពន្ធ ទទួលដំណឹងថា ត្រូវគេចាប់ ចុងក្រោយទើបដឹងថា ប្រពន្ធប្រឌិតរឿងបែបនេះសោះ

    BY Khmernote Media October 13, 2022
    បុរសម្នាក់រត់ទៅប្តឹងសមត្ថកិច្ចឲ្យជួយថា បាត់ប្រពន្ធ ទទួលដំណឹងថា ត្រូវគេចាប់ ចុងក្រោយទើបដឹងថា ប្រពន្ធប្រឌិតរឿងបែបនេះសោះ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានទទួលពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ ពេន ចាន់ថា បានប្ដឹងបាត់ប្រពន្ធរបស់ខ្លួនឈ្មោះ រី ចន្ថា ដោយទទួលដំណឹងថាត្រូវបានគេចាប់បង្ខាំង ចាប់រំលោភ និងគំរាមសម្លាប់។

    ក្រោយពីបានទទួលបណ្ដឹងភ្លាម នាយកដ្ឋានបានបើកការស្រាវជ្រាវបន្ទាន់ដោយប្រើរយៈពេល ០៣ថ្ងៃ ដោយរកឃើញថា ជារឿងប្រឌិត ការពិតប្រពន្ធរបស់គាត់មិនត្រូវបានគេបង្ខាំងចាប់ទុករំលោភបូក ធ្វើទារុណកម្ម និងគំរាមសម្លាប់នោះទេ។ រឿងដែលកើតមាននេះគឺជា ផែនការរបស់សាមីខ្លួនដែលប្រឌិតរឿងនេះឡើង ដើម្បីគេចវេះពីការដាក់សម្ពាធពីក្រុមគ្រួសារ និងប្ដី ដែលខ្លួនបានស្នើសុំលែងលះគ្នាជាច្រើនដង។

    ដោយមានការសហការជាមួយ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ សមត្ថកិច្ចបានរកឃើញជនរងគ្រោះនៅផ្ទះមិត្តភក្ដិដែលរាប់អានគ្នា។ ជាចុងក្រោយនាយកដ្ឋានបានធ្វើការណែនាំអប់រំ ពីការធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សង្គម ហើយសាមីខ្លួនបានទទួលស្គាល់កំហុសរបស់ខ្លួន ព្រមទាំងធ្វើការសុំទោសជាលាយល័ក្ខណ៍អក្សរចំពោះសមត្ថកិច្ចដោយសន្យាថា នឹងមិនឱ្យមានករណីបែបនេះកើតឡើងជាលើកទី២ទៀតទេ៕

    ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department

    Share This Post: